របាយការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា បង្ហាញថា ការគំរាមកំហែងមកលើអ្នកសារព័ត៌មានមានការកើតឡើងនៅក្នុងឆ្នាំ២០១៥ នេះ មានចំនួនរហូត ១២ករណី។ ចំនួននេះកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលមានតែ ៤ករណីប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ តំណាងអ្នកសារព័ត៌មានព្រួយបារម្ភថា ការបន្តគំរាមកំហែងអ្នកសារព័ត៌មាននឹងប៉ះពាល់ខ្លាំងដល់អ្នកសារព័ត៌មានពេលចុះបំពេញការងារតាមវិជ្ជាជីវៈ។
របាយការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា ការកើនឡើងនៃការគំរាមកំហែងមកលើអ្នកសារព័ត៌មានដែលកើតឡើងរហូត ១២ករណី ក្នុងឆ្នាំ២០១៥ នោះ។ ក្លឹបអ្នកកាសែតរកឃើញថា អ្នកយកព័ត៌មានមួយចំនួននៅកម្ពុជា ត្រូវរងនូវការវាយដំ ឬត្រូវគេហាមឃាត់ ឬចាប់ឃាត់ខ្លួនមួយរយៈ រួមទាំងការដកហូតម៉ាស៊ីនថតសំឡេង និងថតរូប និងការរារាំងមិនឲ្យអ្នកសារព័ត៌មានបំពេញការងាររបស់ពួកគេបានជាដើម។
របាយការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ត្រូវបានបង្ហាញឡើងនៅក្នុងវេទិកានិពន្ធនាយកលើកទី១២ ស្ដីពីការកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញ (Online) និងការគំរាមកំហែងកម្មសិទ្ធិបញ្ញាដែលរៀបចំឡើងនៅថ្ងៃទី១២ ខែធ្នូ នារាជធានីភ្នំពេញ។
ប្រធានក្លឹបអ្នកការសែតកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា មូលហេតុនៃការគំរាមកំហែងមកលើអ្នកសារព័ត៌មានកើនឡើងនៅក្នុងឆ្នាំ២០១៥ គឺមានកត្តាពីរសំខាន់ៗ ទី១ ការគំរាមកំហែងក្នុងពេលអ្នកសារព័ត៌មានចុះបំពេញការងារតាមវិជ្ជាជីវៈ និងការគំរាមកំហែងដោយប្រយោលពីសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ៖ «ការកើនឡើងមានកត្តា ទីមួយអាកប្បកិរិយារបស់បុគ្គល អាចជាអាជ្ញាធរ អាចជាឈ្មួញ និងកត្តាទី២ ក៏មានអ្នកសារព័ត៌មានមួយចំនួន គាត់មិនអនុវត្តតាមក្រមសីលធម៌ ដើម្បីបំពេញប្រយោជន៍របស់ខ្លួន»។
លោក ប៉ែន បូណា បន្តថា នៅពេលអ្នកសារព័ត៌មានរងការគំរាមកំហែង មិនត្រឹមតែប៉ះពាល់ខ្លាំងដល់វិជ្ជាជីវៈប៉ុណ្ណោះ និងប៉ះពាល់ខ្លាំងដល់ប្រយោជន៍សង្គមជាតិផងដែរ។ លោកជំរុញឲ្យបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែផ្ដល់តម្លៃដល់វិស័យសារព័ត៌មាន។
ឆ្លើយតបនឹងទៅនឹងករណីនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ផុស សុវណ្ណ មានប្រសាសន៍ថា កន្លងមកការគំរាមកំហែងមកលើអ្នកសារព័ត៌មាន ភាគច្រើនដោយសារតែអ្នកសារព័ត៌មានមួយចំនួនមិនទាន់គោរពវិជ្ជាជីវៈរបស់ខ្លួននៅឡើយ។ លោកថា ដូចករណីអ្នកសារព័ត៌មានខ្លះ ធ្វើការងារច្រើនកន្លែងជាដើម។ បញ្ហានេះ កន្លងមកក្រសួងតែងចេញសេចក្ដីថ្លែងការណ៍ ឬធ្វើការអន្តរាគមន៍ផ្សេងៗ ចំពោះអ្នកព័ត៌មានណាដែលមានវិជ្ជាជីវៈ និងបានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួង៖ «វិធានការមានតែមួយគត់ គឺយើងថាអប់រំឲ្យអ្នកសារព័ត៌មានយើងចេះ ដើម្បីគាត់ចេះដឹងតាមវិជ្ជាជីវៈទៅ គាត់លែងប្រព្រឹត្តខុសហើយ»។
របាយការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ស្ដីពីស្ថានភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០១៥ ឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៥ នេះ មានបណ្ដឹងចំពោះអ្នកសារព័ត៌មាន ៥ករណី បើប្រៀបធៀបឆ្នាំ២០១៤ មានតែ ២ករណី។ ទន្ទឹមនោះ បញ្ហានិទ្ទណ្ឌភាពនៅតែជាកង្វល់សម្រាប់អ្នកសារព័ត៌មាន បើទោះជាឆ្នាំនេះគ្មានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានសម្លាប់ក៏ដោយចុះ។
របាយការណ៍ដដែលឲ្យដឹងទៀតថា ការឃាត់ខ្លួន និងចាប់ខ្លួនអ្នកសារព័ត៌មាននៅឆ្នាំនេះ កើតមានចំនួន ២១ករណី (២១នាក់) ក្នុងនោះការចាប់ខ្លួនក្រោមបទចោទថា បានយកតួនាទីជាអ្នកសារព័ត៌មានទៅជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ឬក្រុមឈ្មួញរកស៊ីខុសច្បាប់មានចំនួន ១៣នាក់ ខណៈអ្នកសារព័ត៌មាន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរយៈខ្លីពេលបំពេញការងារផងដែរ។ ដោយឡែកអ្នកសារព័ត៌មាន ៤នាក់ទៀតត្រូវបានចាប់ខ្លួនក្រោមបទចោទថា បានប្រព្រឹត្តបទល្មើសផ្សេងៗ។
ករណីនេះ ក្លឹបអ្នកកាសែតកម្ពុជា ក៏បានអំពាវនាវដល់ក្រុមសមត្ថកិច្ចអាជ្ញាធរសំខាន់ មន្ត្រីអនុវត្តច្បាប់ឲ្យពិចារណា និងស្រាវជ្រាវឲ្យបានជាក់ស្ដែង និងយុត្តិធម៌លើសំណុំរឿងទាំងឡាយដែលចោទប្រកាន់មកលើអ្នកកាសែត ដើម្បីបង្ហាញនូវតម្លាភាព និងផ្ដល់យុត្តិធម៌សម្រាប់អ្នកសារព័ត៌មានកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
