វៀតណាម​ឃាត់​ខ្លួន​ព្រះសង្ឃ​និង​យុវជន​មិន​ឲ្យ​ទៅ​ចូលរួម​បុណ្យ​កឋិន​នៅ​កម្ពុជា​ក្រោម

0:00 / 0:00

អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ក្រមួនស ឬ​វៀតណាម ហៅ​ថា ខេត្ត​កៀងយ៉ាង (Kien Giang) បាន​បណ្ដេញ​ព្រះសង្ឃ​ខ្មែរ​ក្រោម ពលរដ្ឋ និង​យុវជន ប្រមាណ ១៣​នាក់ ដែល​ធ្វើ​ដំណើរ​ពី​កម្ពុជា ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​ទីនោះ ឲ្យ​ត្រឡប់​មក​កម្ពុជា វិញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា។

ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​សួរ​ចម្លើយ​ជាច្រើន​ម៉ោង មុន​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ។ ចំណែក​វត្ថុ​មាន​តម្លៃ​របស់​ពួក​គេ​មួយ​ចំនួន ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម រឹប​អូស​យក។

ព្រះសង្ឃ ពលរដ្ឋ​ខ្មែរ​ក្រោម និង​យុវជន​កម្ពុជា សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​អាជ្ញាធរ​វៀតណាម ដែល​ពួក​គេ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​មិន​គប្បី គំរាម​កំហែង និង​រំលោភ​លើ​សិទ្ធិ​សេរីភាព​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។

ព្រះសង្ឃ​ខ្មែរ​ក្រោម សព្វថ្ងៃ​គង់​នៅ​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ គឹម វិសាល ព្រះអង្គ​មាន​ថេរ​ដីកា​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី​២៤ តុលា ព្រះអង្គ និង​ព្រះសង្ឃ ៤​អង្គ ព្រម​ទាំង​ពលរដ្ឋ និង​យុវជន ៨​នាក់​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​ព្រះអង្គ​នៅ​ខេត្ត​ក្រមួនស កម្ពុជា​ក្រោម ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​ទីនោះ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ តុលា។

ព្រះតេជព្រះគុណ គឹម វិសាល មាន​ថេរ​ដីកា​បន្ត​ថា នៅ​ថ្ងៃ​ទី​២៧ តុលា ពេល​ដែល​ព្រះអង្គ​កំពុង​ជួយ​រៀបចំ​វត្ត​អារាម​ដើម្បី​ធ្វើ​ពិធី​បុណ្យ ស្រាប់​តែ​អាជ្ញាធរ​វៀតណាម ទៅ​ដល់​សួរ​នាំ​ព្រះអង្គ។ ក្រោយ​មក ពួក​គេ​បាន​ហៅ​ព្រះចៅ​អធិការ​វត្ត​មក​ជួប ដើម្បី​សាកសួរ​បន្ថែម​ពី​វត្តមាន​របស់​ព្រះសង្ឃ​ដែល​និមន្ត​ទៅ​ពី​កម្ពុជា។ ព្រះតេជព្រះគុណ គឹម វិសាល មាន​ថេរ​ដីកា​បន្ថែម​ថា លុះ​បន្ទាប់​មក ស្រាប់​តែ​អាជ្ញាធរ​វៀតណាម បាន​បង្ខំ​ឲ្យ​ព្រះចៅ​អធិការ​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ ដែល​មាន​ខ្លឹមសារ​បញ្ជាក់​ថា ព្រះសង្ឃ និង​ពលរដ្ឋ​មក​ពី​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ពិធី​បុណ្យ​ឡើយ ហើយ​ថា ព្រះចៅ​អធិការ​វត្ត​ត្រូវ​ទទួល​ខុស​ត្រូវ និង​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ប្រសិន​បើ​បន្ត​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ស្នាក់នៅ៖ «គេ​បង្ហាញ​ច្បាប់​របស់​ប្រទេស​គេ​ថា បើ​ជន​បរទេស​ណា​ចង់​មក​ធ្វើ​បុណ្យ​នៅ​ទឹក​ដី​វៀតណាម​ខាង​ត្បូង​ហ្នឹង ត្រូវ​សុំ​អនុញ្ញាត​លិខិត​មួយ​ខែ​មុន​ទៅ​ក្រសួង​ធម្មការ​ត្រុង អឿង (Trung Oung)។ កាល​ណា​ក្រសួង​ធម្មការ​ហ្នឹង​អនុញ្ញាត ទើប​ជន​បរទេស​ចូល​ទៅ​ក្នុង​ហ្នឹង​បាន ហើយ​គេ​ថា​កន​អាត្មា​អត់​បាន​សុំ​ច្បាប់​គេ ដែល​ចូល​ទៅ​ធ្វើ​ពិធី​បុណ្យ​ហ្នឹង»

ព្រះតេជព្រះគុណ គឹម វិសាល មាន​ថេរ​ដីកា​ថា ដោយ​ខ្លាច​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​វៀតណាម ព្រះចៅ​អធិការ​វត្ត​ក៏​សុំ​អង្វរ​ព្រះអង្គ​ឲ្យ​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​វៀតណាម ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ។ ទោះ​យ៉ាង​ណា ព្រះអង្គ​ថា ព្រះអង្គ​បាន​សុំ​អង្វរ​អាជ្ញាធរ​វៀតណាម ឲ្យ​នៅ​រហូត​ទាល់​ចប់​បុណ្យ​សិន ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ជា​ដាច់​ខាត៖ «កន​អាត្មា​ក៏​សួរ​ទៅ​អាជ្ញាធរ​ដែរ បើ​អាត្មា​សុំ​នៅ​ក្នុង​ពិធី​បុណ្យ​ហ្នឹង អាត្មា​មិន​ចេញ​ចូលរួម​ទេ អាត្មា​នៅ​ក្នុង​កុដិ​បាន​អត់ កន​គាត់​ថា​ឲ្យ​តែ​នៅ​ក្នុង​បរិវេណ​វត្ត​ពេល​ណា គេ​ចាប់​ពេល​ហ្នឹង ហើយ​អ៊ីចឹង កន​អាត្មា​ត្រូវ​ចាក​ចេញ​តាំង​ពី​យប់​ហ្នឹង​ទៅ​សឹង​នៅ​ផ្ទះ​ញោម​អាត្មា ព្រឹក​ឡើង​មក​ស្រុក​ខ្មែរ​វិញ ដល់​មក​ហ្នឹង​គេ​មាន​ចារកម្ម​គេ​ហ្នឹង​នៅ​តាម​ឡាន​រហូត​ទៅ​ដល់​ស្រុក​ហាទៀង (Ha Tien) ហ្នឹង ដល់​ព្រំដែន គេ​ចាប់​យក​តែ​ម្តង គេ​បញ្ជូន​ទៅ​ប៉ូលិស​ស្រុក​តែ​ម្តង»

គឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស​នេះ​ហើយ ដែល​ព្រះតេជព្រះគុណ គឹម វិសាល ថា ព្រះអង្គ និង​ព្រះសង្ឃ ៤​អង្គ ព្រម​ទាំង​ពលរដ្ឋ ៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​នគរបាល​វៀតណាម សួរ​ចម្លើយ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ពី​គ្នា​ចាប់​តាំង​ពី​ម៉ោង ១១​ថ្ងៃ​ត្រង់​រហូត​ដល់ ៨​យប់ ទើប​ដឹក​មក​ដាក់​នៅ​ព្រំដែន​វិញ។ ព្រះតេជព្រះគុណ គឹម វិសាល ថា ក្នុង​ពេល​សួរ​ចម្លើយ​នោះ នគរបាល​វៀតណាម បាន​ដក​ហូត​សម្ភារៈ​មាន​តម្លៃ​មួយ​ចំនួន​ពី​ព្រះសង្ឃ និង​ពលរដ្ឋ រួម​មាន​ទូរស័ព្ទ​ដៃ​ចំនួន ៦​គ្រឿង ម៉ាស៊ីន​អាយភែត (iPad) ២​គ្រឿង ស៊ីមកាត​ទូរស័ព្ទ យូអែសប៊ី (USB) និង​សៀវភៅ​កត់ត្រា​ផ្សេងៗ។ លើស​ពី​នេះ មាន​អ្នក​ខ្លះ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​អស់​ជាច្រើន​លាន​ដុង​ទៀត​ផង។ អាជ្ញាធរ​វៀតណាម ចោទ​ប្រកាន់​ពួក​គាត់​ថា ឆ្លង​ដែន​ខុស​ច្បាប់​យក​រូបថត​ទៅ​ចែក​ចាយ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា នៅ​ក្រៅ​ប្រទេស ព្រម​ទាំង​បំផ្លើស​ព័ត៌មាន​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ប្រទេស​វៀតណាម។ ព្រះតេជព្រះគុណ គឹម វិសាល ថា នគរបាល​វៀតណាម បាន​បង្ខំ​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ​ទទួល​យក​ការ​ចោទ​ប្រកាន់​ទាំងអស់​នេះ ហើយ​ថា ប្រសិន​បើ​មិន​ព្រម​ទទួល​ស្គាល់​នោះ​ទេ ពួក​គេ​នឹង​មិន​ដោះ​លែង​ឡើយ។ ទោះ​យ៉ាង​ណា ព្រះតេជព្រះគុណ គឹម វិសាល ថា អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​នោះ សុទ្ធ​តែ​ក្រដាស​ស្នាម​ឆ្លង​ដែន​ត្រឹមត្រូវ​ទាំងអស់។

កញ្ញា អៀ វណ្ណនាថ សព្វថ្ងៃ​ជា​សមាជិក​អង្គការ​ទស្សនៈ​យុវជន​ខ្មែរ​ដែល​អះអាង​ថា ទើប​ទៅ​លេង​ទឹក​ដី​កម្ពុជា​ក្រោម លើក​ដំបូង​នោះ រៀបរាប់​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ពេល​សួរ​ចម្លើយ​នោះ នគរបាល​វៀតណាម បាន​សួរ​ពី​គ្រប់​សកម្មភាព​ទាំងអស់​ដែល​កញ្ញា​បាន​ចូលរួម​តាំង​ពី​សកម្មភាព​សង្គម និង​នយោបាយ។ លើស​ពី​នេះ កញ្ញា​ថា នគរបាល​ស្រី​វៀតណាម បាន​ឆែក​កញ្ញា​គ្រប់​កន្លែង​ទាំងអស់ ខ្លាច​ក្រែង​កញ្ញា​មាន​លាក់​សម្ភារៈ​ថត​សំឡេង ឬ​សម្ភារៈ​ផ្ទុក​ឯកសារ​ផ្សេងៗ៖ «គេ​ឆែកឆេរ​ទាំង​សព្វ កាបូប​លុយ​ក៏​គេ​ឆែក កាតាប​ស្ពាយ​ធម្មតា​ក៏​គេ​ឆែក ហើយ​សម្លៀកបំពាក់ គឺ​គេ​ជជុះ​រលាស់​ទាំងអស់ ទាំង​សម្លៀកបំពាក់​ក្នុង​ក្រៅ​របស់​យើង​ហ្នឹង គឺ​មាន​ការ​ស្ទាប​ច្របាច់​មើល ក្រែង​យើង​មាន​លាក់​របស់​អី ហើយ​ចំពោះ​ខោ​អាវ គឺ​គេ​ដោះ​យើង​ទាំងអស់​ហ្មង ហើយ​អ្នក​ខ្លះ​មាន​ការ​បង្វិល​ឲ្យ​មើល​ដូច​ថា ខ្លាច​យើង​មាន​លាក់​កន្លុកកន្លៀត​កន្លែង​ណា​ក្នុង​ខ្លួន​របស់​យើង គេ​មិន​និយាយ​ទេ គេ​មិន​និយាយ​ថា​ឆែក​រក​អី​ទេ គ្រាន់​តែ​គេ​សុំ​ឆែក​អ៊ីចឹង​ហ្មង»

កញ្ញា អៀ វណ្ណនាថ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម នេះ​ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ទូទៅ មិន​ថា​ខ្មែរ​ក្រោម ឬ​ខ្មែរ​កណ្ដាល​ឡើយ។ កញ្ញា​កត់​សម្គាល់​ថា ចំពោះ​ជន​បរទេស​ផ្សេង​ទៀត​ដែល​មាន​លិខិត​ស្នាម​ដូច​ក្រុម​កញ្ញា​ដែរ​នោះ ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ឃាត់​ខ្លួន​សួរ​ចម្លើយ​ផាក​ពិន័យ និង​ដក​ហូត​ទ្រព្យ​សម្បត្តិ​ឡើយ។ កញ្ញា​ថា សកម្មភាព​ទាំងអស់​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា អាជ្ញាធរ​វៀតណាម កំពុង​តែ​រើសអើង​ចំពោះ​ជាតិ​សាសន៍​ខ្មែរ​យ៉ាង​ខ្លាំង។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ តុលា។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ថ្លែង​ថា លោក​មិន​អាច​ធ្វើ​អធិប្បាយ​លើ​ករណី​នេះ​បាន​ទេ ដោយ​លោក​អះអាង​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ។

រីឯ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (adhoc) លោក នី ចរិយា យល់​ថា ទង្វើ​របស់​អាជ្ញាធរ​វៀតណាម នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ជាពិសេស​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។ លើស​ពី​នេះ លោក​ថា សកម្មភាព​ទាំងអស់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រកាន់​ជាតិ​សាសន៍​របស់​វៀតណាម មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​តែ​ម្តង។ ចំពោះ​ការ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម វិញ លោក នី ចរិយា បញ្ជាក់​ថា វា​មិន​ខុស​អី​ពី​អំពើ​ប្លន់​នោះ​ទេ៖ «និយាយ​ទៅ​ដោយសារ​តែ​ជនជាតិ​ខ្មែរ​យើង​ដែល​ទៅ​ហ្នឹង ជា​ការ​ឆ្លង​ដែន​មួយ​ដែល​មិន​ខុស​ច្បាប់​ទី​១។ ទី​២ គាត់​ក៏​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដែរ អ៊ីចឹង​ការ​រឹប​អូស​នេះ​មិន​ខុស​អី​ពី​ចោរ​ប្លន់​ទេ គឺ​អាង​តែ​អំណាច​អាជ្ញាធរ​នៃ​ប្រទេស​របស់​ខ្លួន អ៊ីចឹង​រឹប​អូស​របស់​គេ​ស្រេច​ចិត្ត បើ​យើង​និយាយ​ផ្លូវ​ច្បាប់ គឺ​ស្មើ​នឹង​ចោរ​ប្លន់»

លោក នី ចរិយា ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ពិនិត្យ​ឡើង​វិញ និង​គួរ​ស្នើ​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម មើល​ថែ​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​ដែល​រដ្ឋាភិបាល​វៀតណាម តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មើល​ថែ​ពលរដ្ឋ​វៀតណាម នៅ​កម្ពុជា យ៉ាង​ដូច្នេះ​ដែរ។ លោក​ថា បើ​រដ្ឋាភិបាល​កម្ពុជា មិន​ព្រម​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ការពារ​ពលរដ្ឋ​ខ្មែរ​ទេ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា​វៀតណាម មិន​មាន​ភាព​ស្មើ​គ្នា​នោះ​ឡើយ។

របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម ឆ្នាំ​២០១៣ បង្ហាញ​ថា ករណី​រំលោភ​សិទ្ធិ​សេរីភាព​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម មាន​ប្រមាណ ៣០​ករណី ក្នុង​នោះ​មាន​ដូចជា​ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​ដោយ​បង្ខំ ការ​ធ្វើ​ទារុណកម្ម ការ​គាប​សង្កត់​លើ​សិទ្ធិ​ប្រតិបត្តិ​វប្បធម៌ និង​សាសនា ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ទទួល​ព័ត៌មាន ជាដើម។

ស្រដៀង​គ្នា​នេះ របាយការណ៍​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច​ឆ្នាំ​២០១៣ បង្ហាញ​ថា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ញឹកញយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ឃុំ​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត និង​គ្មាន​តំណាង​ផ្នែក​ច្បាប់​អោយ​បាន​ត្រឹមត្រូវ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។