សហគមន៍ព្នង ភូមិឡៅកា សង្កាត់រមនា ក្រុងសែនមនោរម្យ ៧គ្រួសារ បានប្ដឹងម្ចាស់ក្រុមហ៊ុន វីឡែក ឌីវឺឡប់មែន (Village Development) ពីបទឈូសឆាយដីព្រៃសហគមន៍បំផ្លាញព្រៃឈើ និងរំលោភកាប់បំផ្លាញដើមឈើផលិតជ័រទឹក ឬដើមច្បោះរបស់អ្នកភូមិរាប់រយដើម។
ប៉ុន្តែ ពាក្យប្ដឹងរបស់អ្នកភូមិដាក់ជូនអាជ្ញាធរមូលដ្ឋាន និងតុលាការជាងមួយឆ្នាំកន្លងទៅនេះ មិនទាន់ឃើញមានដំណោះស្រាយ។ ផ្ទុយទៅវិញ អ្នកភូមិក្លាយជាជនរងគ្រោះ ដោយសារកិច្ចការពារដីធ្លីព្រៃឈើធនធានធម្មជាតិ។
តំណាងអ្នកភូមិឡៅកា ៣នាក់ កំពុងប្រឈមមុខនឹងបណ្ដឹងបរិហារកេរ្តិ៍តាមផ្លូវតុលាការ ដោយសារតែអភិបាលរងខេត្តមណ្ឌលគិរី ប្ដឹងចោទប្រកាន់ពួកគាត់។
តំណាងអ្នកភូមិទាំងបីនាក់ គឺអ្នកស្រី ក្វើង ទុំ លោក ផ្លឺក ម៉ាល់ និងលោក គិ ងាវ។ អ្នកទាំងបីនាក់ តំណាងឲ្យអ្នកភូមិឡៅកា ជាង ២០០គ្រួសារ ដែលដឹកនាំការពារព្រៃឈើសហគមន៍ បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ព្រៃការពារ និងកាប់យកឈើផលិតជ័រទឹករបស់អ្នកភូមិ ដើម្បីយកដីដាំកៅស៊ូ។
មន្ត្រីអយ្យការតុលាការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានចេញដីកាកោះហៅតំណាងអ្នកភូមិទាំងបីរូប ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការនៅថ្ងៃទី៥ ខែធ្នូ ក្នុងបទចោទប្រកាន់បរិហារកេរ្តិ៍ ក៏ប៉ុន្តែអ្នកភូមិបានស្នើសុំតុលាការពន្យារពេលចូលខ្លួន ដោយសារអ្នកភូមិទទួលបានដីកាពីរថ្ងៃមុនពេលកំណត់ចូលខ្លួន។
តំណាងមួយរូប គឺអ្នកស្រី ក្វើង ទុំ ហៅការចោទប្រកាន់បទបរិហារកេរ្តិ៍របស់ លោក យឹម លុច ថាជាចេតនាប្រើប្រាស់ប្រព័ន្ធតុលាការ គាបសង្កត់ឲ្យអ្នកភូមិទទួលយកប្រាក់សំណងតិចតួច ដែលក្រុមហ៊ុនយល់ព្រមសងទៅលើសកម្មភាពកាប់ដើមច្បោះប្រជាពលរដ្ឋ ប៉ុន្តែពលរដ្ឋជំទាស់មិនទទួលយកប្រាក់នោះទេ។
ដោយឡែកអ្នកភូមិ នៅតែទាមទារប្ដឹងឲ្យក្រុមហ៊ុនទទួលខុសត្រូវលើការឈូសឆាយដីព្រៃសហគមន៍ និងទាមទារឲ្យប្រគល់ដីនោះមកអ្នកភូមិគ្រប់គ្រងវិញ។ អ្នកស្រីកត់សម្គាល់ថា អ្នកភូមិមិនបានដឹងថា ម្ចាស់ក្រុមហ៊ុនឈ្មោះអ្វីពិតប្រាកដនោះទេ ក៏ប៉ុន្តែកម្មករក្រុមហ៊ុនដែលពាក់ព័ន្ធជួលទៅកាប់រានឈូសឆាយព្រៃសហគមន៍អះអាងថា ម្ចាស់ក្រុមហ៊ុន គឺលោក យឹម លុច ជាអ្នកជួលពួកគេមកកាប់ឆ្ការព្រៃនេះ៖ «គ្មានខ្លាចស្អីទេ បើជាក់ស្តែងពួកខ្ញុំចុះល្បាតប្រទះឃើញកម្មករគេឈូសឆាយ គេថា យឹម លុច បញ្ជាគេឈូស»។
កាលពីខែធ្នូ ឆ្នាំ២០១៣ អ្នកភូមិ ៧គ្រួសារ បានដាក់ពាក្យប្ដឹង លោក យឹម លុច ពីបទពាក់ព័ន្ធឈូសឆាយដីព្រៃឈើសហគមន៍ជាង ៣០ហិកតារ និងកាប់ដើមច្បោះពួកគាត់អស់ជិត ៤០០ដើម។ រហូតមកទល់នឹងខែមិថុនា ឆ្នាំ២០១៤ ព្រះរាជអាជ្ញារងអមតុលាការខេត្តមណ្ឌលគិរី បានចេញដីកាសម្រេចមិនចាត់ការពាក្យបណ្ដឹងអ្នកភូមិនោះទេ។
តំណាងអ្នកភូមិមួយរូបទៀត គឺលោក ផ្លឹក ម៉ាល់ ចាត់ទុកដីកាសម្រេចមិនចាត់ការរបស់មន្ត្រីអយ្យការ ថាជាការរំលោភទៅលើសិទ្ធិជនជាតិដើមភាគតិចអ្នកអភិរក្សធនធានធម្មជាតិ និងចាត់ទុកថាជាចំណាត់ការអយុត្តិធម៌ ដែលប្រព័ន្ធតុលាការសម្រេចទៅលើរឿងក្តីរបស់សហគមន៍ជនជាតិដើមភាគតិច។ លោកអំពាវនាវសុំឲ្យស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ស៊ើបអង្កេតរឿងក្តីនេះ ហើយផ្តល់យុត្តិធម៌ពិតប្រាកដដល់អ្នកភូមិ៖ «យើងទៅដងជ័រឃើញវាឈូសហ្នឹង ជួបនៅហ្នឹង សួរកម្មករថាខ្ញុំស៊ីឈ្នួលគេទេ យឹម លុច ឲ្យខ្ញុំឈូស»។
អាជ្ញាធរក្រុងសែនមនោរម្យ បានព្យាយាមសម្របសម្រួលដោះស្រាយពាក្យប្ដឹងអ្នកភូមិចំនួនបីលើក ក៏ប៉ុន្តែមិនបានលទ្ធផលនោះទេ។ ជាការពិត ភាគីអ្នកភូមិទាមទារសំណងដើមច្បោះមួយដើម ១លានរៀល ក៏ប៉ុន្តែក្រុមហ៊ុនយល់ព្រមសងតែ ១០ម៉ឺនរៀល ហើយទាមទារឲ្យអ្នកភូមិប្រគល់ដីដែលក្រុមហ៊ុនបានឈូសឆាយ។
ជាស្វាមីម្ចាស់ក្រុមហ៊ុន វីឡែក ឌីវឺឡប់មែន លោក យឹម លុច បដិសេធថា លោកមិនបានពាក់ព័ន្ធទទួលខុសត្រូវការចោទប្រកាន់របស់អ្នកភូមិ ជាមួយភរិយាលោកជាម្ចាស់ក្រុមហ៊ុននោះឡើយ។ ហេតុនេះ អ្នកភូមិប្ដឹងចោទរូបលោកថាជាអ្នកកាប់បំផ្លាញព្រៃឈើសហគមន៍ នាំឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរូបលោកផ្ទាល់។ លោកបដិសេធថា ពាក្យប្ដឹងរបស់លោកទៅលើតំណាងអ្នកភូមិ មិនមែនជាចេតនាបំបាក់ស្មារតី ឬគំរាមកំហែងស្មារតីអ្នកភូមិអ្វីទេ គឺដើម្បីភាពត្រឹមត្រូវតែប៉ុណ្ណោះ៖ «បងប្អូនសុទ្ធជាប្រជាជនរបស់ខ្ញុំ មិនមែនជាចេតនារបស់បងទេ អាហ្នឹងគ្រាន់ថាផ្លូវច្បាប់នៅពេលគាត់បង្ខូចកេរ្តិ៍ឈ្មោះរបស់យើង យើងត្រូវធ្វើអ៊ីចឹង»។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកបណ្ដឹងចោទប្រកាន់បរិហារកេរ្តិ៍ចំពោះអ្នកភូមិជនជាតិដើមភាគតិច ជាសកម្មជនការពារព្រៃឈើធនធានធម្មជាតិ ថាជាការរំលោភសិទ្ធិជនជាតិដើមភាគតិច ដែលច្បាប់ជាតិអន្តរជាតិបានគាំពារ។ លោកបន្តថា សមាគមអាដហុក បានផ្តល់កិច្ចអន្តរាគមន៍ផ្លូវច្បាប់ ដើម្បីការពារសិទ្ធិជនជាតិដើមភាគតិច ជាពិសេសប្រជាពលរដ្ឋភូមិឡៅកា ដែលកំពុងរងការរំលោភបំពាន និងផ្តល់ភាពអយុត្តិធម៌ពីសំណាក់មន្ត្រីតុលាការ៖ «ដោយសារយើងឃើញរឿងនេះ នឹងឈានដល់ដំណាក់កាលនេះ ហើយអ៊ីចឹងយើងផ្តល់ជូនមេធាវី ដើម្បីការពារប្រជាពលរដ្ឋបន្ថែមទៀតទៅលើករណីនេះផងដែរ។ ពួកគាត់ជាជនជាតិដើមភាគតិច មិនមានចំណេះដឹងផ្លូវច្បាប់ ដើម្បីទៅបំភ្លឺនៅមុខតុលាការបាន»។
ដូចគ្នានេះដែរ ប្រធានកម្មវិធីដីធ្លី ធនធានធម្មជាតិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ជុំ ណារិន ថ្លែងថា ចំណាត់ការរបស់មន្ត្រីតុលាការ មិនឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់បានត្រឹមត្រូវនោះទេ។ លោកពន្យល់ថា អ្នកភូមិមានអង្គហេតុត្រឹមត្រូវ ដែលអាចប្ដឹង លោក យឹម លុច បាន បើទោះបីលោកបដិសេធថាមិនមែនជាម្ចាស់ក្រុមហ៊ុនក្តី។ ផ្ទុយទៅវិញ ប្រព័ន្ធតុលាការទេដែលអនុវត្តច្បាប់មិនបានត្រឹមត្រូវលម្អៀងលើអ្នកមានប្រាក់៖ «ប្រជាពលរដ្ឋគាត់ឈរលើជំហរហ្នឹងហើយ សម្រេចចិត្តថាប្ដឹងហ្នឹងត្រឹមត្រូវហើយ។ ប៉ុន្តែគ្រាន់ថាប្រព័ន្ធតុលាការមិនឯករាជ្យ ច្រើនតែធ្វើការបំពេញភាគីណាដែលមាន»។
ទោះជាយ៉ាងនេះក្តី អ្នកភូមិឡៅកា កាលពីខែកក្កដា បានប្ដឹងទាស់ដីកាលើកលែងការចោទប្រកាន់របស់មន្ត្រីអយ្យការតុលាការខេត្តមណ្ឌលគិរី ទៅតុលាការសាលាឧទ្ធរណ៍ ក៏ប៉ុន្តែរហូតពេលនេះ មិនទាន់មានការឆ្លើយតប។ អ្នកភូមិអះអាងថា នឹងចូលខ្លួនទៅបំភ្លឺចំពោះរឿងក្តីចោទប្រកាន់បរិហារកេរ្តិ៍ និងទទួលខុសត្រូវចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
