អ្នកទោសដែលត្រូវបានដោះលែង និងបន្ធូរបន្ថយទោសនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៥ នេះ មានប្រមាណជិត ៧០០នាក់។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល រិះគន់ថា ចំណាត់ការនេះមានភាពមិនប្រក្រតីច្រើន ដូចជាមានករណីពុករលួយជាថ្នូរនឹងការដោះលែង ទោះជាមានព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រក្ដី។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅឆ្នាំ២០១៥ នេះ ព្រះមហាក្សត្របានព្រះរាជទានការលើកលែងទោសដល់ទណ្ឌិតចំនួន ១០២នាក់ ហើយទណ្ឌិតចំនួន ៥៧៨នាក់ផ្សេងទៀត ត្រូវបានបន្ធូរបន្ថយទោសកាលពីថ្ងៃទី២៣ ខែវិច្ឆិកា។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការលើកលែងទោសនោះ គឺមានការវាយតម្លៃល្អិតល្អន់ចាប់ពីក្រុមការងារវាយតម្លៃក្នុងពន្ធនាគារ និងគណៈកម្មការថ្នាក់ខេត្ត រហូតដល់គណៈកម្មការថ្នាក់ជាតិ។ ការលើកលែងទោសនេះ លោកបដិសេធថា មិនមានការរើសអើងនយោបាយឡើយ៖ «មិនមានការរើសអើងអីទេ ព្រោះថា យើងពិនិត្យជាលក្ខណៈទូទៅ អោយតែគ្រប់លក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលអាចទទួលបាន គឺយើងនឹងផ្ដល់ឱកាសលើកលែងទោស និងបន្ធូរបន្ថយទោស។ លក្ខខណ្ឌមួយទៀត គឺទណ្ឌិតទាំងអស់នោះ លុះត្រាតែមានសាលក្រមស្ថាពរ ឬហៅថា មានសេចក្ដីសម្រេចរួចទៅហើយ»។
ទាក់ទងនឹងការដោះលែងអ្នកទោសនាឱកាសពិធីបុណ្យផ្សេងៗនោះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា អ្នកទោសនយោបាយគេមិនដែលបានស្នើឲ្យដោះលែងឡើយ ដោយសំអាងថា អ្នកនយោបាយ និងសកម្មជនបក្សប្រឆាំងដែលជាប់ពន្ធនាគារក្រោមហេតុផលនយោបាយ គឺមានតែច្រកចេញតាមរយៈដំណោះស្រាយនយោបាយនោះទេ។
ការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនៅកម្ពុជា ត្រូវបានធ្វើឡើង ៣ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ បុណ្យចូលឆ្នាំខ្មែរ និងក្នុងព្រះរាជពិធីបុណ្យអុំទូក។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា គណៈកម្មការវាយតម្លៃក្នុងការលែងអ្នកទោស និងបន្ធូរបន្ថយទោសនៅមានភាពមិនប្រក្រតីច្រើន។ មិនប្រក្រតីដោយសារមានទណ្ឌិត និងពិរុទ្ធជនរអ៊ូរទាំថា ពួកគាត់មានលក្ខខណ្ឌបន្ធូរបន្ថយទោសដូចគេដែរ ប៉ុន្តែពួកគាត់គ្មានឈ្មោះនៅក្នុងបញ្ជី ដោយសារគ្មានលុយកាក់សម្រាប់សូកប៉ាន់។ លោក អំ សំអាត ថា បញ្ហាពុករលួយនេះ កើតមានឡើងរៀងរាល់ពេលលើកលែងទោសម្តងៗ៖ «គួរតែមានគណៈកម្មការឯករាជ្យដំបូងមួយ ព្រោះថា បច្ចុប្បន្នយើងឃើញថា ភាគច្រើនពឹងផ្អែកតែទៅលើរបាយការណ៍នៃការវាយតម្លៃរបស់ប្រធាន ពន្ធនាគារ ហើយទៅបានដាក់ចូលគណៈកម្មការខេត្ត និងគណៈកម្មការជាតិ ធ្វើការវាយតម្លៃដើម្បីជម្រុះនៅក្នុងបញ្ជីឈ្មោះដែលបានផ្ញើទៅ អ៊ីចឹងវាអត់មានភាពសុក្រឹត យុត្តិធម៌ និងតម្លាភាព។ យើងចង់ឲ្យបង្កើតនូវគណៈកម្មការមួយដែលមានតម្លាភាព និងសុក្រឹត ដើម្បីជៀសវាងការរិះគន់ ឬក៏អំពើពុករលួយនៅក្នុងនោះ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ឈ្មោះអ្នកទោសដែលត្រូវយកមកពិភាក្សាសម្រាប់ដោះលែង គឺជាទណ្ឌិតដែលបានកែខ្លួន និងអនុវត្តទោសបាន ២ភាគ៣នៃទោសសរុប ទើបអាចដោះលែងបាន។ ចំណែកទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស លុះត្រាបានអនុវត្តទោស ១ភាគ៣ នៃទោសសរុប។ លោកសង្ឃឹមថា អតីតអ្នកទោសនឹងកែខ្លួនឲ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
