សហគមន៍​ជិត​១០​នៅ​ភ្នំពេញ​ទាមទារ​ឲ្យ​ថៃ​គោរព​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលករ

0:00 / 0:00

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​ប្រជាពលរដ្ឋ​ជិត ១០​សហគមន៍ ក្នុង​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​ជូន​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ គោរព​សិទ្ធិ​ពលករ​ខ្មែរ​ដែល​ថៃ ចាប់​បញ្ជូន​ទាំង​បង្ខំ និង​ដឹក​ជញ្ជូន​យក​មក​ចោល​នៅ​ព្រំដែន​ដូច​សត្វ​ធាតុ។ មន្ត្រី​ស្ថានទូត​ថៃ បាន​ចេញ​មក​ទទួល​យក​ញត្តិ​ពី​ពលរដ្ឋ​នៅ​មុខ​ស្ថានទូត និង​សន្យា​ថា​នឹង​ដាក់​ជូន​ឯកអគ្គរាជទូត​ថៃ ពិចារណា។

ក្រុម​អ្នក​ដាក់​ញត្តិ ចាត់​ទុក​សកម្មភាព​ចាប់​បញ្ជូន​ពលករ​ខ្មែរ ផ្ដើម​ដោយ​អាជ្ញាធរ​យោធា​ថៃ ប៉ុន្មាន​សប្ដាហ៍​មក​នេះ ធ្វើ​ឡើង​ដោយ​អមនុស្សធម៌ និង​ហិង្សា ព្រម​ទាំង​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ដាក់​ញត្តិ​ជូន​ស្ថានទូត​ថៃ ពេល​នេះ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ គោរព​សិទ្ធិ​ពលករ​ខ្មែរ និង​មាន​មនុស្សធម៌ ពេល​បញ្ជូន​ពលករ​ខ្មែរ​វិល​មក​កម្ពុជា វិញ។ ជាង​នេះ​ទៀត សុំ​ឲ្យ​អាជ្ញាធរ​ថៃ មុន​នឹង​បញ្ជូន​ពលករ​ខ្មែរ​នា​ថ្ងៃ​ខាង​មុខ ត្រូវ​ផ្តល់​ដំណឹង​មក​ឲ្យ​ស្ថានទូត​កម្ពុជា បាន​ដឹង​មុន និង​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​ពលករ ដែល​ស្លាប់​ពេល​ចាប់​បញ្ជូន​មក​កម្ពុជា ជាដើម។

លោក វន់ ពៅ៖ «រូបភាព​បញ្ជូន​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ដោយ​អាជ្ញាធរ​យោធា​ថៃ យើង​ឃើញ​ថា បញ្ជូន​ដូច​សត្វ​ធាតុ​អ៊ីចឹង ដាក់​ឡាន​ទាំង​ឡានៗ ហើយ​ឡាន​ទាំង​នោះ​ជា​ឡាន​ដឹក​សំរាម និង​ឡាន​ដឹក​អេតចាយ គឺ​មិន​សមរម្យ ហើយ​មិន​មាន​ផ្តល់​ជា​អាហារ​សម្រាប់​ពលករ​ទាំង​នោះ។ ហើយ​អ្នក​ខ្លះ​កំពុង​តែ​ធ្វើ​ការ ហើយ​ត្រូវ​គេ​ចាប់​បញ្ជូន​មក​ដោយ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ផង គឺ​អមនុស្សធម៌ ហើយ​មិន​គោរព​សិទ្ធិ​របស់​ពលករ​កម្ពុជា តែ​ម្តង»

ដូច​គ្នា​ដែរ អ្នកស្រី ទេព វន្នី តំណាង​ស្ត្រី​សហគមន៍​បឹងកក់ ស្ថិត​ក្នុង​ចំណោម​សហគមន៍​ផ្សេង​ទៀត ក៏​បាន​ស្នើ​ឲ្យ​ប្រទេស​ថៃ បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​ពលករ​ខ្មែរ​នា​ថ្ងៃ​អនាគត។ ស្ត្រី​រូប​នេះ​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​យោធា​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ ឲ្យ​វិល​មក​កម្ពុជា វិញ ក្នុង​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ធ្វើ​ឡើង​ដោយ​បង្ខំ និង​ប្រមាថ៖ «យើង​គិត​ថា សូម្បី​តែ​គាត់​ជា​ពលករ​ខ្មែរ​ចំណាក​ស្រុក​ដែល​ទៅ​រក​ស៊ី ឬ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ហ្នឹង ទោះ​ស្រប​ច្បាប់​ក្តី មិន​ស្រប​ច្បាប់​ក្តី យើង​ឃើញ​ថា ក៏​គាត់​មាន​ចំណែក​មួយ​ក្នុង​ការ​ចូលរួម​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ថៃ ឲ្យ​បាន​ដើរ​ល្អ​ប្រសើរ​ផង​ដែរ។ ជា​កម្លាំង​ពលកម្ម​របស់​ពួក​គាត់។ អ៊ីចឹង​សូម​ឲ្យ​គិតគូរ​ដល់​ភាព​ថ្លៃថ្នូរ​ដល់​ពួក​គាត់ និង​ឲ្យ​តម្លៃ​ដល់​ពួក​គាត់​ផង»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា បាន​ចេញ​មក​ទទួល​យក​ញត្តិ ឬ​សំណើ​របស់​បណ្ដាញ​ព្រះសង្ឃ និង​តំណាង​សហគមន៍​ច្រើន​ទៀត ដោយ​សន្យា​ថា​នឹង​យក​សំណូមពរ​របស់​តំណាង​សហគមន៍ ដាក់​ជូន​ឯកអគ្គរាជទូត​ថៃ ពិចារណា។

ការ​ប្រមូល​ផ្តុំ​នេះ កម្លាំង​សន្តិសុខ និង​សមត្ថកិច្ច​ចម្រុះ​រដ្ឋាភិបាល បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ស្ថានទូត​ថៃ រាប់​សិប​នាក់ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​ទេ។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​យោធា​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ចំនួន​ជាង ២​សែន ៣​ម៉ឺន​នាក់​ហើយ ឲ្យ​វិល​មក​កម្ពុជា វិញ។ សកម្មភាព​នេះ នៅ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

បញ្ហា​នេះ​ដែរ មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​ភាគី​ថៃ ឲ្យ​ដឹង​ថា ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​ធ្វើ​យ៉ាង​ណា ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ខុស​ច្បាប់ កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ឲ្យ​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់​នា​ថ្ងៃ​អនាគត។

ទោះ​យ៉ាង​ណា លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បាន​រិះគន់​ទំនាក់ទំនង​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ថៃ ថា​មាន​ភាព​កម្សោយ ទើប​ភាគី​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ទាំង​បង្ខំ​ឲ្យ​វិល​មក​កម្ពុជា វិញ ទាំង​មិន​បាន​ផ្តល់​ដំណឹង​ជា​មុន។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ សម្ដែង​ការ​ខក​ចិត្ត​ពី​របៀប​បញ្ជូន​ពលករ​ខ្មែរ​ដោយ​អាជ្ញាធរ​ថៃ ថា​មាន​លក្ខណៈ​អមនុស្សធម៌ រំលោភ​សិទ្ធិ​មនុស្ស បំភិតបំភ័យ គំរាម​កំហែង បំបាក់​ស្មារតី ធ្វើ​ទារុណកម្ម និង​មាន​បាត់​បង់​អាយុ​ជីវិត​មនុស្ស។ លោក ធន សារាយ សង្កត់​ធ្ងន់​ថា ការ​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​វិល​មក​កម្ពុជា វិញ​របស់​អាជ្ញាធរ​ថៃ ធ្វើ​ឡើង​ដោយ​ប្រមាថ​ដូច​សត្វ​ធាតុ៖ «ប្រទេស​ទទួល​ពលករ​ចំណាក​ស្រុក គួរ​តែ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​សិទ្ធិ​ធ្វើ​ការងារ​ស្រប​ច្បាប់​ឲ្យ​បាន​ច្រើន តាម​តម្រូវ​ការ​នៃ​ទីផ្សារ​ការងារ​របស់​ខ្លួន មិន​ត្រូវ​បណ្ដេញ​ពលករ​ចំណាក​ស្រុក​ដូច​ដែល​បាន​ធ្វើ​កន្លង​មក​នេះ​ទៀត​ទេ»

បន្ថែម​លើ​នេះ សមាគម​អាដហុក ក៏​ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​សោកស្ដាយ ចំពោះ​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ត្រៀម​ចូល​ជា​សហគមន៍​តែ​មួយ និង​មាន​វាសនា​តែ​មួយ​នៅ​ឆ្នាំ​២០១៥ ខាង​មុខ បែរ​ជា​មាន​រដ្ឋ​ជា​សមាជិក​អាស៊ាន​មួយ បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន​នៃ​រដ្ឋ​ផ្សេង​ទៀត នៃ​សហគមន៍​អាស៊ាន​បែប​នេះ។

ទោះ​យ៉ាង​ណា​ក្តី រហូត​មក​ដល់​ពេល​នេះ ប្រទេស​ទាំង​១០ ជា​សមាជិក​អាស៊ាន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មិន​ឃើញ​មាន​ប្រតិកម្ម​អ្វី​បន្តិច​សោះ​ចំពោះ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។