សមាគមខ្មែរកម្ពុជាក្រោម ដាក់លិខិត ២ផ្សេងគ្នាទៅសាលារាជធានីភ្នំពេញ និងក្រសួងការបរទេសនៅថ្ងៃទី៨ ខែតុលា ដើម្បីស្នើសុំឲ្យមានកិច្ចអន្តរាគមន៍បន្ទាន់មួយចំពោះអាជ្ញាធរវៀតណាម ដែលបានបំបិទសិទ្ធិសេរីភាព ប្រពៃណី និងសិទ្ធិជំនឿសាសនារបស់ពលរដ្ឋខ្មែរក្រោម ពិសេសត្រូវដោះលែងព្រះសង្ឃ និងខ្មែរក្រោម ៩នាក់ ដែលជាប់ពន្ធនាគារឲ្យមានសេរីភាពវិញ។
ក្នុងលិខិតរបស់សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលមានចុះហត្ថលេខាព្រះភិក្ខុ សៀង សុវណ្ណារ៉ា ប្រធានស្ដីទីដាក់លិខិតទៅសាលារាជធានីភ្នំពេញ ស្នើសុំធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូតវៀតណាម នៅថ្ងៃទី១៣ ខែតុលា ខាងមុខ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។បាតុកម្មដែលគ្រោងធ្វើនោះ នឹងមានព្រះសង្ឃនិងពលរដ្ឋខ្មែរចូលរួមប្រមាណ ២០០អង្គនិងនាក់។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែតុលា ថា សមាគមខ្មែរកម្ពុជាក្រោម មានគោលបំណង ២សំខាន់ ក្នុងការតវ៉ាទាមទារនៅមុខស្ថានទូតវៀតណាម៖ «តាមលិខិតដែលយើងដាក់ទៅហ្នឹង គឺទី១ យើងស្នើសុំឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ ២អង្គ និងពលរដ្ឋខ្មែរក្រោម ៧នាក់ ដែលទើបតែចាប់ខ្លួនថ្មីៗហ្នឹង។មួយទៀតគឺយើងស្វែងរកយុត្តិធម៌ជូនដល់ពលរដ្ឋខ្មែរក្រោមដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សនៅឯដែនដីខ្មែរកម្ពុជាក្រោមពីអាជ្ញាធរវៀតណាម»។
លិខិតមួយទៀតរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ដែលមានលោក សឺន យឿង ជានាយកប្រតិបត្តិបានផ្ញើទៅលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងលិខិតលោក សឺន យឿង មានបំណងស្នើសុំជួបលោក ហោ ណាំហុង ផ្ទាល់ ដើម្បីបរិយាយអំពីការយាយីរំខាន និងបំបិទសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោមក្នុងការប្រតិបត្តិវប្បធម៌ ប្រពៃណី សិទ្ធិជំនឿសាសនា និងសេរីភាពក្នុងការបញ្ចេញមតិពីសំណាក់អាជ្ញាធរវៀតណាម។
កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកញ្ញា តុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង បានបើកសវនាការកាត់ទោសព្រះសង្ឃចំនួន ២អង្គ និងពលរដ្ឋខ្មែរក្រោមចំនួន ៧នាក់ ឲ្យជាប់ពន្ធនាគារពី ១០ខែ ទៅ ៦ឆ្នាំ ដោយចោទប្រកាន់ពីបទបង្កឲ្យមានការខូចខាតសណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់ព័ត៌មានទៅឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស និងបណ្ដាញសារព័ត៌មានក្រៅស្រុក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានទេ នៅរសៀលថ្ងៃទី៨ ខែតុលា ដោយលោកបិទទូរស័ព្ទ។
រីឯអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកបានឃើញលិខិតស្នើសុំរបស់សមាគមខ្មែរកម្ពុជាក្រោមរួចហើយ។ ប៉ុន្តែការសម្រេចយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ៖ «លិខិតនោះត្រូវដាក់ទៅដល់គណៈអភិបាលសិន ហើយលោកនឹងសម្រេចថា ហៅមកពិភាក្សាសិន»។
កាលពីឆ្នាំ២០០៧ សមត្ថកិច្ចបានវាយបង្ក្រាបទៅលើព្រះសង្ឃខ្មែរក្រោមប្រមាណ ១០០អង្គជាខ្លាំងដែលបានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ដើម្បីតវ៉ាប្រឆាំងការរឹតត្បិតសិទ្ធិសេរីភាព និងស្នើសុំឲ្យដោះលែងខ្មែរក្រោម ៥នាក់ ដែលត្រូវចាប់ខ្លួនដោយគ្មានមូលហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
