ពលរដ្ឋខ្មែរ-អាមេរិកាំង ក្នុងទីក្រុងអូលីមភៀ (Olympia) រដ្ឋវ៉ាស៊ីនតុន (Washington State) នឹងដឹកនាំធ្វើមហាបាតុកម្មទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយនៅថ្ងៃសុក្រ ទី១០ ខែមិថុនា ខាងមុខ។ ពួកគេក៏ទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការផ្ទេរអំណាចដោយសន្តិវិធី។
លើសពីនេះទៅទៀត ក្រុមពលរដ្ឋខ្មែរ-អាមេរិកាំង ប្រមាណពី ៣០០ ទៅ ៥០០នាក់ ទាំងនេះ ក៏ទាមទារឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
នៅថ្ងៃដដែល អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ក៏គ្រោងដឹកនាំមនុស្សជាង ៣០០នាក់ ធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតដល់មានការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
