អ្នកសារព័ត៌មាន រួមមានវិទ្យុ កាសែត និងទូរទស្សន៍ដែលកំពុងបំពេញភារកិច្ចយកព័ត៌មាននៅខេត្តរតនគិរី ត្អូញត្អែរពីការលំបាកក្នុងការបំពេញវិជ្ជាជីវៈ គ្រាដែលការគំរាមកំហែង និងការរឹតត្បិតសេរីភាពយកព័ត៌មានមកលើអ្នកសារព័ត៌មាននៅតែបន្តកើតមាន។ ចំណែកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំឲ្យអ្នកកាសែតបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងសហការល្អជាមួយក្រសួង ដើម្បីរួមគ្នាការពារសិទ្ធិសេរីភាពនៃការបំពេញវិជ្ជាជីវៈនេះ។
ការត្អូញត្អែរនេះ កើតមានឡើងក្នុងឱកាសជួបសំណេះសំណាលរវាងប្រតិភូក្រសួងព័ត៌មាន និងតំណាងអង្គភាពសារព័ត៌មានប្រមាណ ២០នាក់ ដែលកំពុងបំពេញភារកិច្ចយកព័ត៌មាននៅខេត្តរតនគិរី នៅថ្ងៃទី១៦ ខែកុម្ភៈ នេះនៅមន្ទីរព័ត៌មានខេត្ត។
អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក កេត សុធី ថ្លែងថា ជាញឹកញាប់អ្នកយកព័ត៌មានត្រូវក្រុមសមត្ថកិច្ចឈរជើងតាមផ្លូវសាធារណៈ គំរាមមិនឲ្យថតយករូបភាពពីភាពអសកម្មដែលកំពុងកើតមាននៅទីតាំងឈរជើងរបស់ពួកគេ។ លោកដាក់ជាសំណួរថា តើករណីបែបនេះ អ្នកសារព័ត៌មានត្រូវប្រឈមនឹងការបំពេញវិជ្ជាជីវៈបានដោយរបៀបណា?៖ « គាត់មានសកម្មភាពបទល្មើសនៅហ្នឹងហើយ គាត់ហាមមិនឲ្យយើងថត។ តើវាអាចប៉ះពាល់ដល់ ស្ថាប័នមួយហ្នឹង ឬក៏ ជាសិទ្ធិសេរីភាព របស់គាត់ ក្នុង ការហាម ថត »។
ស្រដៀងគ្នានេះដែរ អ្នកយកព័ត៌មានកាសែតខ្មែរ លោក ទិត ឥសាន្ត បង្ហាញដែរថា អ្នកសារព័ត៌មានតែងរងការចាប់ខ្លួន ឬប្តឹងផ្តល់តាមផ្លូវតុលាការពីក្រុមអ្នកប្រព្រឹត្តិល្មើសច្បាប់ ដោយមានសមត្ថកិច្ចនៅមូលដ្ឋាន គឺជាអ្នកឃុបឃិតធ្វើរបាយការណ៍មិនត្រឹមត្រូវពាក់ព័ន្ធបទចោទអ្នកសារព័ត៌មានដែលសរសេររឿងអាស្រូវរបស់ពួកគេ៖ « សុំស្នើឯកឧត្តមបើក ការស៊ើបអង្កេត ទៅលើ ករណីជាច្រើន ដូចជាការវាយរថយន្តអ្នកកាសែត មិនមែនរឿងលោក សុខ សុវណ្ណ មួយទេ។ ហើយអ្នករងគ្រោះ គឺខ្ញុំតែម្តង »។
ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការចំពោះកិច្ច រួមមានសមាសភាពមន្ត្រីថ្នាក់ក្រសួង និងតំណាងសមាគមអ្នកសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ មានគ្នាសរុប ១១នាក់ ចុះស្រាវជ្រាវរបាយការណ៍របស់ក្រុមអ្នកសារព័ត៌មាន និងអង្គការផ្នែកបរិស្ថានមានគ្នាសរុប ៧នាក់ ដែលអះអាងថាពួកគេរងការប៉ុនប៉ងធ្វើឃាត ដោយសារតែព្យាយាមចុះយកព័ត៌មានពីបទល្មើសព្រៃឈើនៅស្រុកវើនសៃ ខេត្តរតនគិរី។
ប្រធានគណៈកម្មការចំពោះកិច្ច និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់ថា ក្រសួងមិនមែនជាអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ ឬស៊ើបអង្កេតបទល្មើសទាំងឡាយដែលកើតមានចំពោះអ្នកសារព័ត៌មាននោះទេ ក៏ប៉ុន្តែក្រសួងជំនាញមានតួនាទីសម្របសម្រួលស្វែងរកការពិត ដើម្បីជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យសេរីភាពសារព័ត៌មានត្រូវបានគោរព និងអនុវត្តបានល្អប្រសើរនៅកម្ពុជា។ លោកថា អ្នកសារព័ត៌មានត្រូវប្រកាន់ក្រមសីលធម៌ និងវិជ្ជាជីវៈ និងចៀសវាងសកម្មភាពដែលធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គម៖ « កាលណាគេឮថាមានការប៉ុនប៉ងធ្វើឃាតអ្នកកាសែត គេយកទៅការងារគេលើពិភពលោកវាអាក្រក់ហួសហេតុ តាមពិតយើងត្រូវរកឲ្យឃើញកន្លែងហ្នឹង »។
អនុប្រធានសមាគមកម្ពុជា ការពារអ្នកកាសែត និងជាសមាជិកគណៈកម្មការចំពោះកិច្ចនៃក្រសួងព័ត៌មាន លោក ខៀវ ភិរម្យ បញ្ជាក់ថា សមាគមកម្ពុជា ការពារអ្នកកាសែត និងធ្វើរបាយការណ៍ជុំវិញហេតុការណ៍កើតមានចំពោះអ្នកកាសែតនៅខេត្តរតនគិរី ដើម្បីគណៈកម្មការចំពោះកិច្ចបូកសរុបលទ្ធផលដាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេច។ លោកថា អ្នកសារព័ត៌មានគួរសហការជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាការពារផលប្រយោជន៍អ្នកសារព័ត៌មាន៖ « កាលណាយើងធ្វើអ្វីតែម្នាក់ឯង វាអត់រឹងមាំ។ បើយើងធ្វើការជាមួយស្ថាប័នសាធារណៈមួយ កាលណាយើងមានបញ្ហា យើងមានបង្អែក »។
យ៉ាងណាក៏ដោយ ប្រធានគណៈកម្មការចំពោះកិច្ចក្រសួងព័ត៌មាន បញ្ជាក់ថា នឹងបង្ហាញលទ្ធផលនៃការស្រាវជ្រាវរឿងហេតុពាក់ព័ន្ធបណ្ដឹងរបស់ក្រុមអ្នកសារព័ត៌មាន ដែលចោទថាមានគម្រោងប៉ុនប៉ងធ្វើឃាតពួកគេក្នុងពេលចុះយកព័ត៌មានបទល្មើសព្រៃឈើនៅស្រុកវើនសៃ ខេត្តរតនគិរី នាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
