លីកាដូ​លុប​ចោល​គម្រោង​ចែក​អំណោយ​ដល់​ស្ត្រី​នៅ​ពន្ធនាគារ

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​លុប​ចោល​គម្រោង​ចែក​អំណោយ​ឲ្យ​ស្ត្រី​រស់​នៅ​ក្នុង​ពន្ធនាគារ​ចំនួន ៣ ភ្លាមៗ នៅ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​កម្រិត​ចំនួន​មនុស្ស​មិន​ឲ្យ​លើស​ពី ៥​នាក់​ចូល​ទៅ​ចែក​អំណោយ។

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ ប្រាប់​ថា លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​មួយ​មក​លោកស្រី​កាល​ពី​ថ្ងៃ​ទី​៥ មីនា ដោយ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ចែក​អំណោយ​ដល់​ស្ត្រី​ក្នុង​ពន្ធនាគារ​ជាង ៤០០​នាក់ ក្នុង​ពន្ធនាគារ ម.២។ប៉ុន្តែ​ឲ្យ​ចូល​មិន​លើស​ពី ៥​នាក់ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់។

លោកស្រី​បន្ត​ថា ក្រុម​ការងារ​និង​ម្ចាស់​ជំនួយ​បាន​សម្រេច​លុប​ចោល​គម្រោង​ចែក​អំណោយ​ឲ្យ​ស្ត្រី​ក្នុង​ពន្ធនាគារ ម.២ ពន្ធនាគារ​រាជធានី​ភ្នំពេញ ប៉េហ្ស៊ី (PJ) និង​ពន្ធនាគារ​នៅ​តាខ្មៅ បន្ទាប់​ពី​ម្ចាស់​ជំនួយ​ខក​ចិត្ត​ដែល​ពួកគេ​មិន​អាច​ទៅ​ចូល​ទៅ​ចែក​អំណោយ​បាន។

លោកស្រី ពុង ឈីវកេក ប្រាប់​ថា រយៈពេល​ជាង ២០​ឆ្នាំ​ហើយ ដែល​អង្គការ​មួយ​នេះ​តែង​ត្រូវ​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​ជាង ២០​នាក់ ចូល​ក្នុង​ពន្ធនាគារ​ដើម្បី​ចែក​អំណោយ​ខ្លះៗ ដល់​ស្រ្តី​និង​កុមារ​ក្នុង​ថ្ងៃ​ទិវា​នារី​អន្តរជាតិ ដែល​កំពុង​រស់​នៅ​ក្នុង​ពន្ធនាគារ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ខាង​ពន្ធនាគារ​ហាក់​មាន​ការ​រឹតត្បិត​មនុស្ស​ចូល​ទៅ​ទី​នោះ​ប្លែក​ជាង​រាល់​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។