សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ចុះថ្ងៃទី២០ ខែមករា សរសេរថា កិច្ចប្រជុំនេះជាលើកដំបូងហើយដែលធ្វើឡើងនៅប្រទេសកម្ពុជា។
វាគ្មិនសំខាន់ៗផ្នែកសិទ្ធិមនុស្សនិងសុខភាព រួមទាំងតំណាងអង្គការសមាគមនានា នឹងចូលរួមពិភាក្សាអំពីទិដ្ឋភាពច្បាប់ បរិយាកាសសង្គមនិងនយោបាយនៅកម្ពុជា ទាក់ទងនឹងប្រធានបទនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កិច្ចប្រជុំនេះនឹងពិនិត្យមើលឡើងវិញទាក់ទងប្រធានបទជាក់លាក់មួយចំនួន ពាក់ព័ន្ធទៅនឹងបញ្ហាមនុស្សស្រឡាញ់ភេទដូចគ្នា និងការកែភេទ ដូចជា៖ ពិនិត្យមើលលើវិស័យសិក្សាធិការ សុខភាព ការផ្ដល់ការងារធ្វើ បញ្ហាគ្រួសារ ការផ្សព្វផ្សាយព័ត៌មាន និងបញ្ហានៅតាមសហគមន៍ជាដើម។
មន្ត្រីអង្គការនិងសហគមន៍មួយចំនួនអះអាងថា ទស្សនៈនៃការរើសអើង និងការប្រកាន់មនុស្សស្រលាញ់ភេទដូចគ្នានៅកម្ពុជា នៅតែមាន ដោយមនុស្សភាគច្រើនយល់ថា ការស្រឡាញ់ភេទដូចគ្នាដូច្នេះ គឺជារឿងចម្លែក ខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ។
ការរើសអើងនោះមានដូចជា មានប្រើពាក្យថា «ពួកស៊ីម២» មានន័យថា មនុស្សស្រឡាញ់ភេទដូចគ្នាផង ស្រឡាញ់ភេទខុសគ្នាផងក៏បាន ចំពោះមនុស្សប្រុសតែងខ្លួនជាស្រី ឬស្រីតែងខ្លួនជាប្រុសគេហៅថា «ខ្ទើយ» ជាដើម ដែលក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងអង្គការសមាគមនានា ធ្វើការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាបានចាត់ទុក្ខថា ពាក្យទាំងនេះជាការរើសអើងយ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
