សហគមន៍មានទំនាស់ដីធ្លីចំនួន ២ នាខេត្តកោះកុង ប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ និងទាមទារឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយដីធ្លី ដែលត្រូវឈ្មួញ និងក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគស្ករអំពៅ នាមូលដ្ឋាននេះរំលោភយក។
សហគមន៍មានទំនាស់ដីធ្លីចំនួន ២សហគមន៍ នៅស្រុកស្រែអំបិល ខេត្តកោះកុង បានប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០១៦ នៅទីតាំងផ្សេងគ្នា ដើម្បីថ្លែងសារដាក់ជូនរដ្ឋាភិបាលឲ្យបន្តជួយរកយុត្តិធម៌លើទំនាស់ដីធ្លីកើតមានរ៉ាំរ៉ៃជាមួយឈ្មួញ និងក្រុមហ៊ុនវិនិយោគស្ករអំពៅ។
សហគមន៍មានទំនាស់ទាំងពីរនោះ មានសហគមន៍ឃុំជីខក្រោម និងសហគមន៍ឃុំដងពែង នៅស្រុកស្រែអំបិល។ ការប្រមូលផ្តុំរបស់ប្រជាសហគមន៍ទាំងពីរនៅតាមសហគមន៍រៀងៗខ្លួននេះ សរុបមានគ្នាប្រមាណ ៣០០នាក់ចូលរួម។
តំណាងសហគមន៍ដីធ្លី ស្រុកស្រែអំបិល ខេត្តកោះកុង លោកស្រី ផាវ ញ៉ឺង។ លោកស្រីជាអ្នកចូលរួមផ្ដួចផ្ដើមបង្កើតឲ្យមានទិវាសិទ្ធិមនុស្ស ១០ ធ្នូ នេះ នាបរិវេណវត្តដងពែង ក្នុងឃុំដងពែង ស្រុកស្រែអំបិល កាលពីព្រឹកថ្ងៃទី១០ ធ្នូ។ លោកស្រីស្នើឲ្យរដ្ឋាភិបាលជួយដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃជាមួយឈ្មួញ និងក្រុមហ៊ុនស្ករអំពៅ ចំនួន ២ នាស្រុកស្រែអំបិល យកដីជូនប្រជាពលរដ្ឋឲ្យចប់នៅមុនការបោះឆ្នោតសភាចូលមកដល់៖ «សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមលោកមេត្តាជំរុញឲ្យក្រុមហ៊ុនស្ករអំពៅ និងក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ ដែលបានរំលោភយកដីធ្លីលំនៅឋាន និងដីកសិកម្ម សម្រាប់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋពួកខ្ញុំមកប្រគល់ឲ្យពួកខ្ញុំវិញឲ្យបានលឿនមុនការបោះឆ្នោតចូលមកដល់ បើមិនដូច្នេះទេ ពួកខ្ញុំប្រហែលជាឈប់បោះឆ្នោតជូនទៀតហើយនៅពេលខាងមុខ»។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្ត កោះកុង លោក អ៊ិន គង់ជិត ដែលចូលរួមឃ្លាំមើលការ ប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ដល់ឃុំដងពែង និងឃុំជីខលើ ស្រុកស្រែអំបិល កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ។ លោកឲ្យដឹងថា ការរៀបចំទិវាសិទ្ធិមនុស្ស ១០ ធ្នូ របស់ប្រជាពលរដ្ឋទាំង ២សហគមន៍ នៅឃុំជីខលើ និងឃុំដងពែង មិនមានអាជ្ញាធរឃុំស្រុកចូលរួមទៅតាមការអញ្ជើញរបស់សហគមន៍នីមួយៗទេ។ ផ្ទុយទៅវិញ នៅឃុំដងពែង ឯណោះវិញ ត្រូវមេឃុំមូលដ្ឋាននេះ មកហាមមិនឲ្យពលរដ្ឋដើរហែក្បួនសម្ដែងមតិ ទាក់ទងទំនាស់ដីធ្លី និងការសំណូមពរឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយដោយសន្តិវិធីជាដើម។
លោក អ៊ិន គង់ជិត នៅតែទទូចដល់រដ្ឋាភិបាលត្រូវពន្លឿនការងារចុះដោះស្រាយទំនាស់ដីធ្លីកើតមានរ៉ាំរ៉ៃនៅតាមមូលដ្ឋាននានា ក្នុងខេត្តកោះកុង ឲ្យបានជាស្ថាពរ ដើម្បីផ្ដល់យុត្តិធម៌ដីធ្លីជូនពលរដ្ឋនៅតាមសហគមន៍នីមួយៗ ឲ្យមានសុវត្ថិភាព៖ «អ្វីដែលសហគមន៍គាត់ចង់បាននោះ គឺភាពយុត្តិធម៌នៃការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ អូសបន្លាយពេល ១០ឆ្នាំមកហើយ។ សហគមន៍គាត់ទាមទារឲ្យរដ្ឋាភិបាល ត្រូវតែគិតគូរដោះស្រាយយកដីពីក្រុមហ៊ុនស្ករអំពៅ ដែលបានរំលោភយកកន្លងមក មកប្រគល់ជូនពួកគាត់បានបង្កបង្កើនផលកសិកម្ម លើកស្ទួយជីវភាពគ្រួសារតទៅថ្ងៃអនាគតដូចដើមវិញ»។
ចំណែកលោក ញៀប សំអឿន អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តកោះកុង ក៏ចង់ឃើញយន្តការដោះស្រាយទំនាស់ដីធ្លីរបស់រដ្ឋាភិបាល ឈានដល់ផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះនេះដែរ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះចាត់ទុកការសម្ដែងមតិ និងការទាមទាររកយុត្តិធម៌លើទំនាស់ដីធ្លីរបស់សហគមន៍នីមួយៗ ដោយផ្ញើសារជូនរដ្ឋាភិបាល ជាសិទ្ធិស្របច្បាប់។
លោក ញៀប សំអឿន នៅតែទទូចដល់រដ្ឋាភិបាល ពិសេសក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ ត្រូវចុះអង្កេតស្រាវជ្រាវទៅលើដើមហេតុនាំឲ្យកើតមានទំនាស់ដីធ្លី នៅមូលដ្ឋានខេត្តកោះកុង រវាងប្រជាពលរដ្ឋរស់នៅតាមសហគមន៍នានា កើតមានទំនាស់ជាមួយឈ្មួញ និងក្រុមហ៊ុនស្ករអំពៅ កោះកុង ស៊ូហ្គើរ អ៊ីនដាស់ទ្រី (Koh Kong Sugar Industry) និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន អ៊ីនដាស់ទ្រី (Koh Kong Plantation Industry) ដើម្បីបញ្ចប់ជម្លោះរ៉ាំរ៉ៃ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល សំណូមពរថា រដ្ឋាភិបាលត្រូវតែផ្ដល់ដីធ្លីកសិកម្មដែលប្រជាពលរដ្ឋសហគមន៍នេះធ្លាប់បង្កបង្កើនផល ដែលក្រុមហ៊ុនទាំងពីរបានឈូសឆាយរំលោភយកទៅដាំដំណាំអំពៅនៅពេលកន្លងមក ត្រូវផ្ដល់ជូនប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗ បានបង្កបង្កើនផលកសិកម្មដូចដើមឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។