គ្រួសារ​ពលករ​ចំណាក​ស្រុក​ចោទ​ក្រុមហ៊ុន​ថា​បោកប្រាស់​ប្រាក់​ជា​ថ្នូរ​នាំ​ទៅ​ធ្វើ​ការ​នៅ​ថៃ

0:00 / 0:00

គ្រួសារ​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ កំពុង​តែ​រក​កិច្ច​អន្តរាគមន៍​ដើម្បី​នាំ​យក​ប្រពន្ធ និង​កូន​នៅ​ប្រទេស​ថៃ​នោះ ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ ទន្ទឹម​នេះ ក្រុម​គ្រួសារ​ដដែល​នេះ​បាន​ចោទ ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ថៃ មួយ​ឈ្មោះ មជ្ឈមណ្ឌល អឹម.ស៊ី (MC) ពី​បទ​ឆបោក​ពួក​គាត់។

ចំណែក​ឯ​មន្ត្រី​ជាន់​នៃ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​ព្រៃវែង ឲ្យ​ដឹង​ថា គ្រួសារ​ជន​រងគ្រោះ​គួរតែ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​មន្ទីរ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ចំពោះ​ក្រុមហ៊ុន ប្រសិន​បើ​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ។

គ្រួសារ​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មួយ​ឈ្មោះ​មជ្ឈមណ្ឌល អឹម.ស៊ី បាន​បោកប្រាស់​យក​ប្រាក់​របស់​ពួក​គាត់​អស់​ជិត ២​ពាន់ (១.៩០០) ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​នាំ​សមាជិក​គ្រួសារ​របស់​គាត់ ៤​នាក់ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

លោក ជា ឆុន រស់​នៅ​ភូមិ​ពន្លៃ ឃុំ​បាបោង ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង អះអាង​ថា ជា​អ្នក​ចាញ់​បោក​ក្រុមហ៊ុន​នោះ បាន​ថ្លែង​ថា ភរិយា​និង​កូន​ប្រុស​ម្នាក់​បាន​ទៅ​ដល់​ប្រទេស​ថៃ​ ប៉ុន្តែ​មិន​មាន​ការងារ​ពិត​ប្រាកដ​ធ្វើ​ដូច​ការ​អះអាង​របស់​ក្រុមហ៊ុន​ដែល​មក​បញ្ចុះបញ្ចូល​នោះ​ទេ៖ «គ្រួសារ​ខ្ញុំ​ទៅ​ថៃ ពី​ដំបូង​ក្រុមហ៊ុន​អះអាង​ថា បាន​មួយ​ថ្ងៃ ៣០០​បាត​ប្រាក់​ថៃ ហើយ​ថែម​ម៉ោង ១​ម៉ោង ៥៥​បាត។ ខ្ញុំ​ប្រុង​ទៅ ៤​នាក់ ទាំង​កូន​ប្រពន្ធ និង​ខ្ញុំ សរុប​ទៅ​អស់ ១.៩០០​ដុល្លារ តែ​ទើប​តែ​ទៅ​បាន​ប្រពន្ធ និង​កូន។ តែ​លិខិត​ឆ្លង​ដែន​របស់​ប្រពន្ធ​ និង​កូន​ខ្ញុំ គឺ​ជា​ទិដ្ឋាការ​ឆ្លងដែន​បែប​ទេសចរណ៍ មិន​អាច​រក​ការងារ​បាន​ទេ ហើយ​កំណត់​បាន ២​សប្ដាហ៍​មិន​អាច​រក​ការងារ​បាន​ធ្វើ​ទៀត»

លោក​បន្ថែម​ទៀត​ថា ភរិយា​និង​កូន​ប្រុស​របស់​គាត់ ព្រមទាំង​ពលករ​ជនជាតិ​ខ្មែរ ៨​នាក់​ផ្សេង​ទៀត​ត្រូវ​គេ​បញ្ជូន​ទៅ​ក្បែរ​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា ប៉ុន្តែ​បច្ចុប្បន្ន​នេះ​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ថៃ ដើម្បី​មក​កាន់​ប្រទេស​កម្ពុជា​វិញ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ប្រធាន​ផ្នែក​ផ្នែក​ផ្សព្វផ្សាយ ជ្រើសរើស​ពលករ​របស់​មជ្ឈមណ្ឌល អឹម.ស៊ី នេះ​បាន​នៅ​ឡើយ​ទេ ដោយ​លេខ​ទូរស័ព្ទ​ទាំង ៣​ខ្សែ​របស់​ប្រធាន​ផ្នែក​នេះ​នៅ​ក្រៅ​តំបន់​សេវា​ទាំង​អស់។

ទោះ​យ៉ាង​ណា​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​ព្រៃវែង លោក ហែម ហឿន មាន​ប្រសាសន៍​ថា សុំ​ឲ្យ​គ្រួសារ​រងគ្រោះ​ដាក់​ពាក្យ​ប្ដឹង​មក​មន្ទីរ​ការងារ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចាត់​វិធាន​ការ​ចំពោះ​ក្រុមហ៊ុន​ដែល​នាំ​ពលករ​នោះ​ទៅ​តាម​ច្បាប់ ដោយ​មិន​ទុក​យូរ​ឡើយ៖ «ដាក់​បណ្ដឹង​មក​ខាង​មន្ទីរ​មក​ នោះ​មន្ទីរ​នឹង​ចុះ​ទៅ​ស្រាវជ្រាវ ហើយ​មើល​ថា ក្រុមហ៊ុន​នោះ​ស្រប​ច្បាប់ ឬ​មិន​ស្របច្បាប់។ បើ​គាត់​មិន​ស្របច្បាប់​នោះ​សមត្ថកិច្ច​ប៉ូលិស​នឹង​ធ្វើ​ការ ដោយ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ខាង​ប៉ូលិស​វិញ ព្រោះ​ខេត្ត​ព្រៃវែង មាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នោះ​យើង​អន្តរាគមន៍​ទៅ​ខាង​ជំនាញ​គេ​វិញ។ តែ​បើ​ក្រុមហ៊ុន​ស្របច្បាប់​នោះ មន្ទីរ​នឹង​ហៅ​ក្រុមហ៊ុន​នោះ មក​ឆ្លើយ​បំភ្លឺ​លើ​ករណី​ហ្នឹង»

លោក​បាន​បញ្ជាក់​ទៀត​ថា កាល​ពី​ឆ្នាំ​២០១៣ មន្ទីរ​ការងារ​ខេត្ត​ព្រៃវែង បាន​ដោះស្រាយ​បញ្ហា​ពលករ​ចំណាក​ស្រុក​បាន​ប្រហែល ១០០​នាក់ ហើយ​ឆ្នាំ​២០១៤ ដោះស្រាយ​បាន​ជិត ៣០០​នាក់។ ការ​កើន​ឡើង​នេះ​គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​ច្បាប់ និង​សុវត្ថិភាព​ចំពោះ​ការ​ធ្វើ​ចំណាក​ស្រុក។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រៃវែង គឺ​អ្នកស្រី អ៊ាង គឹមលី ថ្លែង​ថា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រៃវែង ហាក់​ងាយ​រងគ្រោះ​មេខ្យល់ ឬ​ក្រុមហ៊ុន​ដែល​អូសទាញ​ថា នៅ​ប្រទេស​ថ មាន​ការងារ​សម្បូរ ឬ​ប្រាក់​ខែ​ច្រើន​ជា​ដើម ហើយ​ក្រុមហ៊ុន​ខ្លះ​ទៀត​ដែល​ទំនង​ស្របច្បាប់​នោះ​គឺ​បន្លំ​ធ្វើ​ទិដ្ឋាការ​ឆ្លង​ដែន​របៀប​ទេសចរណ៍​ឲ្យ​ពួក​គាត់​ទៅ​វិញ៖ «នៅ​ពេល​ដែល​ពួក​គាត់​ទៅ​មិន​អាច​រក​ការងារ​ធ្វើ​ផង ដោយ​មាន​គេ​ចាប់​បញ្ជូន​មក​វិញ។ ករណី​នេះ​ខ្ញុំ​គិត​ថា អាជ្ញាធរ​គួរតែ​ពិនិត្យ​មើល​ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ ជ្រើសរើស​ឬ​នាំ​ពលករ​ទៅ​ប្រទេស​ថៃ នោះ ដើម្បី​ជាស​វាង​កំឲ្យ​ពលករ​ខ្មែរ​ត្រូវ​បាន​ក្រុមហ៊ុន​បោក​ប្រាស់​ ដោយ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ ព្រោះ​នៅ​ពេល​ដែល​ពួក​គាត់​ចេញ​ទៅ​រក​ការងារ គឺ​ត្រូវ​ខ្ចីលុយ ចង​ការ​ប្រាក់​គេ តែ​ដល់​ជួប​ស្ថានភាព​ជាក់​ស្ដែង​មិន​ដូច​ការ​រំពឹង​របស់​គាត់​ទេ»

ប្រជាពលរដ្ឋ​ខេត្ត​ព្រៃវែង ប្រហែល ៤​ម៉ឺន​នាក់​បាន​ចេញ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ទៅ​ក្រៅ​ប្រទេស ហើយ​ជាង ១៨​ម៉ឺន​នាក់​បាន​ចេញ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ក្នុង​ចំណោម​ពលរដ្ឋ​ទូទាំង​ខេត្ត​នេះ​សរុប​ប្រមាណ​ជាង ១​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។