លោក នូ ចាន់ បានឲ្យដឹងថា កាលពីឆ្នាំ២០០៧ លោកជាអ្នកយកព័ត៌មានឲ្យកាសែតមាតុភូមិ លោកបានសរសេរអត្ថបទមួយចុះផ្សាយក្នុងកាសែតមាតុភូមិ។ ក្នុងអត្ថបទ លោកបានលើកឡើងពីការឃុបឃិតគ្នារវាងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកំពង់ព្រះគគីរ និងលោកស្មៀនឃុំ ដែលបានយកដីសាធារណៈដែលប្រជាពលរដ្ឋទុកសម្រាប់ឃ្វាលគោក្របី ទៅលក់។
លោកថា ការចុះផ្សាយនាពេលនោះ គឺលោកមានភ័ស្ដុតាងគ្រប់គ្រាន់ តែលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ព្រះគគីរ បែរជាគំរាមលោក ព្រមទាំងដាក់បណ្ដឹងចោទលោកពីបទបរិហារកេរ្តិ៍ទៅវិញ។
ប្រភពពីអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំង ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅមានអ្នកកាសែតជាច្រើននាក់ផ្សេងទៀត ក៏ត្រូវបានតុលាការខេត្តនេះកោះហៅដែរ គឺអ្នកយកព័ត៌មានកាសែតថ្ងៃនេះ លោក មាស សុខា ប្រធានសាខាសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ លោក សួស សុខេន អតីតអ្នកយកព័ត៌មានឲ្យកាសែតអមតៈ បច្ចុប្បន្នជាអ្នកយកព័ត៌មានកាសែតនគរវត្ត ប្រចាំខេត្តពោធិ៍សាត់ លោក ពឹម ពិន និងអ្នកយកព័ត៌មានកាសែតអមតៈម្នាក់ទៀតឈ្មោះ លី ហួ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
