សម្ភាស​មន្ត្រី​សិទ្ធិ​មនុស្ស​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​ប្ដឹង​រំលាយ​គណបក្ស​ប្រឆាំង

ដោយ តាំង សារ៉ាដា
2017-10-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្រើប្រាស់​យន្តការ​ច្បាប់​ដ៏​ខ្លាំង​របស់​ខ្លួន ដាក់​ទណ្ឌកម្ម​ទៅលើ​ហិរញ្ញវត្ថុ ឬ​ភាគហ៊ុន​របស់​មន្ត្រី និង​គ្រួសារ​នៃ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ភាគហ៊ុន​ក្នុង​សហរដ្ឋអាមេរិក ប្រសិនបើ​លោក ហ៊ុន សែន ហ៊ាន​ដំណើរការ​បោះឆ្នោត ដោយ​អវត្តមាន​គណបក្សប្រឆាំង។ ការ​ព្រមាន​របស់​មន្ត្រី​សិទ្ធិមនុស្ស រូប​នេះ​នៅ​ក្រោយ​ពេល​ដែល​ក្រសួងមហាផ្ទៃ​ដាក់​ពាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចេញពី​បញ្ជី​នយោបាយ។

សូម​​ស្ដាប់​បទសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​ទទួលបន្ទុក កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) ដែល​មាន​សេចក្ដី​ដូចតទៅ​៖

ស្ដាប់​សំឡេង៖

សារ៉ាដា៖ តើ​លោក​មាន​ប្រតិកម្ម​យ៉ាងណា​ដែរ​ចំពោះ​ក្រសួងមហាផ្ទៃ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ទាមទារ​ឲ្យ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​តាម​សំណើ​របស់​គណបក្ស​ចំនួន​២​នោះ​បាទ?

ហ្វីល៖ ច្បាស់​ណាស់​ហើយ​ដែល​លោក ហ៊ុន សែន នៅ​ពីក្រោយ បញ្ហា​នេះ ហើយ​លោក​ជា​អ្នក​សម្រេច​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ការ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង ក្នុង​បំណង​ធ្វើ​បដិវត្តន៍​ស្អី​គេ​នោះ​តាមតែ​ការ​មួលបង្កាច់​ប៉ុណ្ណោះ។ តាម​ពិត​ទៅ លោក ហ៊ុន សែន ចង់​ឈ្នះ​ការបោះឆ្នោត​នៅ​ថ្ងៃ​នេះ​តែម្ដង ដោយ​មិន​ចាំបាច់​ឆ្នាំក្រោយ​នោះ​ឡើយ ដោយសារ​គាត់​ខ្លាច​ចាញ់​ឆ្នោត។ ហេតុដូច្នេះ​ហើយ​បានជា​លោក ហ៊ុន សែន មិន​ឲ្យ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដ៏​មានន័យ នេះ​ឡើយ។

សារ៉ាដា៖ ហេតុអ្វី​បានជា​លោក ហ៊ុន សែន គ្មាន​ភាព​អាម៉ាស់​ទាល់តែ​សោះ ក្នុង​ការ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​បាទ?

ហ្វីល៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួល​អ្នកធ្វើ​ការស្ទង់មតិ​នៅ​មុន​ការ​បោះ ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ មកពី​ប្រទេស​អ៊ីស្រាអែល (Israel) ។ ការស្ទង់មតិ​នោះ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចាញ់​ការបោះឆ្នោត​ទោះបីជា​គ្មាន​វត្តមាន​លោក សម រង្ស៊ី ឬ លោក កឹម សុខា ក៏ដោយ។ វា​ជា​សក្ខីភាព​បង្ហាញ​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​មានការ​ព្រួយបារម្ភ​អំពី​ការ​ឆ្នោត​នេះ ហេតុ​ដូច្នេះ​ហើយ គណបក្ស​ប្រជាជន​ក្រៅពី​ការ​ចង់​បាន​ការ​គាំទ្រ ពី​មហាជន​គាត់​បែរ​ជា បោះពួយ​បំផ្លាញ​ដំណើរការ​បោះឆ្នោត​នេះ​តែម្ដង។ ការ​បំផ្លាញ​ដំណើរការ​បោះឆ្នោត​នេះ គឺ​តាមរយៈ​ការរំលោភ​សិទ្ធិមនុស្ស បំភិតបំភ័យ​ប្រជាពលរដ្ឋ ការ​ប្រើប្រាស់​ច្បាប់​ដ៏​អន់ថយ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ ការវាយប្រហារ​មក​ប្រធាន​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ទាំងឡាយ។ នេះ​គឺជា​ការ​បង្ក្រាប ទាំងស្រុង​ជា​ទ្រង់ទ្រាយ​ធំ​តែម្ដង។ ហើយ​លោក ហ៊ុន សែន បាន​កាច់ ចង្កូត​ចេញពី​គន្លង​ប្រជាធិបតេយ្យ ចាប់​យក​ការដឹកនាំ​បែប​ផ្ដាច់ការ​វិញ​។

សារ៉ាដា៖ ដូច​លោក​បាន​ដឹង​ហើយ​ថា សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​របស់ សហរដ្ឋអាមេរិក គឺ​លោក ចន ម៉ាក់ឃែន (John MacCain) និង លោក ឌីក ឌើប៊ិន (Dick Durbin) បាន​ធ្វើ​សេចក្ដី​ព្រាង​នៃ​សេចក្ដី​សម្រេច​ដើម្បី​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កំពុង​យាយី និង​កំពុង​ធ្វើទុក្ខបុកម្នេញ​មក​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន​ទាំងឡាយ។ តើ​លោក​យល់ថា​សេចក្ដី​សម្រេច របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងនេះ​មាន​ប្រសិទ្ធភាព​ដែរ​ទេ?

ហ្វីល៖ ខ្ញុំ​គិត​ថា សេចក្ដី​សម្រេច​នេះ​គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​គួរ​តែ​ធ្វើ​អ្វី​ឲ្យ​បាន​លើស​ពី​នេះ​ទៀត។ អ្វី​ដែល​ជា​ចំនុច សំខាន់​បំផុត​នោះ​គឺ តំណាងរាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក​ទាំងនោះ គួរ​យក​ច្បាប់ គ្លូបបល ម៊ែកនិកស្គី (Global global Magnitsky Act) ដែល​ជា ច្បាប់​មួយ​ចែង​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ឬ​ក្រុម​ជន​ទាំងឡាយ​ណា ដែល​រំលោភ​សិទ្ធិមនុស្ស​ដែល​ទើប​ត្រូវ​បាន អនុម័ត​កាលពី​ឆ្នាំមុន ហើយ​ចូល​ជា​ធរមាន​ដោយ​រដ្ឋបាល​លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។ ច្បាប់​ដ៏​ខ្លាំង​មួយ​នេះ​គឺ​អាច​ដាក់ទណ្ឌកម្ម ដោយ​ផ្ទាល់​ទៅលើ​មន្ត្រី ឬ​គ្រួសារ​របស់​មន្ត្រី នៃ​រដ្ឋាភិបាល​បរទេស ទាំងឡាយ​ណា​ដែល​ជា​ប់​ពាក់ព័ន្ធ នឹង​អំពី​ពុករលួយ​និង​ការរំលោភ សិទ្ធិមនុស្ស។ ច្បាប់​នេះ​មានអំណាច​បង្កក ហិរញ្ញវត្ថុ​របស់​ពួកគេ ដែល​មាន​នៅ​ក្នុង​សហរដ្ឋអាមេរិក ឬ VISA មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​ជាដើម។

សារ៉ាដា៖ បើ​ទោះ​បី​ជា​មានការ​រិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ក្នុង​ពេល​ថ្មីៗ​នេះ​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន ហាក់​មិន​ខ្វល់ខ្វាយ នោះ​ឡើយ​ខណៈ​លោក​កំពុង​ចាប់ដៃ​ខ្លាំង​ជាមួយ​ប្រទេស​ចិន ដើម្បី​អាច ឲ្យ​លោក​បង្កើន​ល្បឿន​យកឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាងមុខ។ តើ​លោក​យល់ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ មុន​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ដែរ​ទេ ប្រសិនបើ​អវត្តមាន គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ?

ហ្វីល៖ ខ្ញុំ​គិត​ថា សហគមន៍​អន្តរជាតិ​ចាត់​ទុក​ការ​បោះឆ្នោត​ជាតិ នៅ​ពេល​ខាងមុខ​នឹង​មិន​សេរី យុត្តិធម៌​នោះ​ឡើយ។ ខ្ញុំ​គិត​ថា សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ចាយ​ថវិកា និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ជាច្រើន​ណាស់ ដើម្បី​រៀបចំ​ការបោះឆ្នោត ហើយ​អ្នក​ទាំង​នេះ ក៏​ជួយ​ខ្លាំង​ណាស់​ដែរ​ដល់​ការបោះឆ្នោត​ឃុំ-សង្កាត់​ពី​ពេល​កន្លង​មក។ ខ្ញុំ គិត​ថា ពួកគេ​គួរ​បញ្ចប់​ផ្ដល់​ជំនួយ​របស់​ខ្លួន​ទៀត​ទៅ ប្រសិន បើ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។ លោក ហ៊ុន សែន កំពុង​បំផ្លាញ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ពេល​នេះ​តែម្ដង។

សារ៉ាដា៖ តើ​លោក​មាន​អនុសាសន៍​យ៉ាង​ណា​ដែរ​ដល់​សហគមន៍ អន្តរជាតិ​ទាំងនោះ ?

ហ្វីល៖ ពួកគេ​គួរ​តែ​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​ទៅ​ក្រុម​មេដឹកនាំ​នៃ​គណបក្ស​កាន់​អំណាច ឬ​សមាជិក​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។ ការ​ដាក់​ទណ្ឌកម្ម​នេះ​គួរ​តែ​ធ្វើឡើង​សំដៅ​ទៅ​លើ​បុគ្គល​មួយ​ចំនួន ប៉ុន្តែ​មិនមែន​ដាក់ទណ្ឌកម្ម​ទៅលើ​ពលរដ្ឋ​ទូទៅ​នោះ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្មាន​កំហុស​ឡើយ។ ការ​ដាក់​ទណ្ឌកម្ម នេះ​ដើម្បី​ឲ្យ​ពួកគេ​រាងចាល​អំពី​បទល្មើស​រំលោភ​សិទ្ធិ​មនុស្ស អំពី​ពុករលួយ និង​បទឧក្រិដ្ឋ​កម្ម​នានា ដែល​ពួក​ក្រុម​មន្ត្រី​ទាំងនេះ​បាន ប្រព្រឹត្ត​កន្លងមក។ ហើយ​អោយ​ពួកគេ​ដឹង​ថា លទ្ធផល​នៃ​ការរំលោភ​សិទ្ធិមនុស្ស នឹង​មិន​អាច​ទទួល​បាន​ការ​កោត​សរសើរ​នោះ​ទេ តែ​ជា​ការ​ផ្ដន្ទាទោស​ទៅវិញ។

សារ៉ាដា៖ កាលៈទេសៈ​បច្ចុប្បន្ន​នេះ​លោក ហ៊ុន សែន កំពុង​សម្រុក​យក​ឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាងមុខ​តែ​ម្នាក់​ឯង​តាមរយៈ ការ​ហែហម​របស់​គណ​បក្ស​អាម៉ីអាថោង​របស់​លោក តើ​សហគមន៍ អន្តរជាតិ​នឹង​ទទួលស្គាល់​ការបោះឆ្នោត​បែប នេះ​បាន​ដែរ​ទេ?

ហ្វីល៖ ខ្ញុំ​សូម​ជម្រាប​ប្រាប់​លោក​ថា ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ នេះ គឺ​គ្រាន់តែ​ជា​កំប្លុកកំប្លែង​ប៉ុណ្ណោះ ជា​កំប្លុកកំប្លែង ដ៏​អន់ថយ​ខ្លាំង​ណាស់​។ ការ​បោះឆ្នោត​នេះ​នឹង​គ្មាន​ការ​ទទួល​ស្គាល់ ដោយ​សហគមន៍​អន្តជាតិ វា​នឹង​គ្មាន​ការ​ទទួលស្គាល់​ដោយ​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ឡើយ​។ នៅ​ពេល​ដែល​ក្រុម​វិនិយោគ ទន់​បរទេស និង​ក្រុម​អ្នក​ផ្ដល់​ជំនួយ​ដើរចេញ​ពី​កម្ពុជា​អស់​ទៅ ពេលនោះ​ប្រជាពលរដ្ឋ​មាន​មនុស្ស​ម្នាក់​ដែល​ត្រូវ​ស្ដី​បន្ទោស ជន​នោះ​គឺ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល