សមាគម​ខ្មែរ​ក្រោម​គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​បន្ទាប់​ពី​ភ្ជុំបិណ្ឌ

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ថ្កោលទោស​តុលាការ​ប្រជាជន​វៀតណាម ដែល​បាន​កាត់​ទោស​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន ៩​នាក់ ឲ្យ​ជាប់​ពន្ធនាគារ ដោយ​គ្រាន់​តែ​គ្រោង​បង្កើត​សាលា​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ។ សមាគម​នេះ​អំពាវនាវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អង្គការ​សហប្រជាជាតិ ជួយ​អន្តរាគមន៍​រាល់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​សុំ​ឲ្យ​ដោះ​លែង​ពួក​គាត់​ឲ្យ​មាន​សេរីភាព​វិញ។

0:00 / 0:00

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ចុង​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ៩​នាក់ ឲ្យ​មាន​សេរីភាព។

ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១ ខែ​តុលា ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់​ញត្តិ​រួច​ហើយ​ទៅ​ស្ថានទូត​ចំនួន​៥ ប្រចាំ​នៅ​កម្ពុជា រួម​មាន​ស្ថានទូត​សហរដ្ឋ​អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអែត និង​ចក្រភព​អង់គ្លេស ដើម្បី​សុំ​ឲ្យ​មន្ត្រី​ទូត​ទាំង​នោះ​ជួយ​អន្តរាគមន៍​នូវ​រាល់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អាជ្ញាធរ​វៀតណាម មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។

លោក​បញ្ជាក់​ថា សមាជិក​នៃ​អង្គការ​សមាគម​ខ្មែរ​ក្រោម​ប្រមាណ ២០០​នាក់ គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា និង​មុខ​ក្រសួង​ការ​បរទេស ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ទាំង ៩​នាក់​នោះ៖ «ធ្វើ​បាតុកម្ម​ហ្នឹង គឺ​យើង​ទាមទារ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ត្រូវ​បាន​តុលាការ​ប្រជាជន​វៀតណាម ទើប​តែ​កាត់​ទោស​ថ្មីៗ»

កាល​ពី​ថ្ងៃ​ទី២៦ និង​ថ្ងៃ​ទី២៧ ខែ​កញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើក​សវនា​កាត់​ទោស​ព្រះសង្ឃ​ចំនួន ២​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន ៧​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០​ខែ​ទៅ ៦​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ការ​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្រៅ​ប្រទេស និង​បណ្ដាញ​សារព័ត៌មាន​ក្រៅ​ស្រុក។

ភ្លាមៗ​ក្រោយ​ការ​កាត់​ទោស អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់​ញត្តិ​មួយ​ទៅ​ស្ថានទូត​វៀតណាម ស្នើសុំ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តឹងយ៉ុង ឲ្យ​ដោះ​លែង​ខ្មែរ​ក្រោម​ទាំង ៩​នាក់ ដោយ​ឥត​លក្ខខណ្ឌ សុំ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ព្រះពុទ្ធ​សាសនា នៅ​តាម​វត្ត​អារាម​នានា សុំ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​គ្រប់​រូបភាព ការ​តាម​ដាន​ឃ្លាំ​មើល និង​ការ​បិទ​សិទ្ធិ​សេរីភាព​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ជុំវិញ​គម្រោង​ធ្វើ​បាតុកម្ម​របស់​ខ្មែរ​កម្ពុជា​ក្រោម​បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ទី១ ខែ​តុលា។

យ៉ាង​ណា លោក សឺន ជុំជួន សង្ឃឹម​ថា បាតុកម្ម​នោះ​អាច​នឹង​រដ្ឋាភិបាល​អនុញ្ញាត ដោយសារ​ជំហរ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ហាក់​ទន់ភ្លន់​ជាង​សព្វដង។ ជាក់ស្តែង កន្លង​មក​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​សមាគម​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម ៤ មិថុនា និង​ការ​អនុញ្ញាត​ឲ្យ​មាន​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ២​លើក នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាដើម។

កាល​ពី​ឆ្នាំ​២០០៧ ព្រះសង្ឃ​ខ្មែរ​ក្រោម​ប្រមាណ ១០០​អង្គ បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះ​លែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ៥​នាក់ ដែល​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​ក្នុង​បទ​ចោទ​ស្រដៀង​គ្នា​នឹង​ការ​ចាប់​ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ទាំង ៩​នាក់​លើក​នេះ។ បាតុកម្ម​នោះ សមត្ថកិច្ច​បាន​វាយ​បង្ក្រាប​ទៅ​លើ​ព្រះសង្ឃ​ជា​ក្រុម​បាតុករ​យ៉ាង​ចាស់​ដៃ ដែល​ធ្វើ​ឲ្យ​ព្រះសង្ឃ​ជាង ១០​អង្គ មាន​របួស​ស្រាល និង​ធ្ងន់ ហើយ​ក្រោយ​មក​មាន​ព្រះសង្ឃ​មួយ​អង្គ​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ឃាតក​ធ្វើ​គត់​ដោយ​មិន​ដឹង​មូលហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។