ប្រជាពលរដ្ឋទាំងនោះទាមទារជាថ្មីទៀត សុំឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការដកហូតយកដីប្រជាពលរដ្ឋដែលក្រុមហ៊ុនឈូសឆាយយកប្រគល់ជូនពួកគាត់វិញ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពរំលោភសិទ្ធិជនជាតិដើមភាគតិចនៅតែជាបញ្ហាចោទ ទាក់ទិនការផ្តល់ដីសម្បទានដល់ក្រុមហ៊ុនបរទេសដែលបង្កផលប៉ះពាល់ប្រជាពលរដ្ឋ។
សេចក្តីអះអាងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) មួយក្រុម នៅថ្ងៃទី១១ ខែកញ្ញា បានជួបពិភាក្សាជាមួយតំណាងសហគមន៍ ៥ភូមិ នៅឃុំប៊ូស្រា ហើយរកឃើញថា ដំណោះស្រាយផលប៉ះពាល់រវាងអ្នកភូមិ ៧៦គ្រួសារ ជាមួយអតីតក្រុមហ៊ុនសម្បទានបារាំង ឈ្មោះ សុកហ្វីន មិនទាន់ធ្វើឲ្យអ្នកភូមិទទួលយកបាននៅឡើយ។
អនុប្រធានផ្នែកអង្កេតសមាគមអាដហុក លោក ចាន់ សុវ៉េត កត់សម្គាល់ថា ផលប៉ះពាល់អ្នកភូមិចំនួនពីរចំណុចសំខាន់មិនត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ តាំងពីឆ្នាំ២០០៩ រហូតបច្ចុប្បន្ន។ លោកបន្តថា អ្នកភូមិសម្ដែងក្តីកង្វល់ និងទាមទារសុំឲ្យអង្គការសង្គមស៊ីវិល ជួយស្វែងរកដំណោះស្រាយការពារសិទ្ធិរស់នៅរបស់សហគមន៍ ដែលកំពុងមានបញ្ហាចោទគ្មានដីចុះបញ្ជីដីធ្លីជាកម្មសិទ្ធិសមូហភាពសហគមន៍៖ «សហគមន៍ដែលមានបញ្ហានេះ ហាក់បីដូចជាពួកគាត់មិនទទួលបានដំណោះស្រាយមួយ អត់មានយុត្តិធម៌។ អាជ្ញាធរមូលដ្ឋានហាក់បីដូចជាអត់កម្លាំង ដើម្បីទប់ទល់ជាមួយក្រុមហ៊ុន។ ខ្ញុំក៏បានមើលឃើញទិដ្ឋភាពហ្នឹងដែរ នៅពេលដែលយើងចូលភូមិទៅ ខ្ញុំហាក់ដូចមានអារម្មណ៍គិតថា ក្រុមហ៊ុនមកនេះ គឺដើម្បីគ្រាន់តែយកដីទេ»។
ក្រសួងកសិកម្មបានផ្តល់ដីសម្បទានប្រមាណ ៤ពាន់ហិកតារ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទៅឲ្យក្រុមហ៊ុន ខូវ ជីលី តាំងពីឆ្នាំ២០០៧។ បន្ទាប់មក គម្រោងសម្បទាននេះត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុនបារាំង ឈ្មោះ សុក ហ្វីន និងបច្ចុប្បន្នបន្តមកក្រុមហ៊ុនឈ្មោះ វារ៉ាណាស៊ី ក៏ប៉ុន្តែប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅភូមិចំនួន ៦ ក្នុងឃុំប៊ូស្រា បានធ្វើការតវ៉ាជាច្រើនលើកថា ក្រុមហ៊ុនបានឈូសឆាយលើដីស្រែចម្ការ ព្រៃកប់សព ទីសក្ការៈបូជារបស់អ្នកភូមិអស់ច្រើនរយហិកតារ។
តំណាងប្រជាពលរដ្ឋអ្នកតវ៉ា លោក ងេះ ណាំ មានប្រសាសន៍បញ្ជាក់ថា តំណាងក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានរួមគ្នាស្វែងរកដំណោះស្រាយបញ្ហានេះ ហើយបានឯកភាពគ្នាបីចំណុចសំខាន់ គឺទី១ ក្រុមហ៊ុនទទួលចេញប្រាក់ទិញដីពីប្រជាពលរដ្ឋ ទី២ ដាំកៅស៊ូប្រវាស់លើដីប្រជាពលរដ្ឋ និងទី៣ រកដីផ្សេងជាថ្នូរជាមួយដីក្រុមហ៊ុនឈូសឆាយប៉ះពាល់ដីប្រជាពលរដ្ឋ។ លោកបន្តថា រហូតបច្ចុប្បន្ន ក្រុមហ៊ុនមិនបានគោរពកិច្ចសន្យាត្រឹមត្រូវ ទាក់ទិនដាំកៅស៊ូប្រវាស់ ឬប្ដូរដីសមស្របជូនអ្នកភូមិនៅឡើយ៖ «ទាមទារឲ្យប្រជាពលរដ្ឋមានផលប្រយោជន៍តាមយុត្តិធម៌ចង់បានដីគាត់ដែលបានរស់នៅពីដើម ឲ្យគាត់យកវិញ។ ដីស្រែគាត់ ការរស់នៅគាត់ការប្រើប្រាស់រាល់ថ្ងៃ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី១១ ខែកញ្ញា មិនអាចទាក់ទងសុំការអធិប្បាយពីតំណាងក្រុមហ៊ុន វារ៉ាណាស៊ី បាននៅឡើយ។
ទាក់ទិនករណីនេះដែរ អភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន មានប្រសាសន៍បញ្ជាក់ថា កន្លងទៅនេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញថ្នាក់ខេត្តបានចូលរួមដោះស្រាយបញ្ហាពីរចំណុចនេះរួចរាល់ហើយ ចំណែកប្រជាពលរដ្ឋក៏បានចុះហត្ថលេខាទទួលយកដំណោះស្រាយនោះដែរ។ លោកបន្តថា ប្រសិនប្រជាពលរដ្ឋនៅមានបញ្ហាសេសសល់អ្វីទៀតនោះ អាជ្ញាធរនឹងអញ្ជើញអ្នកភូមិ ដើម្បីស្វែងរកដំណោះស្រាយបន្តទៀត៖ «ពួកគាត់មានបញ្ហាអ្វីមកដល់ខ្ញុំៗមិនដែលព្រងើយកន្តើយទេ មកដល់ពេលណាខ្ញុំទៅភ្លាម។ ការដោះស្រាយកន្លងមកហើយ យើងបានអូខេយល់ព្រមរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនហើយ ប៉ុន្តែកៅស៊ូក្រុមហ៊ុនដាំប្រវាស់ជាមួយហ្នឹង បានលេចក្បាលអស់ហើយ រយៈពេល ២ជិត ៣ឆ្នាំហើយ ពួកគាត់មិនព្រមទៅថែទាំទេ ដោយយកលេសអ៊ីចេះមួយអ៊ីចុះមួយ ដោយមានអ្នកចាក់ឆ្កឹះពីក្រោយ»។
យ៉ាងនេះក្តី មន្ត្រីអង្កេតសមាគមអាដហុក លោក ចាន់ សុវ៉េត កត់សម្គាល់បន្ថែមថា ក្រៅពីមិនទាន់ដោះស្រាយផលប៉ះពាល់ដីធ្លីប្រជាពលរដ្ឋសហគមន៍ ក្រុមហ៊ុននៅមិនទាន់រៀបចំអភិវឌ្ឍនៅមូលដ្ឋានដូចជាសង់សាលារៀន មន្ទីរពេទ្យ សាងសង់ផ្លូវថ្នល់ និងផ្តល់ការងារត្រឹមត្រូវជូនប្រជាពលរដ្ឋមូលដ្ឋានតាមកិច្ចសន្យាវិនិយោគនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
