ក្រុមអង្គការសង្គមស៊ីវិលដែលការពារសិទ្ធិមនុស្សនៅកម្ពុជា ប្រមាណ ១០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការក្នុងការលើកកម្ពស់ និងការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីបញ្ឈប់ការរើសពីសង្គម។ សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងស្របពេលខួបលើកទី១១ ទិវាអន្តរជាតិប្រឆាំងនឹងការរើសអើងលើអ្នកស្រលាញ់ភេទដូចគ្នា នៅថ្ងៃទី១៧ ខែឧសភា។
សេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិល ស្ដីពី "ខ្ញុំគឺខ្ញុំ" ក្រោមចំណងជើងថា "ការអបអរសាទរពីភាពចម្រុះបែបនៅកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតគោលនយោបាយការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា មិនឲ្យប្រឈមនឹងឧបសគ្គផ្សេងៗក្នុងការចូលរួមក្នុងកិច្ចការសង្គម ដូចជា សេដ្ឋកិច្ច សេវាសុខភាព ការអប់រំ និងការងារ។
សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នានៃអង្គការអនាគតយុវជនអាស៊ាន និងជាសង្គមស៊ីវិលដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មាន កញ្ញា ឈឿង រចនា និយាយថា សេចក្ដីថ្លែងការណ៍នេះ ចង់បង្ហាញថា អ្នកស្រឡាញ់ភេទដូចគ្នា គឺជាធនធានមនុស្សនៅក្នុងគ្រួសារ និងសង្គមជាតិ។ ពួកគេត្រូវមានសិទ្ធិការពារ និងទទួលស្គាល់ពីសង្គមជាតិ។
កញ្ញាបន្តថា រដ្ឋាភិបាលត្រូវតែមានច្បាប់ការពារអ្នកស្រឡាញ់ភេទដូចគ្នា និងបញ្ឈប់ការរើសអើងទាំងឡាយឲ្យស្រប់តាមច្បាប់នៃប្រទេសកម្ពុជា ដែលទទួលស្គាល់ថា មនុស្សគ្រប់រូបមានសិទ្ធិដូចគ្នា៖ «ខ្ញុំសូមសំណូមពរ សូមកុំឲ្យមានការរើសអើងពីសង្គម និងសូមឲ្យរដ្ឋាភិបាលចេញគោលនយោបាយ និងច្បាប់ធ្វើយ៉ាងណាធ្វើឲ្យអ្នកស្រឡាញ់ភេទដូចគ្នា ឆ្លើយតបទៅនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ»។
ជាមួយគ្នានេះ មន្ត្រីសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក នួន ស៊ីដារ៉ា មានប្រសាសន៍ថា អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នៅតែប្រឈមនឹងបញ្ហារើសអើងលើសេវាសុខភាព សេវាទទួលបានការអប់រំ ឱកាសការងារ និងសិទ្ធិមិនស្មើគ្នាជាមួយមនុស្សទូទៅនៅឡើយ។
លោកថា រដ្ឋាភិបាលគួរតែមានគោលនយោបាយដាក់បញ្ចូលមេរៀនអ្នកស្រឡាញ់ភេទដូចគ្នាក្នុងវិស័យអប់រំ៖ «រដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាសម្រួលឲ្យចេញច្បាប់បញ្ឈប់ការ រើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងវិស័យការងារ សេវាសុខភាព និងការអប់រំ ដើម្បីឲ្យអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិពេញលេញអភិវឌ្ឍន៍ប្រទេស ជាតិប្រកបដោយនិរន្តរភាព»។
ពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តជាច្រើនដើម្បីដោះស្រាយតម្រូវការអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងផែនការសកម្មភាពរបស់ខ្លួន ជាពិសេសនៅក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ សម្រាប់សមភាពយេនឌ័រ និងការបង្កើនអំណាចដល់ស្ត្រីនៅកម្ពុជា ឆ្នាំ២០១៤-២០១៥ របស់ក្រសួងកិច្ចការនារី ផែនការយុទ្ធសាស្ត្រមេរោគអេដស៍/ជំងឺអេដស៍ និងផែនការសកម្មភាពជាតិលើកទី២ ក្នុងការការពារអំពើហិង្សាប្រឆាំងលើស្ត្រី (២០១៤-២០១៨)។ ទោះជាយ៉ាងនេះក្តី សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងសង្គមស៊ីវិល ចង់បានការបញ្ឈប់ការរើសអើងប្រឆាំងនឹងមនុស្សស្រឡាញ់ភេទដូចគ្នា។ មកទល់ពេលនេះ គ្មានស្ថាប័នណាមួយបង្ហាញស្ថិតិជាក់លាក់ពីចំនួនអ្នកស្រលាញ់ភេទដូចគ្នាថាមានចំនួនប៉ុន្មានពិតប្រាកដនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។