ពលការិនី​រាប់រៀប​ពី​ទុក្ខ​លំបាក​និង​ការ​រំលោភ​បំពាន​ពេល​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី

0:00 / 0:00

ពលការិនី​មួយ​ចំនួន​ដែល​ទៅ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ​ថា ពួក​គេ​ត្រូវ​ថៅកែ​សម្លុត​គំរាម​សម្លាប់ វាយ​ធ្វើ​បាប ចាប់​បង្ខាំង​ទុក មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ និង​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ពួក​គេ ជាដើម។

មិន​ខុស​ពី​ពលករ​រងគ្រោះ ឪពុក​ម្តាយ​របស់​ជន​រងគ្រោះ ក្រៅ​ពី​យំ​សោកស្ដាយ​អាណិត​កូន ពួក​គេ​ថា ទោះ​ត្រូវ​រស់នៅ​ប្រទេស​កំណើត​ពិបាក​រក​លុយ ឬ​ធ្វើ​ការ​បាន​ប្រាក់​កម្រៃ​ទាប​យ៉ាង​ណា​ក្តី ក៏​មិន​ឲ្យ​កូន​ទៅ​លក់​កម្លាំង​នៅ​ស្រុក​គេ​ទៀត​ដែរ។

លទ្ធផល​ខុស​ក្តី​រំពឹង​ទុក​នោះ បាន​ធ្វើ​ឲ្យ​ពលករ​រងគ្រោះ​នៅ​ក្រៅ​ប្រទេស និង​សាច់ញាតិ​របស់​ពួក​គេ យំ​ស្ដាយ​អាណិត​ខ្លួន និយាយ​ពាក្យ​ស្ដាយ​ក្រោយ។ ការ​វិល​ត្រឡប់​ដែល​ស្ទើរ​គ្មាន​ប្រាក់​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ពួក​គេ​យល់​ថា​គ្មាន​ការងារ​ល្អ​ជាង​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​ឡើយ។

ក្នុង​ពេល​រង់ចាំ​កូន​មក​ពី​ប្រទេស​ម៉ាឡេស៊ី លោកស្រី យ៉េត សុខ ជា​ម្តាយ​ពលការិនី​បាន​ជួប​អ្នក​នឹង​អ្នក​រាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោកស្រី​រំឭក​ថា មូលហេតុ​ដែល​លោកស្រី​សម្រេច​ចិត្ត​ឲ្យ​កូន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​ដូច​នេះ ព្រោះ​ឃើញ​អ្នក​ផ្សេង​គេ​ទៅ​ធ្វើ​ការ​បាន​ប្រាក់​ខែ​ច្រើន អាច​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ធ្វើ​ផ្ទះ​ថ្មី​បាន ទើប​លោកស្រី​សាក​ម្តង​ឲ្យ​កូន​ស្រី​ទៅ​ធ្វើ​ការ​ឆ្ងាយ​ពី​ស្រុក​ដូច​នេះ៖ «»។

ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ជា​កន្លែង​ទាំង​ធ្វើ​ដំណើរ អ្នក​ទៅ​ទទួល​អ្នក​ដំណើរ​មាន​សម្លៀកបំពាក់​ស្អាត និង​ឧបករណ៍​ប្រើប្រាស់​ទំនើបៗ ប៉ុន្តែ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​មាន​វ័យ​ជាង ៤០​ឆ្នាំ ស្ថិត​ក្នុង​សម្លៀកបំពាក់​ចាស់ៗ និង​កញ្ចប់​ស្បោង​ខ្មៅ​កាន់​ជាប់​ដៃ មាន​ទឹក​មុខ​ស្រពោន​ខុស​ពី​អ្នក​ផ្សេង។ តាម​ពិត អ្នក​ទាំង​ពីរ​ជា​ឪពុក​ម្ដាយ​កម្មការិនី​រងគ្រោះ ដោយ​ការ​រំលោភ​បំពាន​ពី​ថៅកែ និង​ម្ចាស់​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ពួក​គាត់​មក​ពី​ខេត្ត​កណ្ដាល។

ជា​ញឹកញាប់ ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ ឬ​ជំនួយ​ការ​មេ​ផ្ទះ តែង​តែ​លួច​ផ្តល់​ដំណឹង​ឲ្យ​សាច់ញាតិ​គេ​បាន​ដឹង ថា​ពួក​គេ​ត្រូវ​ថៅកែ​វាយ​ធ្វើ​បាប។ ដូច​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ក្រសួង​ការ​បរទេស​កម្ពុជា បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ប្រមាណ ៣០០​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពី​ខ្លួន​បាន​ទទួល​ដំណឹង​នេះ​ពី​មន្ត្រី​ជាន់​ខ្ពស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ។ យ៉ាង​ណា​ក៏ដោយ គិត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​សីហា មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ឡើយ​ទេ។

ក្នុង​ពេល​កំពុង​រង់ចាំ​កូន​ស្រី ទូរស័ព្ទ​របស់​លោកស្រី​រោទ៍​ញឹកញាប់​ណាស់ ក៏​ព្រោះ​សាច់ញាតិ និង​កូន​លោកស្រី​នៅ​ផ្ទះ ទូរស័ព្ទ​សួរ​ចង់​ដឹង​ថា ធី ស្រីនាង ដែល​ជា​កូន​ស្រី​របស់​លោកស្រី មក​ដល់​ណា​ហើយ។ ស្ត្រី​ដែល​មាន​វ័យ​ជាង ៤០​ឆ្នាំ មាន​មាឌ​តូច​ល្អិត អះអាង​ថា ទោះ​គ្រួសារ​លោកស្រី​គ្មាន​ចំណូល ឬ​គ្មាន​ទ្រនំ​ខ្ពស់​ដូច​គេ គឺ​មិន​ឲ្យ​កូន​ទៅ​ម្តង​ទៀត​ជា​ដាច់ខាត។ លោកស្រី​ផ្តាំ​ផ្ញើ​ទៅ​អ្នក​ផ្សេង​ទៀត កុំ​ឲ្យ​កូន​ស្រី​ទៅ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី៖ «»។

កន្លង​មក ពលករ​ខ្មែរ​ដែល​រង​ការ​រំលោភ​បំពាន ហើយ​ត្រូវ​ជួយ​សង្គ្រោះ​មក​ប្រទេស​កំណើត​វិញ​ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់ រួម​មាន ប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រទេស​ចិន ជាដើម។ ក្រៅ​ពី​ការ​ជួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល ឬ​ស្ថានទូត ក៏​មាន​ការ​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ជាដើម។

កញ្ញា ឈួន រ៉ន ដែល​ទឹក​មុខ​ស្លេកស្លាំង និង​រូប​កាយ​ស្គមស្គាំង ប្រាប់​ពី​ការ​លំបាក​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ថា ត្រូវ​ថៅកែ​បង្ខំ​ឲ្យ​ធ្វើ​ការ​ក្នុង​មួយ​ថ្ងៃ ១៤​ម៉ោង ហូប​ចុក​មិន​គ្រប់គ្រាន់ និង​មិន​ទៀងទាត់ ត្រូវ​ថៅកែ​បង្ខាំង​ទុក​ថ្ងៃ​សម្រាក​ពី​ការងារ និង​មិន​បាន​ទទួល​ប្រាក់​ខែ ជាដើម។ កញ្ញា ឈួន រ៉ន ផ្ដាំ​ផ្ញើ​ទៅ​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត សូម​កុំ​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី៖ «»។

របាយការណ៍​អង្គការ​ខារ៉ាម​កម្ពុជា (CARAM Cambodia) បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រមាណ​ជា ៥​ម៉ឺន​នាក់។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា នៅ​ឆ្នាំ​២០១៥ កម្ពុជា បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ជាង ៤០០​នាក់ និង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ មាន​បញ្ជូន​ពលករ​មក​ជា​បណ្ដើរ​ទៀត​តាម​ជើង​ហោះ​ហើរ។

អតីត​ពលការិនី​ម្នាក់​ទៀត កញ្ញា នួន ចរិយា ដែល​មក​ពី​ប្រទេស​ម៉ាឡេស៊ី ដែរ​នោះ​ប្រាប់​ថា កញ្ញា​ត្រូវ​ថៅកែ​ឃុំឃាំង​នៅ​ក្នុង​បន្ទប់​ជិត​មួយ​សប្ដាហ៍ នៅ​ពេល​គេ​ដឹង​ថា នាង​ចង់​ទៅ​ប្ដឹង​ប៉ូលិស។ ស្ត្រី​រូប​នេះ​ប្រាប់​ឲ្យ​ដឹង​ថា ពលការិនី​នៅ​ទីនោះ​ក្រៅ​ពី​ថៅកែ​វាយ​ដំ ក៏​រង​ការ​វាយ​ធ្វើ​បាប​ពី​ជនជាតិ​ខ្មែរ​គ្នា​ឯង​ដែល​មាន​តួនាទី​ត្រួត​ពិនិត្យ​ពលករ​ទាំង​នោះ៖ «»។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ លើក​ឡើង​ថា ពលករ​ខ្មែរ​សព្វថ្ងៃ​កំពុង​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់ ឬ​កំពុង​ជាប់​ឃុំ​នៅ​តាម​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី ព្រោះ​នៅ​ពេល​ថៅកែ​រំលោភ​បំពាន​ពេល​ពួក​គេ​ទៅ​រក​អន្តរាគមន៍​ពី​ប៉ូលិស ប៉ុន្តែ​អ្នក​ទាំង​នោះ​ត្រូវ​ថៅកែ​ដក​ហូត​ឯកសារ ឬ​លិខិត​ឆ្លង​ដែន​ទុក​អស់​ហើយ។ លោក​បន្ត​ថា កន្លង​មក​ពលករ​ខ្មែរ​តែង​ជួប​ករណី​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី មិន​ទាន់​ជួយ​ផ្តល់​សេវា​ផ្នែក​ច្បាប់​នៅ​ឡើយ​ទេ បាន​ត្រឹម​តែ​មាន​ការ​ជួយ​ពី​អង្គការ​ពាក់ព័ន្ធ​ប៉ុណ្ណោះ៖ «»។

ចំណែក​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី តែង​តែ​ធ្វើ​ការងារ​នេះ​ជា​បន្តបន្ទាប់ និង​បាន​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ៖ «»។

ពលការិនី​ដែល​ត្រូវ​មេ​ខ្យល់ និង​ក្រុមហ៊ុន​នាំ​យក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រៅ​ពី​រៀបរាប់​ពី​ការ​លំបាក​របស់​ខ្លួន ពួក​គេ​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​ផ្សេង​ទៀត​កុំ​ឲ្យ​ចង់​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។