ក្រុម​សិទ្ធិ​មនុស្ស​គ្រោង​ចុះ​អង្កេត​រឿង​ធ្វើ​ទារុណកម្ម​មនុស្ស​និង​រំលោភ​ដី​នៅ​ស្រុក​ឈូក

0:00 / 0:00

ដំណឹង​ពី​ខេត្ត​កំពត ឯ​ណោះ​វិញ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ចំនួន​៤ រួម​មាន​អង្គការ​ផ្នែក​ច្បាប់​ផង គ្រោង​ចុះ​ទៅ​ស៊ើប​អង្កេត​ករណី​ធ្វើ​ទារុណកម្ម និង​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​នៅ​​ស្រុក​ឈូក ពី​សំណាក់​ឈ្មួញ​មាន​អំណាច។ ការ​ចុះ​ស៊ើបអង្កេត​នេះ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​បាន​ចោទ​ថា ឈ្មួញ​ពីរ​នាក់​ប្តី​ប្រពន្ធ​គំរាម​​ពលរដ្ឋ​ចំនួន ១០០​គ្រួសារ​លក់​ដី​ឲ្យ​ថោកៗ និង​​វាយ​ធ្វើ​បាប​​ពលរដ្ឋ​ណា​ដែល​ហ៊ាន​​ប្រឆាំង។

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មេសា ថា អង្គការ​ចំនួន ៤ គឺ​អង្គការ​អាដហុក គណៈកម្មការ​ប្រព្រឹត្តកម្ម ហៅ​កាត់​ថា ច្រាក (CHRAC) សមាគម​ខ្មែរ​កម្ពុជាក្រោម និង​ការិយាល័យ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ឬ​អង្គការ ស៊ីឌីភី (CDP) នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​អភិវឌ្ឍន៍​នៅ​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត នៅ​សប្ដាហ៍​នេះ ដើម្បី​ស៊ើប​អង្កេត​ផ្ទាល់​ជាមួយ​ជនរងគ្រោះ​ចំពោះ​ការ​ចោទ​ប្រកាន់​ករណី​ទាំង​ពីរ​នេះ៖ «យើង​ទៅ​មើល​ទីតាំង​ដី​ជាក់ស្ដែង ហើយ​យើង​នឹង​សាកសួរ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត អ្នក​ដែល​ចាកចេញ​ហើយ​ជាង ៧០​គ្រួសារ ហើយ​អ្នក​នៅ ២០​គ្រួសារ​ដែលគាត់​ទ្រាំរស់​នៅ​ក្នុង​ដី​ហ្នឹង​ដែល​ទៅ​អនាគត តាម​ដែល​យើង​ដឹង​ថា គាត់​នឹង​ត្រូវ​បណ្ដេញ​ចេញ​ដែរ ត្រូវ​ទទួល​រង​ការ​រំលោភ​យក​ដី​ដែរ អ៊ីចឹង​យើង​ទៅ​ជួប​ពួកគាត់​ផ្ទាល់​ទាំង​អស់ ជាពិសេស​យើង​ទៅ​ពិនិត្យ​ទីតាំង ដែល​មាន​ការ​ចោទ​ប្រកាន់​ថា មាន​កាប់​រានដី​ព្រៃ​ប្រហែល​ជាង ១​ពាន់​ហិកតារ»

ការ​ចុះ​ទៅ​ស៊ើបអង្កេត​នេះ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចោទ​ប្រកាន់​ថា មាន​ឈ្មួញ​មាន​ខ្នង​បង្អែក​អ្នក​ធំ នៅ​ពី​ក្រោយ​ខ្នង​ពីរ​នាក់​ប្តី​ប្រពន្ធ ឈ្មោះ អាំ ផល្លីន ជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ​អ្នកស្រី ហ៊ាង គន្ធី បាន​គំរាម​​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ​ឲ្យ​លក់​ដី​ឲ្យ​ថោកៗ និង​បាន​វាយ​ធ្វើ​បាប​​ប្រជាពលរដ្ឋ​ណា​ដែល​ហ៊ាន​ក្រោក​ឈរ​ប្រឆាំង។ ប្រជាពលរដ្ឋ​អះអាង​ថា ឈ្មួញ​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​ទៅ​គំរាម​ធ្វើ​បាប​ពួក​គាត់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​មាន​អាជ្ញាធរ​ណា​ហ៊ាន​ចេញ​មុខ​ដោះស្រាយ។

ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ប្ដឹង​ចោទ​ប្រកាន់​លោក អាំ ផល្លីន និង​អ្នកស្រី ហ៊ាង គន្ធី ដែល​ពួកគាត់​​អះអាង​ថា ជា​ប្រឹក្សា​ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធ​សភា​នោះ ថា​បាន​រំលោភ​យក​ដី​រដ្ឋ​នៅ​តំបន់​នោះ​​ជាង ១​ពាន់​ហិកតារ​ថែម​ទៀត​ផង។

លោក ហេង សឿន ប្រជាពលរដ្ឋ​ម្នាក់​ដែល​​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​កំពត ​ប្ដឹង​ឈ្មួញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា អ្នក​មាន​អំណាច​បាន​ធ្វើទារុណកម្ម​លើ​ខ្លួន​គាត់ ព្រោះ​គាត់​មិន​ព្រម​លក់​ដី​ឲ្យ​នោះ បាន​សម្ដែង​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ព្រោះ​ខ្លាច​គេ​វាយ​ធ្វើ​បាប​ទៀត៖ «អត់​ទាន់​បាន​ទេ លុះត្រា​ធ្វើការ​ចេញ​ចាប់​ពួកវា​បាន​ទើប​ខ្ញុំ​ហ៊ាន​ចូល​ទៅ​នៅ​បាន។ ឥឡូវ​ពួក​វា​នៅ​កំពុង​ស៊ីផឹក​នៅ​កន្លែង​ដី​សម្បទាន​សង្គមកិច្ច​នៅ​ពេញ​ហ្នឹង​ទាំង​អស់​គ្នា​បួន​ដប់​នាក់​ហ្នឹង​ណា។ បាទ! ហើយ​ការ​ឈូស​ឆាយ​ដី​ហ្នឹង​វា​ផ្អាក​ហើយ ផ្អាក​សកម្មភាព​ហើយ អ៊ីចឹង​វា​បង្កើន​ការ​ស៊ី​ផឹក​វិញ»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់​ទង​លោក អាំ ផល្លីន និង​អ្នកស្រី ហ៊ាង គន្ធី បាន​នៅ​ថ្ងៃ​ទី​៧ មេសា ដើម្បី​ផ្ដល់​ឱកាស​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ។

ចំណែក​មេឃុំ​ត្រពាំងភ្លាំង លោក ហ៊ឹម យូខើន បាន​ផ្ដាច់​ទូរស័ព្ទ​នៅ​ពេល​វិទ្យុ​អាស៊ីសេរី សាក​សួរ​​ព័ត៌មាន​អំពី​ករណី​រំលោភ​បំពាន​ទាំង​នេះ។ រី​ឯ​អធិការ​ប៉ូលិស​ស្រុក​ឈូក លោក សំរិទ្ធ សីលាវិបុល ឆ្លើយ​ថា លោក​មិន​បាន​ដឹង​រឿង​នោះ​ទេ ព្រោះ​លោក​បាន​សុំ​​ច្បាប់​សម្រាក​ព្យាបាល​ជំងឺ​យូរ​ហើយ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងភ្លាំង ក្រុម​មន្ត្រី​អង្គការ​​សិទ្ធិ​មនុស្ស​ដែល​ចុះ​ទៅ​ស៊ើប​អង្កេត​ផ្ទាល់​លើក​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ថា ពួកគេ​នឹង​អាច​ប្រឈម​គ្រោះថ្នាក់​ដោយសារ​មាន​ការ​រារាំង​ពី​ក្រុម​មនុស្ស​របស់​ឈ្មួញ​ទិញ​ដី​ដែល​កន្លង​មក​ធ្លាប់​បាញ់​ចម្ពាម​កៅស៊ូ ឬ​ប្រើ​វិធី​ផ្សេងៗ ដើម្បី​រារាំង​ស្ទាក់​ផ្លូវ​មន្ត្រី​មួយ​ចំនួន​ដែល​ព្យាយាម​ចូល​ទៅ​ទីតាំង​ទំនាស់​ដី​នៅ​តំបន់​ព្រៃដាច់​ស្រយាល​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។