គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​អាដហុក​ឲ្យ​ជួយ​សមាជិក​គ្រួសារ​ម្នាក់​ដែល​ថា​កំពុង​ជាប់​ឃុំ​នៅ​ថៃ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ឲ្យ​ដឹង​ថា សមាជិក​គ្រួសារ​របស់​ពួក​គេ​ម្នាក់​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ។ ពួក​គេ​បាន​នាំ​គ្នា​សុំ​កិច្ច​អន្តរាគមន៍​នៅ​សមាគម​អាដហុក (ADHOC) និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ករណី​នេះ​ដើម្បី​បាន​បង​ប្រុស​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ មន្ត្រី​សមាគម​អាដហុក បញ្ជាក់​ថា ពួក​គាត់​នឹង​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ងាយ​ស្រួល​ចាត់​វិធានការ​លើ​ករណី​នេះ។

សាច់ញាតិ​ពលរដ្ឋ​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដើម្បី​បាន​សាច់ញាតិ​របស់​ពួក​គាត់​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ ការ​ស្នើសុំ​នេះ ក្រោយ​ពេល​ពួក​គេ​ដឹង​ថា លោក ហោ ហេន អាយុ ៥៨​ឆ្នាំ កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​រ៉ាក់យ៉ង់ ប្រទេស​ថៃ ក្រោយ​ពី​បាត់​ដំណឹង​ជាច្រើន​ឆ្នាំ។

ពលរដ្ឋ​នៅ​ឃុំ​ចុងជាច លោក ហោ ជ្រឿន ឲ្យ​ដឹង​ថា បង​ប្រុស​របស់​លោក​ឈ្មោះ ហោ ហេន អាយុ ៥៨​ឆ្នាំ បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តាំង​ពី​ឆ្នាំ​១៩៩៦។ លោក​បន្ត​ថា តាំង​ពី​ចេញ​ទៅ​ធ្វើ​ការងារ​មួយ​រយៈពេល​ក្រោយ​មក ក៏​បាត់​ដំណឹង​សូន្យ​ឈឹង ប៉ុន្តែ​ថ្មីៗ​នេះ​មាន​អ្នក​ភូមិ​ក្បែរ​ខាង​ប្រាប់​ថា គេ​បាន​ឃើញ​លោក ហោ ហេន ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ គ្រាន់​តែ​ពួក​គេ​មិន​បាន​ដឹង​ថា ជាប់​គុក​ដោយសារ​រឿង​អ្វី ហើយ​ជាប់​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។ ប្រភព​ដដែល​បន្ថែម​ទៀត​ថា ក្រោយ​ពី​ដឹង​បែប​នេះ​ភ្លាម ក្រុម​គ្រួសារ​ក៏​បាន​នាំ​គ្នា​សុំ​កិច្ច​អន្តរាគមន៍​នៅ​សមាគម​អាដហុក ហើយ​គ្រោង​នឹង​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ថែម​ទៀត​ផង៖ « ខ្ញុំ​សុំ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ហ្នឹង​ជួយ​រក​បង​ខ្ញុំ ឲ្យ​បាន​ឃើញ​អ៊ីចឹង​បង​ណា៎ ! ព្រោះ​ខ្ញុំ​ម៉េច​ម៉ា​ឲ្យ​ដឹង​ដំណឹង ឲ្យ​គេ​ជួយ​ដោះស្រាយ​ឲ្យ​អ៊ីចឹង​បង »

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ មាន​ពលរដ្ឋ​ជិត ១០​គ្រួសារ​នៅ​ស្រុក​តំបែរ ដែល​បាន​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ក៏​បាន​នាំ​គ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​នៅ​សមាគម​អាដហុក​ដែរ។ ក្នុង​ចំណោម​ពលការិនី​ជិត ១០​នាក់​ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ទាំងនោះ គឺ​មាន​ម្នាក់​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ក្រោយ​ពេល​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​សមាគម​អាដហុក ទៅ​មេ​ខ្យល់ ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ គឺ​ពលការិនី​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ និង​ពលការិនី​ពីរ​នាក់​ផ្សេង​ទៀត បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ខាង​លោក​នឹង​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​នឹង​ទាក់ទង​ទៅ​ស្ថានទូត ឬ​ស្ថានកុងស៊ុល​កម្ពុជា នៅ​ប្រទេស​ថៃ ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុម​គ្រួសារ​បាន​ជួប​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ខេត្ត​រ៉ាក់យ៉ង់ ដើម្បី​ប្រាកដ​ថា​អ្នក​ជាប់​ឃុំ គឺ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី និង​ត្រូវ​ចាត់​វិធានការ​ដោយ​វិធី​ណា៖ « ប្រមូល​ព័ត៌មាន​ទាក់ទង​គាត់​ជាប់​គុក​ហ្នឹង​ឲ្យ​បាន​សិន ដើម្បី​បាន​យើង​អន្តរាគមន៍។ បើ​សិន​គាត់​ជាប់​ទោស​ដូច​រឿង​មុនៗ គ្រាន់​តែ​ធ្វើ​ដំណើរ​ឆ្លង​កាត់ គ្រាន់​តែ​ប៉ាសស្ព័រ​លើស ឬ​គ្រាន់​តែ​ប៉ាសស្ព័រ​មិន​មែន​ជា​ប៉ាសស្ព័រ​ការងារ ជា​ប៉ាសស្ព័រ​ទេសចរណ៍​បែរ​ជា​ទៅ​ធ្វើ​ការងារ អា​ហ្នឹង​អត់​អី​ទេ រឿង​អ៊ីចឹងៗ​លឿន​ទេ »

របាយការណ៍​សង្ខេប​របស់​សមាគម​អាដហុក ស្ដីពី​ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ គិត​ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៩ ខែ​តុលា គឺ​មាន​ចំនួន ២៣​នាក់ ក្នុង​នោះ​ស្រី ៩​នាក់។ ពួក​គេ​ចំណាក​ស្រុក​ទៅ​ប្រទេស​ម៉ាឡេស៊ី ច្រើន​ជាង​គេ បន្ទាប់​មក​ប្រទេស​ចិន និង​ចុង​ក្រោយ​ប្រទេស​ថៃ។ ក្នុង​ចំណោម​ពលករ​ចំនួន ២៣​នាក់ គឺ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​ចំនួន ៨​នាក់ ហើយ​ស្រី​មាន​ចំនួន ៣​នាក់។ ចំណែក​អ្នក​ជាប់​ពន្ធនាគារ​វិញ​មាន​ចំនួន ១០​នាក់ ហើយ​ដោះលែង​មក​វិញ​បាន​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។