ទាហាន​​​រារាំង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពិនិត្យ​បង្គោល​ព្រំដែន

ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា ធ្លាប់​អះអាង​ថា ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​បាន​គេ​ហាម​ឃាត់​ទេ បើ​ចង់​ទៅ​មើល​បង្គោល​ព្រំដែន។ ក៏ប៉ុន្តែ បែរ​ជា​យោធា​ការពារ​ព្រំដែន​ខាង​ភាគី​កម្ពុជា តែង​ហាម​ប្រាម​ប្រជាពលរដ្ឋ​ណា​ដែល​ចង់​ដឹង​ពី​ខណ្ឌ​សីមា​ប្រទេស​ខ្លួន ផ្ទុយ​ពី​ការ​អះអាង​នេះ​ទៅ​វិញ។
ដោយ ម៉ម មុនីរតន៍
2013-03-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទាហាន​ការពារ​ព្រំដែន​កម្ពុជា ព្យាយាម​រារាំង និង​ថត​រូប​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​ពលរដ្ឋ​ដែល​ចង់​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-ថៃ លេខ​៦៤ នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ត្រង់​ចំណុច​អូអែម ចន្លោះ​ខេត្ត​ចាន់បូរី ប្រទេស​ថៃ និង​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៣។
ទាហាន​ការពារ​ព្រំដែន​កម្ពុជា ព្យាយាម​រារាំង និង​ថត​រូប​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​ពលរដ្ឋ​ដែល​ចង់​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-ថៃ លេខ​៦៤ នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ត្រង់​ចំណុច​អូអែម ចន្លោះ​ខេត្ត​ចាន់បូរី ប្រទេស​ថៃ និង​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Uon Chhin

ជាក់​ស្ដែង បុគ្គលិក​វិទ្យុ​អាស៊ីសេរី ចំនួន ៣​នាក់ ត្រូវ​យោធា​ការពារ​ព្រំដែន​គោក ​៥៣ នៅ​ច្រក​របៀង​បរតាំងស៊ូ ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​បាន​រារាំង​មិន​អនុញ្ញាត​ឲ្យ​ចុះ​ពិនិត្យ​មើល​បង្គោល​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ទេ។

បុគ្គលិក​វិទ្យុ​អាស៊ីសេរី ចំនួន ៣​នាក់ ត្រូវ​បាន​មន្ត្រី​យោធា​ការពារ​ព្រំដែន​វរសេនា​តូច​៥៣៥ នៃ​កងពល​៥៣ រារាំង​មិន​ឲ្យ​ចុះ​មើល​បង្គោល​ព្រំដែន នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដោយ​ចាត់​ទុក​ថា វិទ្យុ​អាស៊ីសេរី ខ្វះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មន្ត្រី​យោធា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

បន្ទាប់​ពី​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី សិក្សា​ពី​ការ​បោះ​បង្គោល​ព្រំដែន ដែល​ចាក់​ពី​បេតុង​លេខ​៦៤ នៅ​ថ្ងៃ​ទី១៨ មីនា ត្រង់​ចំណុច​បរតាំងស៊ូ នៃ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​មេ​បញ្ជាការ​គ២ គឺ​លោក គង់ ធី ទទួល​បន្ទុក​ប្រចាំ​ទិស​បរយ៉ាខា អះអាង​តាម​ទូរស័ព្ទ ដោយ​ចាត់​ទុក​ថា អ្វី​ដែល​អ្នក​រាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី កំពុង​អនុវត្ត​នេះ គឺ​ជា​ផ្នែក​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម និង​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ពីរ។

លោក​គិត​ថា ការ​ចុះ​បំពេញ​បេសកកម្ម​ដោយ​ពុំ​បាន​ជូន​ដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​លើ​ផ្នែក​នេះ គឺ​ជា​កំហុស​ដ៏​ពិត​ប្រាកដ​របស់​វិទ្យុ​អាស៊ីសេរី៖ «មិន​រាយការណ៍​ប្រាប់​មេ ឯង​មើល ទៅ​ធ្វើ​ការ​មិន​សហការ​ជាមួយ​គ្នា។ ចុះ​ឮ​បង​ប្រាប់​បង​ឯង​ថា បង​វែង​ឯង​អត់​ឲ្យ​មក គ្រាន់​តែ​ថត​បង្គោល​ឡាក់ វា​មាន​ស្អី។ អើ​បើ​មាន​បញ្ហា​ទៅ គាត់​មក គាត់​មាន​បញ្ហា​មាន​អ្នក​ទទួល​ខុស​ត្រូវ។ ហេឡូ​មេ ខាង​អាស៊ីសេរី មេ ឥឡូវ​ជួប​គាត់​ទៅ​ជួប​គាត់​ទៅ បាទៗ​ណេះ​បង​ជួប​គាត់​តែ​បណ្ដោយ។ ចុះ​បើ​សិន​គាត់​មក​មាន​បញ្ហា​ថៃ ណា​ម៉េច​ម៉ា​ថៃ អ្នក​ណា​ទទួល​ខុស​ត្រូវ ឯង​អ្នក​ទទួល​ខុស​ត្រូវ។ ក្រុម​ការងារ​ចង់​មក​មើល​បង្គោល​ឡាក់​មួយ​នៅ​នេះ យើង​នៅ​លេខ​៦៤»

ទោះ​ជា​បែប​ណា បង្គោល​ព្រំដែន​មួយ​ចំនួន​ទៀត​ដែល​នៅ​តាម​ខ្សែ​បន្ទាត់​ជាមួយ​គ្នា​នោះ ដូច​ជា​បង្គោល​ឡាក់ ៦២ ៦៣ ៦៥ ៦៦ ៦៧ និង​បង្គោល​ឡាក់​លេខ​៦៨ មិន​ត្រូវ​បាន​មន្ត្រី​យោធា​ការពារ​ព្រំដែន​គោក​អនុញ្ញាត​ឲ្យ​ពិនិត្យ​នោះ​ឡើយ។ ការ​មិន​ឲ្យ​ចុះ​ពិនិត្យ​នេះ ត្រូវ​បាន​មន្ត្រី​ព្រំដែន អះអាង​ថា ព្រោះ​ជា​តំបន់​មិន​ទាន់​បាន​កំណត់​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរ​ច្បាស់​លាស់ និង​ជា​ទីតាំង​គ្រោះ​ថ្នាក់​ដោយ​គ្រាប់​មីន​នៅ​ឡើយ។

ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​ពលរដ្ឋ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចាត់​ទុក​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​តែង​លាក់លៀម​ពលរដ្ឋ​មិន​ចង់​ឲ្យ​ដឹង​ពី​អធិបតីភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន​នោះ​ទេ។

ប្រភព​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ថៃ តែង​លើក​ទឹក​ចិត្ត និង​បើក​ទូលាយ​ឲ្យ​ពលរដ្ឋ​របស់​គេ​ស្វែង​យល់ និង​ស្គាល់​ពី​ព្រំដែន​ជា​ដរាប៖ «ហើយ​បង ខាង​ថៃ គេ​សង្វាត​ចង់​ងាប់ ប្រាក់​ខែ​គេ​ច្រើន ថ្ងៃ​ណា​ក៏​គេ​ដើរ ថ្ងៃ​ណា​ក៏​រុក​អ៊ីចឹង​មក រុក​ចូល​ដី​យើង​ឃាត់​ឃាំង​ប្រជាពលរដ្ឋ​យើង​អ៊ីចឹង។ ទាហាន​យើង ប៉ូលិស​យើង មិន​ដែល​ទៅ​ឃាត់​ឃាំង​ប្រជាពលរដ្ឋ​គេ​ទេ មិន​ដែល​ទៅ​និយាយ​អី​គេ​យ៉ាង​ម៉េច។ យើង​គាប​តែ​ខាង​យើង​វិញ បើ​និយាយ​ទៅ គាប​តែ​ខាង​យើង កុំ​ធ្វើ​អ៊ីចឹង​ប៉ះ​គេ​អី​អ៊ីចឹងៗ ធ្វើ​តែ​ខាង​យើង​អី​អ៊ីចឹង»

ទាក់ទិន​បញ្ហា​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា ធ្លាប់​បាន​អះអាង​ថា រដ្ឋាភិបាល​ពុំ​ដែល​ចង្អៀតចង្អល់​ពលរដ្ឋ​ណា​ម្នាក់​ដែល​ចង់​ដឹង​ចង់​យល់​ពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ៖ «មាន​ដែល​ឮ​ថា​មាន​បទ​បញ្ញត្តិ​ពី​អាជ្ញាធរ ពី​រាជ​រដ្ឋាភិបាល ឬ​ពី​គណៈកម្មការ​ព្រំដែន​ហាម​ឃាត់​ទេ។ យើង​ដឹង​ហើយ​ច្បាប់​នោះ អ្វី​ដែល​ច្បាប់​មិន​ហាម​ឃាត់​នោះ គឺ​ច្បាប់​អនុញ្ញាត​ហើយ។ រឿង​នេះ គេ​រាយការណ៍​ទៅ​លើ ថត​បើ​ថា​នេះ​គេ​ទៅ​បោះ​វិញ មនុស្ស​គេ​ចង់​តែ​ទៅ​មើល មាន​ណា​គេ​ហាម​ឃាត់»

បើ​ទោះ​ជា​គោល​ជំហរ​របស់​រដ្ឋាភិបាល ចាត់​ទុក​បញ្ហា​ព្រំដែន គឺ​ជា​គោល​នយោបាយ​បើក​ចំហ​យ៉ាង​ណា​ក៏ដោយ ក៏ប៉ុន្តែ​ទាំង​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​តែង​បិទ​បាំង​ជា​ដរាប​ចំពោះ​ដំណើរ​ការ​នៃ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បើសិនជាមិនមានការបិទបាំងទេនោះ ហេតុអ្វីក៏មិនអនុញ្ញាតិអោយអ្នក សារព័ត៌ចូលសិក្សា? តើនេះគឺជាទង្វើក្បត់ជាតិលក់ទឹកដីអោយចោរសៀមរឺយ៉ាងម៉េច? សូមជួយពន្យល់ផង!

Apr 22, 2013 11:31 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

The figure of immigration people is always keep secrete too. Keep and Keep until full of that people, finally we all keep in the grave replacing by immigration people. Bravo! Keep secrete!

Mar 20, 2013 12:42 AM

អ្នក​អាន​អនាមិក

WHAT DO YOU THINK? CAMBODIA FOR SALE WHY THEY DON'T STEAL LEFT AND RIGHT? SOONER ALETER GON FROM MAP. BUT WE ARE THE PEOPLE DON'T LET THIS HAPPENED, BECAUSE CURRENT GOVERNMENT IS ANIMAL HEAT.

Mar 19, 2013 12:18 PM

neary

ពី phnom penh

If you go to Thmor Da commune district Veal Veng Pursat Province , you will see that Thai has been taking our land 3 to 4km form and the people there are witness

Mar 19, 2013 08:36 AM

អ្នក​អាន​អនាមិក

ពី បូកគោ

កាលណាអំពើបុករលួយចូលដល់គ្រប់សរសៃខួរក្បាលហើយ អ្នកប្រព្រិត្តលែងដឹងអ្វីទាំង
អស់ កុំថាឡើយដល់ប្រយោជន៍ជាតិទូទៅសូម្បីជីវិតខ្លួនឯងក៏ឈប់រវល់ដែរ។ខ្ញុំនៅចាំបាន
កាលពីសម័យសារធារណរដ្ឋ ពួកទាហានដឹកគ្រាប់ទាំងឡានៗGMCទៅលក់ឱ្យខ្មែរក្រហម
ដឹងថាអាវុធទាំងនេះគេនឹងយកមកបាញ់ក្បាលខ្លួនឯងវិញក៏ដោយ! សត្រូវួ យួន-សៀម
វាដឹងចំណុចខ្សោយរបស់អ្នកដឹកនាំខ្មែរតាងពីកំពូលរហូតដល់បាតក្រោម។​ អ្នកដែលមិន
ដឹងរឿងនេះគឺមានតែមនុស្សមិនពេញលក្ខណៈទេ ដែលសប្បាយនៅក្នុងក្អម!!!

Mar 19, 2013 06:28 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល