មន្ត្រីកងរាជអាវុធហត្ថ និងជាអ្នកបើកបនល្បែងស៊ីសងខុសច្បាប់នៅក្រុងប៉ោយប៉ែត បានគំរាមកំហែងផ្ទួនៗគ្នាទៅលើអ្នកកាសែត និងធ្វើឲ្យខូចខាតទ្វារទីស្នាក់ការសមាគម។ សកម្មភាពនេះ កើតមានឡើងក្រោយពួកគេបានសរសេរអត្ថបទព័ត៌មាន ចុះផ្សាយពីការបើកល្បែងស៊ីសងខុសច្បាប់របស់មន្ត្រីកងរាជអាវុធនោះរួចមក។
ក្រុមអ្នកសារព័ត៌មានតំបន់ជាយដែនខ្មែរ-ថៃ សម្ដែងការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងបានអំពាវនាវសុំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ ក្រោយពីម្ចាស់បនល្បែងខុសច្បាប់មួយនៅក្រុងប៉ោយប៉ែត បានគំរាមកំហែងផ្ទួនៗគ្នាទៅលើអ្នកកាសែត។
ប្រធានសមាគមការពារអ្នកសារព័ត៌មានជាយដែន លោក ពេជ្រ សុវណ្ណរ៉ា ថ្លែងនៅថ្ងៃទី១៥ កុម្ភៈ ថា បុគ្គលឈ្មោះ អ៊ឹង ឈី ជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រៅពីធ្វើសកម្មភាពគំរាមទៅលើអ្នកកាសែត ហើយទៅវាយបំផ្លាញទ្វារទីស្នាក់ការអ្នកកាសែតទាំងយប់ថែមទៀត។
លោកថា កាលពីព្រឹកថ្ងៃទី១២ លោក អ៊ឹង ឈី បានចាប់ក្របួចកអាវអ្នកកាសែតមនសិការខ្មែរម្នាក់ចេញពីក្នុងរថយន្ត និងនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ បុគ្គលដដែលនេះបានជិះរថយន្តធុនទំនើប ទៅទាញបំផ្លាញទ្វារទីស្នាក់ការសមាគមការពារអ្នកសារព័ត៌មានជាយដែន បណ្ដាលឲ្យខូចខាតថែមទៀត៖ «ក្របួចកអាវ លោក អ៊ុង ថាប់រាំង ហើយបន្ទាប់មក មករករឿងអ្នកសារព័ត៌មានដល់ទីស្នាក់ការ។ ហើយមកបំផ្លាញទ្រព្យសម្បត្តិ វាទាញទ្វាររុងរ៉ាវៗ ផ្អើលគេអ្នកភូមិជិតខាង គេស្មានថាជនពាលណាមករកធ្វើឃាតអ្នកកាសែតហើយ ទ្វារចាក់សោ អត់មានអ្នកដេកផង យើងដេកផ្ទះគ្រប់គ្នា ដាច់ត្រចៀកទ្វារអស់មួយ អាមួយដាច់ អាមួយប្រេះ។ វាគំរាមកំហែងលើសិទ្ធិសេរីភាពលើអ្នកសារព័ត៌មាន។ អ៊ឹង ឈី មកមិនដឹងប៉ុន្មាននាក់ទេ ប៉ុន្តែបើកឡានធុនទំនើបពណ៌សហ្នឹងតម្លៃជិត ១០ម៉ឺនដុល្លារ អ្នកមានលុយ និងជាមន្ត្រីប៉េអិមម្នាក់តែអន់ចរិត»។
ការគំរាមកំហែង និងការវាយបំផ្លាញទ្វារទីស្នាក់ការសមាគមអ្នកកាសែតនេះ កើតមានឡើងជាបន្តបន្ទាប់ ក្រោយអ្នកសារព័ត៌មានបានសរសេរអត្ថបទមួយចុះផ្សាយពីសកម្មភាពបើកបនល្បែងស៊ីសងខុសច្បាប់ នៅផ្ទះរបស់ លោក អ៊ឹង ឈី មិនមានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបនោះឡើយ។
លោក អ៊ុង ថាប់រាំង ជាភ្នាក់ងារសារព័ត៌មានកាសែតមនសិការខ្មែរ។ កាលពីថ្ងៃទី១២ កុម្ភៈ ក៏ត្រូវឈ្មោះ អ៊ឹង ឈី បើករថយន្តកាក់ពីមុខ ហើយចុះទៅចាប់ក្របួចកអាវចេញពីក្នុងរថយន្ត និងប្រើពាក្យសម្ដីគំរាមកំហែងថែមទៀត។
ភ្នាក់ងារសារព័ត៌មានមនសិការខ្មែរ គ្រោងប្ដឹងករណីនេះទៅតុលាការខេត្តបន្ទាយមានជ័យ នៅដើមសប្ដាហ៍ក្រោយនេះ។ ទោះយ៉ាងនេះក្ដី អ្នកកាសែតទាំងនោះបានសម្ដែងការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយបានអំពាវនាវសុំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយការពារដល់សុវត្ថិភាពរបស់ពួកគេ។
លោកឧត្ដមសេនីយ៍ ខេង ស៊ុំ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លោកនឹងអន្តរាគមន៍លើករណីនេះទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើល និងដោះស្រាយបញ្ហា៖ «ចាំខ្ញុំប្រាប់ទៅមេបញ្ជាការកងរាជអាវុធហត្ថ ឲ្យគាត់អន្តរាគមន៍ ឲ្យគាត់ជួយចាត់ចែងបញ្ហាហ្នឹងឲ្យបានល្អ»។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឱ បូរិន កាលពីថ្ងៃទី១៤ កុម្ភៈ បានបដិសេធថា ឈ្មោះ អ៊ឹង ឈី ពុំមែនមន្ត្រីកងរាជអាវុធហត្ថនៅក្នុងអង្គភាពខេត្តបន្ទាយមានជ័យ នោះឡើយ។
ទាក់ទិនបុគ្គលឈ្មោះ អ៊ឹង ឈី គំរាមទៅលើអ្នកកាសែតផ្ទួនៗគ្នានេះ លោក គោ ស៊ុំ សារឿត ជាអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងថា ករណីគំរាមទៅលើអ្នកកាសែតនេះ ជាអំពើខុសច្បាប់៖ «បើសិនមានករណីហ្នឹង វាជាការខុសច្បាប់ហើយ មានសិទ្ធិណាទៅចាប់ទាញកអាវគេ មានសិទ្ធិណាទៅទាញទ្វារផ្ទះគេ។ អាហ្នឹងជាការខុសច្បាប់ ប៉ុន្តែថា កម្រិតប៉ុណ្ណា ច្បាប់គេមានចែង យើងមិនអាចថា ថ្កោលទោសកាត់ទោសអីកើត អាហ្នឹងមានតែតុលាការ តែបើអត់មានបង្ករបួសស្នាមអីទេ អាហ្នឹងខ្ញុំគិតថា ប្រហែលជាទោសរដ្ឋប្បវេណី អាចសម្របសម្រួលគ្នាបាន»។
ពាក់ព័ន្ធទៅការបើកបនល្បែងស៊ីសងនៅលំនៅឋានរបស់ លោក អ៊ឹង ឈី និងករណីមេបញ្ជាការរងកងរាជអាវុធហត្ថម្នាក់ទៀត បើកកន្លែងចាក់បាល់តាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងខេត្តបន្ទាយមានជ័យ នោះ លោកបានប្រាប់ទៅឲ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឲ្យមានវិធានការទប់ស្កាត់។
កន្លងទៅនេះ មិនមែនមានតែក្រុមអ្នកកាសែតទេដែលសរសេរអត្ថបទចុះផ្សាយពីសកម្មភាពបើកបនល្បែងស៊ីសងខុសច្បាប់ នៅក្រុងប៉ោយប៉ែត សូម្បីតែប្រជាពលរដ្ឋក៏បានលើកឡើងពីបញ្ហានេះដែរ។ អ្នកទៅលេងល្បែងស៊ីសងនៅលំនៅឋានរបស់ លោក អ៊ឹង ឈី គឺមានតាំងពីមន្ត្រីសាលាក្រុងប៉ោយប៉ែត និងមន្ត្រីកងកម្លាំងសមត្ថកិច្ច បូករួមទាំងក្រុមអ្នករកស៊ីមានលុយកាក់ជាច្រើននាក់ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
