មន្ត្រីដឹកនាំអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រកាសថា នៅខួបទី៦៨ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ មិនបានធ្វើពិធីរំឭកខួប ឬមានការជួបជុំគ្នាអ្វីនោះទេ ដោយសារចំថ្ងៃបោះឆ្នោត។ ប៉ុន្តែអង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងប្រារព្ធកម្មវិធីនេះនៅថ្ងៃទី២៤ មិថុនា ខាងមុខវិញ គឺក្រោយការបោះឆ្នោតឃុំ-សង្កាត់។
ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៣ មិថុនា ថា ទោះបីជាមិនមានធ្វើពិធីជួបជុំធំដុំដូចរាល់ឆ្នាំក្តី ក៏ក្រុមអង្គការសមាគមខ្មែរកម្ពុជាក្រោមប្រមាណ ១០ បានចុះហត្ថលេខារួមគ្នាលើញត្តិមួយផ្ញើទៅនាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃច័ន្ទ ទី៥ មិថុនា តាមរយៈក្រសួងការបរទេសកម្ពុជា។
លោក សឺន ជុំជួន បញ្ជាក់ថា ខ្លឹមសារក្នុងញត្តិនោះ គឺស្នើឲ្យរដ្ឋាភិបាលវៀតណាម ពិនិត្យឡើងវិញនូវការរឹតត្បិតសេរីភាពគ្រប់យ៉ាងមកលើពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួនដែលគ្រប់គ្រងដោយអាជ្ញាធរវៀតណាម សព្វថ្ងៃនេះ៖ « យើងមើលឃើញស្ថានភាពជាក់ស្តែង ជាពិសេសទាក់ទងនឹងសេរីភាពលើជំនឿសាសនា អប់រំ សិទ្ធិសេរីភាពបញ្ចេញមតិ ទទួលបានព័ត៌មាន ជាដើម។ បញ្ហាទាំងអស់នេះ ដែលយើងឆ្លុះបញ្ចាំងឃើញថានៅមានការរឹតត្បិត ហើយយើងសូមឲ្យរដ្ឋាភិបាលវៀតណាម ដោះស្រាយតាមរយៈក្រសួងការបរទេសកម្ពុជា »។
ថ្ងៃទី៤ មិថុនា គឺជាថ្ងៃដែលខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរទូទៅផ្សេងទៀតមានការឈឺចាប់ចំពោះការបាត់បង់ជីវិតបុព្វបុរស និងពលរដ្ឋខ្មែរកម្ពុជាក្រោម ជាច្រើន ដើម្បីសេរីភាព និងបុព្វហេតុការពារទឹកដីរបស់ខ្លួន ជាពិសេសការបាត់បង់ទឹកដីកម្ពុជាក្រោមប្រមាណ ២១ខេត្តទៅខាងប្រទេសវៀតណាម ជាអ្នកគ្រប់គ្រង ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺមានរយៈពេល ៦៨ឆ្នាំហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។