ក្រសួង​យុត្តិធម៌​បង្ហាញ​ឆន្ទៈ​ចូលរួម​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព

0:00 / 0:00

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស រក​ឃើញ​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា នៅ​តែ​មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ទាក់ទង​បញ្ហា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​នាំ​ញត្តិ និង​សារ​រូបភាព​របស់​ប្រជាពលរដ្ឋ​ជិត ៣០០​សន្លឹក ទៅ​ប្រគល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ។ ញត្តិ និង​សារ​រូបភាព​ទាំង​នោះ អំពាវនាវ​ឲ្យ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ តំណាង​ឲ្យ​លោក​រដ្ឋមន្ត្រី អង្គវង្ស វឌ្ឍនា បាន​ស្វាគមន៍​ទទួល​យក​ញត្តិ​ពី​មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដោយ​រីករាយ ព្រម​ទាំង​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ចូលរួម​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព​នេះ។ ការ​ថ្លែង​បែប​នេះ នៅ​ក្នុង​ជំនួប​ទទួល​ញត្តិ​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ធ្នូ។

នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បង្ហាញថា ក្នុង​កញ្ចប់​ញត្តិ​នោះ​រួម​មាន​សេចក្តី​សង្ខេប​វិភាគ​នូវ​បញ្ហា​ដែល​នាំ​ឲ្យ​កើត​ឡើង​នូវ​និទ្ទណ្ឌភាព និង​មាន​ភ្ជាប់​នូវ​ករណី​ជាក់ស្តែង​មួយ​ចំនួន ដូចជា​ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មការិនី ៣​នាក់​ឱ្យ​របួស ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​នាំ​ខ្លួន​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ និង​លោក ជា វិជ្ជា លោក ឈុត វុទ្ធី ជាពិសេស​ការ​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ភាគី​សហជីព និង​កម្មករ​ទេ​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​សាកសួរ​លើ​បទ​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ចំណែក​ភាគី​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ជា​អ្នក​បង្ក្រាប និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត មិន​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​ឡើយ។

ករណី​ទាំង​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដោយ​ស្មើ​ភាព​គ្នា៖ «មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចង់​អំពាវនាវ​ឲ្យ​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​ដែល​កើត​ឡើង»

ញត្តិ​របស់​ពលរដ្ឋ​ជាច្រើន បាន​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​ក្នុង​សង្គម។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​ពិនិត្យ​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ បញ្ហា​និទ្ទណ្ឌភាព​មិន​ត្រូវ​បាន​ថយ​ចុះ​ទេ ហើយ​នៅ​បរិបទ​ចុង​ក្រោយ​នេះ បញ្ហា​ដដែល​រឹត​តែ​ធ្វើ​ឲ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ទ្វេ​ឡើង​ថែម​ទៀត៖ «យើង​សង្ឃឹម​ថា​នឹង​មាន​ការ​ស៊ើប​អង្កេត​មួយ​ពិត​ប្រាកដ ដើម្បី​ធានា​ថា ជនល្មើស​នឹង​ត្រូវ​បាន​នាំ​មក​ផ្ដន្ទាទោស បើ​សិន​ជា​នៅ​បន្ត​វប្បធម៌​និទ្ទណ្ឌភាព​នេះ នឹង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ»

ការ​ដាក់​ញត្តិ និង​សារ​រូបភាព​របស់​ប្រជាពលរដ្ឋ​ទៅ​ក្រសួង​យុត្តិធម៌ ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើ​យុទ្ធនាការ​ប្រឆាំង​និទ្ទណ្ឌភាព​នៅ​កម្ពុជា ដោយ​ទទួល​សារ​ពី​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។ ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា រហូត​មក​ដល់​ដើម​ខែ​ធ្នូ នេះ មាន​មនុស្ស​ចំនួន ២៦៣​នាក់ បាន​ថត​រូប​របស់​ខ្លួន​ដោយ​មាន​កាន់​ភ្ជាប់​នូវ​សារ «សូម​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា» ផ្ញើ​មក​កាន់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ។

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក (adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា អំពើ​និទ្ទណ្ឌភាព​ក្នុង​ឆ្នាំ​២០១៤ នេះ អង្គការ​លោក​រក​ឃើញ​ថា​មាន​ចំនួន​កើន​ឡើង​ប្រមាណ ៥០% លើស​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ៖ «បញ្ហា​នេះ​កើត​ឡើង​មាន​ច្រើន​រូបភាព​ណាស់ មាន​ទាំង​អំពើ​ពុក​រលួយ មន្ត្រី​នគរបាល​យុត្តិធម៌​មិន​មាន​លទ្ធភាព ឬ​សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត ហើយ​អំពើ​និទ្ទណ្ឌភាព​ដែល​កើត​ច្រើន​ជាង​គេ គឺ​ពាក់ព័ន្ធ​ឥទ្ធិពល​នយោបាយ​នៃ​អ្នក​ដែល​មាន​ឥទ្ធិពល​អំណាច​ខ្ពស់»

លោក​បន្ត​ថា បញ្ហា​និទ្ទណ្ឌភាព​នេះ​កើត​មាន​ឡើង​តាំង​ពី​ដំណាក់​កាល​ដំបូង​នៅ​ថ្នាក់​នគរបាល​យុត្តិធម៌​ក្នុង​មូលដ្ឋាន រហូត​ដល់​ស្ថាប័ន​អយ្យការ តុលាការ ចៅក្រម ជាដើម។

អ្នកស្រី ចក់ សុភាព ថ្លែង​ថា និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​តែ​ជា​វប្បធម៌​ដ៏​អាក្រក់​សម្រាប់​សង្គម​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។