តុលាការ​ខេត្ត​កំពង់ឆ្នាំង​កោះ​ហៅ​មន្ត្រី​​សិទ្ធិ​មនុស្ស​​ក្រោយ​ធ្វើ​សន្និសីទ​កាសែត

បន្ទាប់​ពី​ការ​ធ្វើ​សន្និសីទ​កាសែត​របស់​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​លិខិត​អញ្ជើញ​មួយ​ដល់​មន្ត្រី​សមាគម​ និង​អង្គការ​សិទ្ធិ​មនុស្ស ព្រម​ទាំង​អ្នក​សារព័ត៌មាន​ជាតិ​ជា​ច្រើន​នាក់​ទៀត ឲ្យ​ចូល​ខ្លួន​ទៅ​បក​ស្រាយ​ខ្លឹមសារ និង​ដំណើរ​រឿង​នៃ​សន្និសីទ​កាសែត​នោះ។

0:00 / 0:00

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ជំហរ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ថា ខ្លួន​នឹង​ចូល​ទៅ​បំភ្លឺ​​តាម​​លិខិត​របស់​តុលាការ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ត្រូវ​បាន​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ បន្ទាប់​ពី​ធ្វើ​សន្និសីទ​កាសែត​មួយ​ទាក់ទង​នឹង​ចំណាត់​ការ​របស់​តុលាការ​ក្នុង​រឿង​ក្ដី​បៀតបៀន​កេរ្តិ៍​ភេទ និង​រំលោភ​សេពសន្ថវៈ​កាល​ពី​ពេល​កន្លង​ទៅ។

លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ដីកា ពីព្រោះ​លោក​យល់​ថា ការ​ធ្វើ​សន្និសីទ​កាសែត​កន្លង​ទៅ​វា​មិន​មែន​ជា​កំហុស ឬ​មាន​ភាព​ភ័យ​ខ្លាច​ដែល​ត្រូវ​គេចវេះ​មិន​ឆ្លើយ​បំភ្លឺ​នោះ​ទេ៖ «ខ្ញុំ​អត់​ដែល​មាន​ការ​ភ័យ​ខ្លាច​ទេ ពី​ព្រោះ​រឿង​ដីកា​កោះ​នេះ​មិន​មែន​ជា​លើក​ទី​១ ដែល​យើង​ធ្លាប់​តុលាការ​កោះ​ហៅ​ហ្នឹង​ច្រើន​លើក​មក​ហើយ យើង​មិន​ដឹង​ថា តើ​ព្រះរាជអាជ្ញា​គាត់​កោះហៅ​ហ្នឹង​យើង​មាន​កំហុស​អ្វី​នោះ​ទេ ការ​ធ្វើ​សន្និសីទ​កាសែត គឺ​ជា​សិទ្ធិ​សេរីភាព​ដែល​មាន​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ហើយ អ៊ីចឹង​បែរ​ជា​គាត់​កោះ​ហៅ​ឲ្យ​ឆ្លើយ​បំភ្លឺ​រឿង​ហ្នឹង​វិញ ហើយ​យើង​មាន​ការ​ងឿង​ឆ្ងល់​ដែរ»

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល បាន​ពន្យល់​អំពី​ការ​កោះ​អញ្ជើញ​មន្ត្រី​សមាគម និង​អ្នក​សារព័ត៌មាន​ជាតិ​ឲ្យ​ចូល​ទៅ​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ថា គ្រាន់​តែ​ចង់​ឲ្យ​មន្ត្រី និង​អ្នក​សារព័ត៌មាន​ទាំង​អស់​សិក្សា​ដំណើរ​រឿង​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ធ្វើ​សន្និសីទ​កាសែត និង​ចុះ​ផ្សាយ​ព័ត៌មាន៖ «គ្រាន់​តែ​ហៅ​មក​ដើម្បី​បញ្ជាក់​ឲ្យ​អង្គការ​អាដហុក ទាំង​លីកាដូ ទាំង​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នក​សារព័ត៌មាន​ទាំង​អស់​មុន​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ឬ​ក៏​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​សូម​ឲ្យ​សាកសួរ​អ្នក​ដែល​គេ​កាន់​រឿង​នេះ​ឲ្យ​បាន​ជា​មុន​សិន​មុន​នឹង​លោក​យក​ទៅ​ផ្សាយ​ព័ត៌មាន ព្រោះ​ថា​ធ្វើ​កាល​ណា​លោក​អត់​សួរ​គេ​និយាយ​ទៅ​វា​ប៉ះពាល់​ដល់​កិត្តិយស​របស់​គេ»

លោក​បញ្ជាក់​ថា លោក​បាន​អញ្ជើញ​មន្ដ្រី​សមាគម និង​អ្នក​សារព័ត៌មាន​ជាតិ​ជិត ២០​នាក់ ក្នុង​នោះ​មាន លោក សំ ច័ន្ទគា មន្ត្រី​សមាគម​អាហុក (Adhoc) លោក គង់ ចាន់មុនី មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក ទត គឹមស្រូយ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង ព្រម​ទាំង​អ្នក​សារព័ត៌មាន​ជាតិ​ជា​ច្រើន​នាក់​ទៀត។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​អាហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា ករណី​នេះ គឺ​ជា​រឿង​ថ្មី ហើយ​ចម្លែក​សម្រាប់​លោក ព្រោះ​ថា ប្រសិន​បើ​មន្ត្រី​សមាគម​អាដហុក ធ្វើ​សន្និសីទ​កាសែត​មិន​ពិត តំណាង​អយ្យការ​អាច​ធ្វើ​ការ​ប្ដឹងផ្ដល់​បាន ក៏​ប៉ុន្តែ​គ្រប់​ករណី ដែល​សមាគម​ធ្វើ​សន្និសីទ​កាសែត​សុទ្ធតែ​បាន​ប្រមូល​ព័ត៌មាន​ច្បាស់​លាស់៖ «ព្រះរាជ​អាជ្ញា​ពិនិត្យ​ទៅ​លើ​កំហុស​ឆ្គង​របស់​ខ្លួន​ដែល​កន្លង​មក​បាន​អនុវត្ត​ខុស ខ្ញុំ​ចង់​ជម្រាប​ដែរ​ថា នៅ​ក្នុង​តុលាការ​កំពង់ឆ្នាំង​នេះ មិន​ត្រឹម​តែ​មាន​កំហុស​ឆ្គង​តិចតួច​ប៉ុណ្ណឹង​ទេ គឺ​មាន​រហូត​ទៅ​ដល់​ធ្វើ​ឲ្យ​បាត់​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​សមាគម​អាដហុក យើង​បាន​ដាក់​ប្ដឹង​ការពារ​ក្ដី​ឲ្យ​ជន​រងគ្រោះ​ទៀត ហើយ​មក​ដល់​ពេល​នេះ​តុលាការ​មិន​ទាន់​បាន​រក​ឃើញ​សំណុំ​រឿង​ហ្នឹង​មក​វិញ​ទេ»

លោក នី ចរិយា បញ្ជាក់​ថា ការ​ធ្វើ​សន្និសីទ​ការ​នេះ គឺ​គ្រាន់​តែ​បង្ហាញ​អំពី​ការ​អាក់ខាន ឬ​ការ​ខ្វះខាត​របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ដែល​ពុំ​បាន​ចាត់​វិធានការ​ឲ្យ​បាន​ត្រឹម​ត្រូវ ទៅ​លើ​ករណី​ព្រហ្មទណ្ឌ​មួយ​ចំនួន ហើយ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នោះ​មាន​ភាព​មិន​ច្បាស់​លាស់​យ៉ាង​ណា តំណាង​អយ្យការ​គួរ​ធ្វើ​ការ​ពន្យល់​បកស្រាយ​ជុំវិញ​ករណី​ទាំង​នោះ ជា​ជាង​ហៅ​មន្ត្រី​សមាគម​ទៅ​បក​ស្រាយ​ខ្លឹមសារ​នៃ​សន្និសីទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។