មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី ចោទប្រកាន់មន្ត្រីអាជ្ញាធរពីរភូមិក្នុងឃុំជ័យឧត្ដម ស្រុកលំផាត់ ថាមិនសហការល្អក្នុងការណែនាំឲ្យប្រជាពលរដ្ឋចូលរួមវគ្គបណ្ដុះបណ្ដាលរបស់កម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍ដែលរៀបចំដោយសមាគមនេះ។ ចំណែកមន្ត្រីមូលដ្ឋានបដិសេធថា ការចោទប្រកាន់នេះថា មិនត្រឹមត្រូវទេ។
ការចោទប្រកាន់នេះ កើតមានឡើងបន្ទាប់ពីមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក សង្កេតឃើញថា មន្ត្រីមូលដ្ឋានភូមិដីឡូត៍ និងភូមិថ្មី ព្យាយាមគេចវេះមិនចូលរួមវគ្គផ្សព្វផ្សាយដែលរៀបចំដោយសមាគមអាដហុក បើទោះបីមន្ត្រីទាំងនោះបានទទួលលិខិតជូនដំណឹង និងអញ្ជើញចូលរួមកម្មវិធីនេះរួចហើយក្តី។ រីឯប្រជាពលរដ្ឋក្នុងភូមិទាំងពីរភាគតិចអះអាងថា មេភូមិមិនបានផ្ដល់ដំណឹងដល់អ្នកភូមិនោះឡើយ។
សមាគមអាដហុក ខេត្តរតនគិរី បានរៀបចំវគ្គផ្សព្វផ្សាយសហគមន៍ភូមិថ្មីនៅថ្ងៃទី១៧ ខែកុម្ភៈ និងភូមិដីឡូត៍ នៅថ្ងៃទី១៩ ខែកុម្ភៈ ស្តីពីការពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន។ ជាគោលការណ៍ សមាគមនេះបានធ្វើលិខិតជម្រាបជូនអាជ្ញាធរខេត្ត ស្រុក និងឃុំ រួមទាំងស្នើសុំកិច្ចសហការពីអាជ្ញាធរមូលដ្ឋានឃុំ និងភូមិ ជូនដំណឹង និងអញ្ជើញអ្នកភូមិឲ្យចូលរួមកម្មវិធីនេះក្នុងនាមជាអាជ្ញាធរគ្រប់គ្រងប្រជាពលរដ្ឋផ្ទាល់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សំគាល់ថា មេភូមិទាំងពីរគេចវេះនៅពេលប្រារព្ធពិធីនៅថ្ងៃទី១៩ ខែកុម្ភៈ និងមិនមានចាត់មន្ត្រីផ្សេងមកជំនួស។ ចំណែកប្រជាពលរដ្ឋក្នុងភូមិភាគច្រើនបដិសេធថា មិនបានដឹងពីកម្មវិធីបណ្ដុះបណ្ដាលនេះទើបមិនមកចូលរួម។ លោកថា ការបណ្ដុះបណ្ដាលនៅភូមិដីឡូត៍ ត្រូវអាក់ខានដោយសារតែការមិនទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាននេះ។ ដោយឡែកនៅភូមិថ្មី សហគមន៍បានប្រមូលគ្នាមកទទួលការផ្សព្វផ្សាយបន្ទាប់ពីមន្ត្រីរៀបចំកម្មវិធីបានទៅដល់ភូមិ៖ «ខ្ញុំទូរស័ព្ទសួរមេភូមិបញ្ជាក់ទៀតល្ងាចមិញ»។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ សមាគមអាដហុក បានបើកវគ្គដូចគ្នានេះនៅភូមិស្រែឈូក ក្នុងឃុំជ័យឧត្ដម។ វគ្គផ្សព្វផ្សាយនៅភូមិនេះមានមេភូមិ និងសហគមន៍ចូលរួមដោយសារមន្ត្រីមូលដ្ឋានចូលរួមសហការអញ្ជើញអ្នកភូមិចូលរួមវគ្គផ្សព្វផ្សាយនេះដូចការគ្រោងទុក។
ទាក់ទិនករណីនេះ មេឃុំជ័យឧត្ដម លោក ជឹម ផាក់ មានប្រសាសន៍ថា លោកបានទទួលការជូនដំណឹងរបស់មន្ត្រីអាដហុក និងបានជូនដំណឹងបន្តទៅមេភូមិឲ្យសហការផ្ដល់ដំណឹងដល់អ្នកភូមិឲ្យចូលរួមវគ្គផ្សព្វផ្សាយនេះ ក៏ប៉ុន្តែលោកមិនប្រាកដថា មេភូមិបានផ្ដល់ដំណឹងដល់អ្នកភូមិ ឬយ៉ាងណាទេ។ លោកថា អាជ្ញាធរឃុំផ្ដល់កិច្ចសហការត្រឹមត្រូវជាមួយអង្គការសង្គមស៊ីវិលដែលបានបើកវគ្គផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីច្បាប់ និងសិទ្ធិមនុស្ស៖ «យើងជូនដំណឹងដល់មេភូមិហើយ ស្រេចតែមេភូមិទៅអាហ្នឹង។ មេភូមិអ្នកប្រមូលប្រជាជន ជួនកាលប្រជាពលរដ្ឋខែនេះគាត់ប្រមូលផលដំឡូងពេញចម្ការ។ ម្សិលមិញខាងរាជរដ្ឋាភិបាលប្រជុំផង បានតែពីរបីនាក់»។
ចំណែកមេភូមិដីឡូត៍ លោក កង ខៀវ ថ្លែងបញ្ជាក់ដូច្នេះថា លោកបានផ្ដល់ព័ត៌មានឲ្យអ្នកភូមិចូលរួមរួចហើយ ក៏ប៉ុន្តែទំនងអ្នកភូមិជាប់រវល់ការងារទើបខកខានទៅចូលរួមវគ្គផ្សព្វផ្សាយ។ ដោយឡែករូបលោកផ្ទាល់ និងអនុប្រធានភូមិ មានភារៈផ្ទាល់ខ្លួនទើបមិនបានទៅចូលរួមកម្មវិធីនេះ៖ «ថាអត់សហការម៉េច? សួរមើលនៅផ្ទះលោក គុល ម្សិលមិញ បងប្អូនបួនដប់នាក់នៅកន្លែងហ្នឹង។ខ្ញុំប្រាប់ហូរហែតាមហ្នឹង រហូតថ្នាក់លើក៏ប្រាប់ខ្ញុំដែរ»។
អភិបាលខេត្តរតនគិរី លោក ថង សាវុន កាលពីថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងកិច្ចប្រជុំថ្នាក់ខេត្តមានប្រសាសន៍គាំទ្រកម្មវិធីបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីច្បាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់សមាគមអាដហុកថា បានជួយឲ្យពង្រឹងស្មារតីយល់ដឹងរបស់ប្រជាពលរដ្ឋបានច្រើន។ លោកក៏បានស្នើសុំឲ្យសមាគមនេះ បន្តរៀបចំវគ្គអប់រំ ប្រជាពលរដ្ឋបន្ថែមទៀត។
ក្នុងឆ្នាំ២០១៦នេះ សមាគមអាដហុក មានគម្រោងបើកវគ្គផ្សព្វផ្សាយពីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៅឃុំចំនួន៤ ដែលមានភូមិសរុប ១២ភូមិ និងធ្វើការបណ្ដុះបណ្ដាលវគ្គដូចគ្នានេះទៅឲ្យសហគមន៍ចំនួនបីឃុំ មានភូមិសរុបចំនួន៦។ វគ្គផ្សព្វផ្សាយនេះក៏មានការជ្រើសរើសតំណាងសហគមន៍ចំនួន ១០នាក់ក្នុងមួយភូមិៗដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលពីការតស៊ូមតិ ចងក្រងសហគមន៍ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
យ៉ាងណាក៏ដោយ លោក ឆាយ ធី មានប្រសាសន៍ថា លោកនឹងធ្វើរបាយការណ៍ទាក់ទិនករណីនេះជូនអាជ្ញាធរខេត្តដើម្បីជំរុញឲ្យមានកិច្ចសហការល្អរវាងមន្ត្រីមូលដ្ឋាន និងអង្គការសង្គមស៊ីវិលនៅថ្ងៃខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
