សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​រៀបចំ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២២​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ

ដោយ ហេង សកល
2017-12-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ប្រមូល​ផ្ដុំ​គ្នា​នៅ​បរិវេណ​គូ​ស្រះ​ស្រី ឬ​ហៅ​ថា ស្រះ​គូ ដើម្បី​សម្ដែង​ការ​បារម្ភ​របស់​ពួក​គាត់​ចំពោះ​ការ​បាត់បង់​អត្តសញ្ញាណ​ស្រះ​ប្រវត្តិសាស្ត្រ ក្នុង​ទី​រួម​ខេត្ត​ព្រះត្រពាំង ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦។
ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ប្រមូល​ផ្ដុំ​គ្នា​នៅ​បរិវេណ​គូ​ស្រះ​ស្រី ឬ​ហៅ​ថា ស្រះ​គូ ដើម្បី​សម្ដែង​ការ​បារម្ភ​របស់​ពួក​គាត់​ចំពោះ​ការ​បាត់បង់​អត្តសញ្ញាណ​ស្រះ​ប្រវត្តិសាស្ត្រ ក្នុង​ទី​រួម​ខេត្ត​ព្រះត្រពាំង ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២២ នៅ​សប្ដាហ៍​ទី​២ ខែ​ធ្នូ នៅ​ទីក្រុង​អូឡែនដូ (Orlando) រដ្ឋ​ហ្លរីដា (Florida) សហរដ្ឋអាមេរិក។ សន្និបាត​នេះ នឹង​បូក​សរុប​សមិទ្ធផល​ប្រចាំ​ឆ្នាំ ព្រមទាំង​រៀបចំ​គម្រោង​ផែនការ​សម្រាប់​ដើម​ឆ្នាំ​២០១៨។

​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា មហាសន្និបាត​ប្រចាំ​ឆ្នាំ​នេះ សហព័ន្ធ​នឹង​បូក​សរុប​សមិទ្ធផល​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​​កន្លង​ទៅ​នេះ។ ទន្ទឹមគ្នា​នេះ​ដែរ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ឬ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​ដែល​រស់​នៅ​សហរដ្ឋអាមេរិក ឬ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ឱ្យ​ចូលរួម​មហាសន្និបាត​លើក​ទី​២២ ឱ្យ​បាន​ច្រើន​កុះករ។ លោក​បន្ត​ថា សម្រាប់​ឆ្នាំ​២០១៧​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទទួល​សមិទ្ធផល​ជា​ច្រើន។

លោក ប្រាក់ សេរីវុឌ្ឍ ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា សហព័ន្ធ​បាន​បញ្ជូន​គណៈ​ប្រតិភូ​ទៅ​ប្រជុំ​មហា​សន្និបាត​របស់​អង្គការ យូ.អិន.ភី.អូ (UNPO) នៅ​ប្រទេស​ប៊ែលហ្សិក (Belgium)។ អង្គការ យូ.អិន.ភី.អូ ជា​អង្គការ​តំណាង​ឱ្យ​ជនជាតិដើម​ដែល​មាន​សញ្ជាតិ​តែ​បាត់បង់​ទឹកដី។ លោក ប្រាក់ សេរីវុឌ្ឍ ថា មូលហេតុ​ដែល​សហព័ន្ធ​បញ្ជូន​គណៈប្រតិភូ​ទៅ​ប្រជុំ ដោយសារតែ​សហព័ន្ធ​ជា​សមាជិក​នៃ​គណៈកម្មការ​នាយក​នៅ​ក្នុង​អង្គការ​នេះ ហើយ​លោក​ក៏បាន​ស្នើ​ឱ្យ​អង្គការ យូ.អិន.ភី.អូ  ដាក់​សម្ពាធ​ទៅ​ដល់​រដ្ឋាភិបាល​វៀតណាម ដែរ។

​ទន្ទឹម​នឹង​គ្នា​នោះ​ដែរ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ពាំនាំ​ទុក្ខ​កង្វល់​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រទេស​អូស្ត្រាលី (Austria) ដើម្បី​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី ដាក់​សម្ពាធ​ទៅ​ដល់​រដ្ឋាភិបាល​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម។ លោក ប្រាក់ សេរីវុឌ្ឍ បាន​បញ្ជាក់​ថា លោក​បាន​ស្នើ​ទៅ​សហរដ្ឋអាមេរិក មុន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទៅ​ប្រទេស​វៀតណាម កាល​ពី​ដើម​ខែ​វិច្ឆិកា៖ «»។

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ជម្រាប​ជូន​សមាជិក​ព្រឹទ្ធសភា​ប្រទេស​បារាំង និង​សភា​អឺរ៉ុប អំពី​ទុក្ខវេទនា​ខ្មែរ​ក្រោម​ផង​ដែរ។ សមាជិកសភា​អឺរ៉ុប​មាន​ចំនួន ៧៥១​រូប មក​ពី ២៨​ប្រទេស​ក្នុង​ពិភពលោក។ លោក ប្រាក់ សេរីវុឌ្ឍ ថា សភា​អឺរ៉ុប នឹង​យក​បញ្ហា​ទុក្ខវេទនា​របស់​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៨ ខាង​មុខ។

​ទន្ទឹម​នឹង​ការ​កៀរគរ​ឱ្យ​បណ្តា​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​មិន​ភ្លេច​ប្រារព្ធ​ទិវា​នៃ​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម​ដែរ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​បាន​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៦៨ នៅ​ប្រទេស​បារាំង កាលពី​ខែ​ដើម​ខែ​​មិថុនា និង​ប្រទេស​អ៊ីតាលី ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ៖ «»។

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៦៩ នៅ​ឆ្នាំ​២០១៩ នៅ​ប្រទេស​បារាំង​ដដែល ដើម្បី​ឱ្យ​រដ្ឋាភិបាល​បារាំង ជួយ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ប្រទេស​វៀតណាម៖ «»។

​ទាក់ទង​នឹង​ផែនការ​សម្រាប់​ឆ្នាំ​២០១៨ ខាង​មុខ លោក ប្រាក់ សេរីវុឌ្ឍ ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​កាណាដា និង​ប្រទេស​ជប៉ុន។ លោក​បន្ត​ថា ប្រទេស​ជប៉ុន ជា​វិនិយោគ​ធំ​មួយ​នៅ​ប្រទេស​វៀតណាម ដែល​អាច​មាន​ឥទ្ធិ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​វៀតណាម៖ «»។

​លោក​ឱ្យ​ដឹង​ទៀត​ថា សហព័ន្ធ​គ្រោង​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​ដើម្បី​ឱ្យ​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល