អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី១២ ខែមករា បានផ្ញើលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យលោកលើកយកបញ្ហាខ្មែរកម្ពុជាក្រោម ទៅពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យ៉ុង ក្នុងពេលដែលនាយករដ្ឋមន្ត្រីវៀតណាម រូបនេះ កំពុងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ មករា។
ក្នុងលិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គការសមាគមខ្មែរកម្ពុជាក្រោម បានលើកឡើងថា អង្គការសមាគមខ្មែរកម្ពុជាក្រោម សូមស្នើសម្ដេចមេត្តាលើកយកបញ្ហាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ជូននាយករដ្ឋមន្ត្រីវៀតណាម ដូចដែលភាគីវៀតណាម តែងតែស្នើសុំសម្ដេចឲ្យជួយយកចិត្តទុកដាក់ និងមើលការខុសត្រូវចំពោះជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
អង្គការសមាគមខ្មែរកម្ពុជាក្រោម បានស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពិភាក្សាជាមួយ លោក ង្វៀន តាន់យ៉ុង ចំនួន ៥ចំណុច។ ទី១ សុំឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ៨អង្គ និងនាក់ ដែលត្រូវបានតុលាការប្រជាជនវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារពី ១០ខែ ទៅ ៦ឆ្នាំ។ ទី២ ស្នើឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្សឲ្យបានពេញលេញ ជាពិសេសសិទ្ធិជនជាតិដើម សិទ្ធិក្នុងការរៀនសូត្រ អក្សរសាស្ត្រខ្មែរ និងសិទ្ធិក្នុងការបង្កើតអង្គការសមាគម។ ទី៣ ស្នើបង្កើតកុងស៊ុលកម្ពុជា នៅតាមបណ្ដាខេត្តដែលមានខ្មែរក្រោមរស់នៅច្រើន។ ទី៤ ស្នើឲ្យពុទ្ធសាសនបណ្ឌិត្យរង ដែលមានទីស្នាក់ការនៅខេត្តឃ្លាំង មានដំណើរការឡើងវិញ និងទី៥ គឺស្នើដាក់ស្ថាប័នពុទ្ធសាសនាខ្មែរឲ្យនៅឯករាជ្យ ដូចសម័យកាលគ្រប់គ្រងរបបនយោបាយរបស់ប្រទេសវៀតណាម មុនៗ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានមានប្រសាសន៍នៅថ្ងៃទី១៤ មករា ថា ការស្នើសុំរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ធ្វើឡើងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពិសេស គឺច្បាប់រដ្ឋធម្មនុញ្ញ។ លោកបន្តថា នៅពេលដែលមេដឹកនាំវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា ម្តងៗ គេតែងស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយមើលការខុសត្រូវជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ តែលោកថា ចំណែករដ្ឋាភិបាលកម្ពុជា វិញ ពុំធ្លាប់បានស្នើទៅរដ្ឋាភិបាលវៀតណាម ឲ្យយកចិត្តទុកដាក់ពីខ្មែរក្រោមឡើយ។ លោកថា កត្តានេះហើយទើបនាំឲ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ ជាអាយ៉ងរបស់វៀតណាម។ លោកថា ដើម្បីជម្រះមន្ទិលសង្ស័យលើការចោទប្រកាន់នេះ រដ្ឋាភិបាលកម្ពុជា គួរស្នើទៅរដ្ឋាភិបាលវៀតណាម ដូចដែលភាគីវៀតណាម តែងបានស្នើមកកម្ពុជា អ៊ីចឹងដែរ។
លោក ថាច់ សេដ្ឋា៖ «ឱកាសនេះជាឱកាសមួយដ៏ល្អ សម្រាប់លោកនាយករដ្ឋមន្ត្រី បង្ហាញពីទឹកចិត្តអំពីការដឹកនាំរបស់ខ្លួនហើយ ម្ភៃសាមសិបឆ្នាំហើយ មិនដែលនិយាយរឿងខ្មែរក្រោម។ ឥឡូវគួរតែលោកនិយាយទៅ យោងតាមស្ថានការណ៍បច្ចុប្បន្ននេះ ដែលគេកំពុងតែរិះគន់យ៉ាងខ្លាំង ហើយអ៊ីចឹងហើយ លោកគួរតែអន្តរាគមន៍ដើម្បីឲ្យព្រះសង្ឃកំពុងជាប់ពន្ធនាគារ គេកំពុងធ្វើទារុណកម្ម ឲ្យគាត់មានអន្តរាគមន៍ឲ្យមានប្រសិទ្ធភាព ដើម្បីធ្វើជាប្រវត្តិសាស្ត្រ បើយើងធ្វើបាន គឺជាប្រវត្តិសាស្ត្រក្នុងរបបដឹកនាំម្ភៃសាមសិបឆ្នាំនេះហើយ»។
លោក ថាច់ សេដ្ឋា បានអះអាងថា សំណើមួយចំនួនដែលអង្គការសមាគមខ្មែរកម្ពុជាក្រោម បានស្នើឡើងនៅពេលនេះ មិនមែនជារឿងថ្មីនោះទេ។ លោកថា នៅមុនឆ្នាំ១៩៧៥ ពោល គឺមុនពេលដែលពួកវៀតណាមកុម្មុយនីស្ត ឈ្នះសង្គ្រាមគ្រប់គ្រងវៀតណាម ទាំងមូល ខ្មែរក្រោមមានសាលាពុទ្ធសាសនបណ្ឌិត្យរងនៅខេត្តឃ្លាំង ហើយស្ថាប័នពុទ្ធសាសនាខ្មែរ ក៏មិនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម នោះដែរ។
គេនៅមិនទាន់ដឹងថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកសំណើរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ទៅពិភាក្សាដោះស្រាយជាមួយ លោក ង្វៀន តាន់យ៉ុង ឬក៏យ៉ាងណានោះទេ?
ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បានមានប្រសាសន៍នៅថ្ងៃទី១៤ មករា ថា លោកបានដឹងថា អង្គការសមាគមខ្មែរកម្ពុជាក្រោម បានផ្ញើលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែលោកថា លោកមិនអាចឆ្លើយជំនួសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ៖ «ទៅឆ្លើយអីជំនួសសម្ដេចបានទេ ពីព្រោះលិខិតហ្នឹងដាក់ទៅដាក់សម្ដេចមិនអ៊ីចឹងអី សុំប៉ុណ្ណឹងណា ពីព្រោះខ្ញុំមិនអាចទៅឆ្លើយបានទេ ពីព្រោះមិនថា គាត់នឹងត្រូវឆ្លើយតបយ៉ាងម៉េចអីយ៉ាងម៉េច ព្រោះលិខិតហ្នឹងដាក់ទៅសម្ដេចផ្ទាល់»។
ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ាង សុផល្លែត បានឆ្លើយដោយខ្លីនៅថ្ងៃទី១៤ ខែមករា ថា លោកមិនបានដឹងពីលិខិតរបស់សហគមន៍ខ្មែរកម្ពុជាក្រោមនោះទេ។ លោកថា លោកមិនបានទទួលបន្ទុកការងារផ្នែកនេះឡើយ។
អង្គការសមាគមខ្មែរកម្ពុជាក្រោម បានដាក់លិខិតទៅឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៣ ដើម្បីស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម និងដោះស្រាយបញ្ហាមួយចំនួនទៀត ដែលខ្មែរក្រោម កំពុងជួបប្រទះ។ តែរហូតមកដល់ពេលនេះ នៅពុំទាន់មានការឆ្លើយតបណាមួយពីក្រសួងការបរទេស នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
