ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា គេមិនអាចធ្វើអន្តរាគមន៍ចំពោះការស្នើសុំនេះបានទេ ព្រោះវាជាការរំលោភចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម ប៉ុន្តែអ្នកច្បាប់ និងអង្គការសង្គមស៊ីវិលមួយចំនួនថា វាមិនមែនជាការរំលោភកិច្ចការផ្ទៃក្នុងនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២១ ខែមករា សហគមន៍ខ្មែរកម្ពុជាក្រោម បានលើកឡើងថា ខ្លួនមានការសោកស្ដាយយ៉ាងខ្លាំង ហើយមិនអាចទទួលយកការឆ្លើយតបរបស់ក្រសួងការបរទេសកម្ពុជា បានឡើយ។
អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីចុងខែតុលា ឆ្នាំ២០១៣ បានស្នើទៅក្រសួងការបរទេសកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដោះលែងជាបន្ទាន់ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលត្រូវតុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង ឬវៀតណាម ហៅថា ស្រុកត្រាំង កាត់ទោសឲ្យជាប់ពន្ធនាគារពី ១០ខែទៅ ៦ឆ្នាំ កាលពីខែឧសភា និងខែកញ្ញា ឆ្នាំ២០១៣ ដោយចោទពីបទបំផ្លាញសណ្ដាប់ធ្នាប់សាធារណៈ និងរត់ទៅក្រៅប្រទេស ដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម ប៉ុន្តែអង្គការសមាគមខ្មែរកម្ពុជាក្រោម ថាតុលាការវៀតណាម កាត់ទោសដោយសារពួកគាត់តវ៉ាឲ្យមានការសាងសង់សាលារៀនភាសាខ្មែរក្នុងវត្ត។
នៅក្នុងលិខិតឆ្លើយតបទៅអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី១៧ ខែមករា ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅវៀតណាម គឺជាពលរដ្ឋវៀតណាម ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ច្បាប់វៀតណាម។ លិខិតដដែលលើកឡើងថា កម្ពុជា និងវៀតណាម ជាប្រទេសមានអធិបតេយ្យភាពរៀងៗខ្លួន ហើយរដ្ឋាភិបាលកម្ពុជា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ ដូចនេះ ក្រសួងការបរទេស ពុំអាចធ្វើអន្តរាគមន៍ទៅលើអ្វីដែលជាកិច្ចការផ្ទៃក្នុងរបស់វៀតណាម បានទេ។
សេចក្តីថ្លែងការណ៍សហគមន៍ខ្មែរកម្ពុជាក្រោម បញ្ជាក់ថា យោងតាមច្បាប់អាណានិគមបារាំង ដែលកាត់ទឹកដីកម្ពុជាក្រោម ឲ្យទៅវៀតណាម ត្រួតត្រានៅឆ្នាំ១៩៤៩ ច្បាប់នេះមិនបានដកហូតសញ្ជាតិខ្មែរ ឬមានសាលក្រមពីតុលាការណាមួយលុបសញ្ជាតិខ្មែរពីប្រជារាស្ត្រខ្មែរ ដែលរស់នៅលើទឹកដីកម្ពុជាក្រោមឡើយ។ ចំណែកពលរដ្ឋខ្មែរក្រោមវិញ ត្រូវបានរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ថា ជាសញ្ជាតិខ្មែរពេញលក្ខណៈច្បាប់។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានអះអាងថា ការឆ្លើយតបរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ គឺធ្វើដើម្បីគេចពីការទទួលខុសត្រូវរបស់ខ្លួនប៉ុណ្ណោះ ហើយលោកថា បើដូច្នេះមែន រដ្ឋាភិបាលត្រូវលុបច្បាប់រដ្ឋធម្មនុញ្ញមាត្រា៣៣ ដែលមានចែងពីការគាំពាររបស់រដ្ឋ ចំពោះប្រជាពលរដ្ឋខ្មែរតាមគ្រប់មធ្យោបាយការទូតនោះចោលទៅ។
លោក ថាច់ សេដ្ឋា៖ «ពាក្យថាខ្មែរហ្នឹងវាស្ថិតនៅក្នុងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា មិនមែនយើងធ្វើអីមិនបាន អន្តរាគមន៍មិនបានពីគ្រប់សម័យកាល តាំងពីដើមមកគេតែងអន្តរាគមន៍ ទើបតែ ៧៩ មកនេះទេ ដែលរដ្ឋាភិបាលយើងហ្នឹងហាក់ដូចជាក្រោមគំនាបរបស់យួន ខ្លាចយួន មិនហ៊ាននិយាយប៉ះពាល់ដល់ខ្មែរក្រោម មិនហ៊ានជួយអន្តរាគមន៍នោះ ដូច្នេះការលើកឡើងនេះ មិនត្រឹមត្រូវទេ សម័យព្រះករុណាក៏ធ្លាប់អន្តរាគមន៍អ៊ីចឹងដែរ ជួយដល់ប្រជាពលរដ្ឋខ្មែរអ៊ីចឹងដែរ រហូតដល់មានពុទ្ធសាសនបណ្ឌិត្យរងនៅខាងណោះមករៀនសូត្រ បញ្ជូនគេហៅថាអាហារូបករណ៍ពីហ្នឹងមកហ្នឹងទៀត ហើយមានរំលោភអីអាហ្នឹង មិត្តភាពគេតាំងពីដើមមកគេមានអ៊ីចឹង»។
ទាក់ទងនឹងការលើកឡើងរបស់ក្រសួងការបរទេស ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា បណ្ឌិត ហ៊ាង ឫទ្ធី បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ត្រូវតែមានកាតព្វកិច្ចធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម។ លោកថា ពលរដ្ឋខ្មែរក្រោមនៅវៀតណាម ជាអ្នកមានដើមកំណើតនៅទីនោះ មិនមែនជាខ្មែរដែលត្រូវកម្ពុជា បញ្ជូនឲ្យទៅនៅក្រោមការគ្រប់គ្រងរបស់វៀតណាម នោះឡើយ។ លោកថា អាស្រ័យហេតុនេះ រដ្ឋាភិបាលកម្ពុជា មានសិទ្ធិយកចិត្តទុកដាក់ការពារ និងស្វែងរកយុត្តិធម៌ឲ្យពួកគាត់។
បណ្ឌិត ហ៊ាង ឫទ្ធី អះអាងថា អន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជា ជួយខ្មែរក្រោម មិនអាចចាត់ទុកថា ជាការរំលោភចូលកិច្ចការផ្ទៃក្នុង ឬរំលោភលើអធិបតេយ្យភាពប្រទេសវៀតណាម នោះឡើយ។ លោកថា អ្វីដែលខ្មែរក្រោមស្នើនេះ គឺក្នុងនាមជាអន្តរាគមន៍ផ្នែកមនុស្សធម៌ និងក្នុងនាមជាខ្មែរដូចគ្នា ព្រោះថាខ្មែរក្រោម គឺជាខ្មែរ ហើយត្រូវបានការពារដោយច្បាប់កម្ពុជា៖ «មិនមែនជាការរំលោភទេ បើសិនជាឧទាហរណ៍ដូចជាយួន គេចាប់ជនជាតិយួន គ្នាគេ យើងស្នើសុំទៅវារំលោភលើអធិបតេយ្យរបស់គេហើយ ក៏ប៉ុន្តែបើយួន ចាប់ខ្មែរ ធ្វើបាបខ្មែរ មិនមែនជាការរំលោភអធិបតេយ្យទេ ពួកហ្នឹងជាខ្មែរ ដើមកំណើត គឺជាខ្មែរ ហើយគេក៏មិនបានចូលសញ្ជាតិយួន អីដែរ គេនៅតែជាខ្មែរដដែល ដោយសាររងគ្រោះបារាំង កាត់ទឹកដីនេះ ២១ខេត្តក្រុង ឲ្យទៅយួន ប៉ុណ្ណោះ»។
បណ្ឌិតផ្នែកច្បាប់ដដែល ក៏បានកត់សម្គាល់ដែរថា ក្នុងរឿងខ្មែរក្រោមនេះ ពេលខ្លះច្បាប់កម្ពុជា មិនបានអនុញ្ញាត តែរដ្ឋាភិបាលកម្ពុជា បែរជាអាចធ្វើបានទៅវិញ៖ «យើងមើលឃើញហើយថា រដ្ឋាភិបាលខ្មែរគេមានការដឹងគុណអំពី ៧ មករា ស្ដីពីយួន ឈ្លានពានចូលមកទឹកដីកម្ពុជា ហើយយើងប្រកាសថា កម្ពុជា និងវៀតណាម ហ្នឹង គឺបងប្អូនដងកេត (Daon Ket) គ្នាម៉ឺនណាំ (Nam) អីបាន ប៉ុន្តែត្រង់ជនជាតិខ្មែរខ្លួន យ៉ាងណាមិញដូចជាព្រះសង្ឃ ទឹម សាខន ជាដើម ព្រះសង្ឃ ទឹម សាខន គឺជាព្រះសង្ឃរបស់ខ្មែរសាសនាព្រះពុទ្ធ ហើយថាយើងបញ្ជូនខ្លួនព្រះសង្ឃឲ្យទៅយួន ដាក់គុក ក្នុងរដ្ឋធម្មនុញ្ញចែងថា ការនិរទេសខ្លួនជនជាតិរបស់ខ្មែរទៅឲ្យប្រទេសដទៃទៀត អាចធ្វើទៅបាន លុះត្រាតែច្បាប់អនុញ្ញាតមានន័យថា ច្បាប់រដ្ឋធម្មនុញ្ញអត់អនុញ្ញាតទេ»។
នាយកប្រតិបត្តិអង្គការការពារសិទ្ធិជនជាតិភាគតិច លោក អាង ច័ន្ទឫទ្ធិ បានទទួលស្គាល់ថា ខ្មែរក្រោមពិតជាស្ថិតក្រោមច្បាប់ និងក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម មែន ប៉ុន្តែលោកថា រដ្ឋាភិបាលកម្ពុជា ត្រូវមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការការពារពួកគាត់។ លោកថា ការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា ដូចនេះ វាហាក់ដូចជារដ្ឋាភិបាលកម្ពុជា កំពុងតែបោះបង់ពលរដ្ឋខ្មែរក្រោមទាំងនោះចោលតែម្តង។
លោក អាង ច័ន្ទឫទ្ធី៖ «ច្បាប់ជាតិយើងបានចែងច្បាស់ណាស់ទាក់ទងនឹងការការពារ និងគាំពារពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាក់ស្តែង គឺពលរដ្ឋខ្មែរយើង ខ្មែរក្រោមរស់នៅប្រទេសវៀតណាម ហ្នឹង គឺរដ្ឋាភិបាលកន្លងមកបានទទួលស្គាល់ហើយថា ជាពលរដ្ឋខ្មែរ ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៣ ក៏ដូចជាច្បាប់សញ្ជាតិមាត្រា២ ដល់មាត្រា៦ ក៏បានចែងច្បាស់ដែរថា ពលរដ្ឋខ្មែរដែលរស់នៅប្រទេសខាងក្រៅ គឺជាប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការឆ្លើយតបរបស់រដ្ឋាភិបាលហ្នឹង គឺមិនបញ្ជាក់ថារដ្ឋាភិបាលខ្មែរហ្នឹង ធ្វើការការពារដល់ពលរដ្ឋខ្លួនទៅតាមច្បាប់របស់ខ្លួនបានទេ»។
លោក អាង ច័ន្ទឫទ្ធី កត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នហាក់ដូចជាខ្លាចអំណាចរបស់រដ្ឋាភិបាលវៀតណាម។ លោកថា នៅពេលមានដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំមកកម្ពុជា ម្តងៗ មេដឹកនាំវៀតណាម តែងបានស្នើសុំរដ្ឋាភិបាលកម្ពុជា ឲ្យជួយការពារផលប្រយោជន៍របស់ក្រុមហ៊ុនវៀតណាម ឬជួយការពារពលរដ្ឋវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា ឬដែលកើតលើទឹកដីកម្ពុជា។ ហើយរដ្ឋាភិបាលខ្មែរ តែងតែទទួលយកនូវសំណូមពរ ហើយជួយការពារតាមច្បាប់។ ប៉ុន្តែលោកថា នៅពេលដែលខ្មែរក្រោមនៅវៀតណាម មានបញ្ហា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាមិនហ៊ានជួយអន្តរាគមន៍ទៅវិញ។
លោក អាង ច័ន្ទឫទ្ធី៖ «គាត់អាចធ្វើបាន ប៉ុន្តែវាមិនឃើញជាឆន្ទៈរដ្ឋាភិបាលទេ បើតាមការសង្កេតរបស់ខ្ញុំកន្លងមក ដែលអង្គការសមាគមខ្មែរក្រោមបានស្នើសុំទៅក្រសួងការបរទេស តាំងពីប៉ុន្មានឆ្នាំកន្លងមក ក៏ដូចជាថ្មីៗហ្នឹង គឺថាមិនមានឃើញឆន្ទៈរដ្ឋាភិបាលហ្នឹងការជួយដោះស្រាយទប់ស្កាត់នូវបញ្ហារបស់ខ្មែរក្រោមទេ ដូច្នេះខ្ញុំគិតថា ហាក់ដូចជាទុកឲ្យពួកគាត់ជាមនុស្សត្រូវគេបោះបង់ចោល»។
អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី១២ ខែមករា ពោល គឺចំថ្ងៃដំណើរទស្សនកិច្ចមកកម្ពុជា របស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យ៉ុង (Nguyen Tan Dung) បានផ្ញើលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំលោកឲ្យលើកយកបញ្ហាការកាត់ទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម រួមទាំងបញ្ហាមួយចំនួនផ្សេងទៀត ពិភាក្សាផ្ទាល់ជាមួយ លោក ង្វៀន តាន់យ៉ុង។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលជាអ្នកសរសេរលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី២២ មករា ថា លោកមិនដឹងថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកសំណើខ្មែរក្រោមទៅពិភាក្សាជាមួយ លោក ង្វៀន តាន់យ៉ុង ឬក៏យ៉ាងណានោះទេ។ ហើយលោកក៏មិនបានទទួលដំណឹងឆ្លើយតបពីមន្ត្រីរដ្ឋាភិបាល ជុំវិញបញ្ហានេះនៅឡើយដែរ។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងមិនដកថយចំពោះការទាមទារស្វែងរកដំណោះស្រាយឲ្យដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ឡើយ។ លោកថា អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីចាត់វិធានការបន្តទៀត ហើយលោកក៏សុំឲ្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ឲ្យបានច្បាស់ថា តើប្រជារាស្ត្រខ្មែរក្រោម ជាខ្មែរ ឬជាអ្វី?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
