ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមចូលរួមកិច្ចប្រជុំវេទិកាអចិន្ត្រៃយ៍ជនជាតិដើមនៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក ដើម្បីតស៊ូមតិទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅប្រទេសវៀតណាម។
មន្ត្រីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោមចំនួន ២០រូប មកពីអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងកម្ពុជា នឹងចូលរួមវេទិកាអចិន្ត្រៃយ៍ជនជាតិដើមដើម្បីទាមទារសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិសាសនា ការសិក្សាអប់រំ ការការពារស្ត្រី និងកុមារ។ សម្រាប់ឆ្នាំ២០១៤នេះ អង្គការសហប្រជាជាតិ បានជ្រើសរើសប្រធានបទ “គោលការណ៍អភិបាលកិច្ចល្អ ត្រូវធ្វើឲ្យស្របតាមសេចក្ដីប្រកាសអង្គការសហប្រជាជាតិ ត្រង់មាត្រា៣៦ និង ៤៦ ស្ដីពីសិទ្ធិជនជាតិដើម”។ មាត្រា៣ ចែងថា ជនជាតិដើមមានសិទ្ធិសម្រេចលើជោគវាសនាខ្លួនឯង ក្នុងនោះរួមមានសិទ្ធិនយោបាយ សិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវប្បធម៌។ ចំណែកមាត្រាទី៦ ចែងថាជនជាតិដើមមានសិទ្ធិទទួលបានសញ្ជាតិ។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី១២ ឧសភា បញ្ជាក់ថា ប្រតិភូខ្មែរក្រោមនឹងជំរុញឲ្យអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសផ្សេងទៀត ឲ្យយកចិត្តទុក្ខដាក់ផ្ដល់សិទ្ធិផ្នែកសាសានាជូនពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោកបន្តថា នៅខែកក្កដា ឆ្នាំ២០១៤នេះ អ្នករាយការណ៍ពិសេសផ្នែកសាសនារបស់អង្គការសហប្រជាជាតិ នឹងធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិផ្នែកសាសនា។ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងស្នើឲ្យអ្នករាយការណ៍ពិសេសនោះ ទៅស៊ើបអង្កេតករណីអាជ្ញាធរវៀតណាម ចាប់ព្រះសង្ឃខ្មែរក្រោមដាក់ពន្ធនាគារ៖ «បញ្ហាដែលចម្បងនោះត្រង់ថា រដ្ឋាភិបាលវៀតណាមនោះបានចុះហត្ថលេខាទទួលស្គាល់សិទ្ធិមនុស្ស សិទ្ធិសិក្សាអប់រំ សិទ្ធិជនជាតិដើម ប៉ុន្តែមិនបានគោរពសិទ្ធិសាសនា នៅបន្តចាប់ព្រះសង្ឃខ្មែរក្រោម ទោះបីព្រះសង្ឃយើងជួបជុំគ្នានៅទីវត្តអារាម ការរំលោភផ្នែកទៅលើការប្រកាន់ពូជសាសន៍»។
សហព័ន្ធខ្មែរកម្ពុជាក្រោមកាលពីខែមេសា ក៏បានស្នើឲ្យសហរដ្ឋអាមេរិក ធ្វើកិច្ចអន្តរាគមន៍ឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃខ្មែរកម្ពុជាក្រោមពីរអង្គ និងពលរដ្ឋខ្មែរកម្ពុជាក្រោមពីរនាក់ផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសវៀតណាម មុនពេលសហរដ្ឋអាមេរិក ពិចារណាសំណើរបស់ប្រទេសវៀតណាម សុំចូលជាសមាជិកប្រទេសដៃគូពាណិជ្ជកម្មអន្តរ-ប៉ាស៊ីហ្វិក (Trans-Pacific Partnership)។
សហព័ន្ធខ្មែរក្រោមស្នើឲ្យសហរដ្ឋអាមេរិក គាបសង្កត់រដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម និងដោះលែងអ្នកទោសនយោបាយខ្មែរកម្ពុជាក្រោម ប្រសិនបើប្រទេសនេះចង់ចូលរួមជាប្រទេសដៃគូពាណិជ្ជកម្មអន្តរ-ប៉ាស៊ីហ្វិក។ បច្ចុប្បន្នប្រទេសជាសមាជិកដៃគូពាណិជ្ជកម្មអន្តរ-ប៉ាស៊ីហ្វិក រួមមាន ប្រទេសប្រ៊ុយណេ (Brunei) ស៊ីលី (Chile) នូវែលហ្សេឡង់ (New Zealand) និងប្រទេសសិង្ហបុរី ( Singapore)។
លោក ថាច់ ង៉ុកថាច់ សង្ឃឹមថាតាមរយៈវេទិកាជនជាតិដើមនេះអង្គការសហប្រជាជាតិ នឹងធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យផ្អាកការធ្វើទុក្ខបុកម្នេញផ្នែកសាសនាទៅលើខ្មែរកម្ពុជាក្រោមរស់នៅប្រទេសវៀតណាម៖ «យើងទទួលបានគឺពីរធំៗ ទីមួយគឺបានបង្ហាញឲ្យអន្តរជាតិមើលឃើញថា រដ្ឋាភិបាលយួនទោះបីបានចូលជាក្រុមប្រឹក្សាសិទ្ធិមនុស្សក៏ដោយ ក៏នៅបន្តការរំលោភពលរដ្ឋទាំងអស់នៅវៀតណាម ទី២ទៀត ធ្វើឲ្យខ្មែរក្រោមនៅស្រុក និងជុំវិញពិភពលោក បានដឹងបានច្បាស់ថា មានសិទ្ធិគ្រប់គ្រាន់ក្នុងការនិយាយ»។
កាលពីឆ្នាំ២០១៣ តុលាការវៀតណាម បានកាត់ទោសព្រះសង្ឃពីរអង្គ និងពលរដ្ឋខ្មែរក្រោមពីរនាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារពី ១០ខែ ទៅ ៦ឆ្នាំ ដោយចោទពីបទបំផ្លាញសណ្ដាប់ធ្នាប់សាធារណៈ និងរត់ទៅក្រៅប្រទេស ដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម។ ប៉ុន្តែអង្គការសមាគមខ្មែរកម្ពុជាក្រោម អះអាងថា តុលាការវៀតណាម កាត់ទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះ ដោយសារតែបាននាំគ្នាតវ៉ាឲ្យមានការសាងសង់សាលារៀនភាសាខ្មែរក្នុងវត្ត។
របាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សខ្មែរក្រោម កាលពីឆ្នាំ២០១៣ របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម បានបង្ហាញថា ករណីរំលោភសិទ្ធិសេរីភាពលើពលរដ្ឋខ្មែរក្រោម ដែលបានប្រព្រឹត្តដោយអាជ្ញាធររដ្ឋាភិបាលវៀតណាម មានប្រមាណ ៣០ករណី។ ក្នុងនោះមានករណីចាប់ផ្សឹកព្រះសង្ឃដោយបង្ខំ ការធ្វើទារុណកម្មលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ការគាបសង្កត់លើសិទ្ធិប្រតិបត្តិវប្បធម៌ និងសាសនា ការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងទទួលព័ត៌មានជាដើម៕
ណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
