ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត

0:00 / 0:00

ក្រុម​អ្នក​សារព័ត៌មាន​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​វាយ​ប្រហារ​ហិង្សា​ពី​កងកម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល នៅ​ពេល​ដែល​ពួកគេ​ទៅ​យក​ព័ត៌មាន និង​ថត​ផ្តិត​យក​រូបភាព។ ការ​វាយ​ប្រហារ​មិន​រើស​មុខ​របស់​កម្លាំង​បង្ក្រាប​បាតុកម្ម​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​លើ​អ្នក​កាសែត​ជាតិ អន្តរជាតិ​នេះ ធ្វើ​ឲ្យ​មានការ​រិះគន់​ជាច្រើន ពិសេស​ទៅ​លើ​ស្ថាប័ន​ក្រសួង​ព័ត៌មាន ដែល​ជា​អាណាព្យាបាល​របស់​អ្នក​កាសែត បន្ទាប់ពី​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​នេះ​លើក​ឡើង​ថា ការ​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​គឺ​ជា​រឿង​ចៃដន្យ ខណៈ​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​អោយ​គោរព​សេរីភាព និង​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។

ការ​រិះគន់​ផ្ទួនៗ​ចំពោះ​ការ​វាយ​ប្រហារ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​ជាតិ អន្តរជាតិ ពី​កងកម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ចេញ​សេចក្ដី​ថ្លែងការណ៍​ដ៏​កម្រ​មួយ​ចំ​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ថ្កោល​ទោស​ចំពោះ​ការ​គំរាម​កំហែង​ហិង្សា​ទៅ​លើ​អ្នក​កាសែត។

​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៤ ឧសភា ដោយ​ចាត់​ទុក​ការ​គំរាម​កំហែង​អំពើ​ហិង្សា ការ​រឹប​អូ​សម្ភារៈ និង​ការ​ប្រមាថ​ចំពោះ​អ្នក​កាសែត ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

ក្រសួង​ព័ត៌មាន អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា បាតុករ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច កងកម្លាំង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ត្រូវ​ប្រកាន់​យក​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព និង​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។

​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​២​ថ្ងៃ ក្រោយ​មាន​ការ​វាយប្រហារ​ហិង្សា​ទៅ​លើ​អ្នក​កាសែត វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​អ្នក​កាសែត​បរទេស កាល​ពី​ថ្ងៃ​ទី​២ ឧសភា នៅ​ពេល​ដែល​ពួកគេ​ទៅ​យក​ព័ត៌មាន និង​ថត​ផ្ដិត​យក​សកម្មភាព​ដែល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​តវ៉ា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

​ក្រុម​អ្នក​សារព័ត៌មាន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការវិវត្តន៍​ចុង​ក្រោយ​របស់​កម្លាំង​បង្ក្រាប​បាតុកម្ម​ប្រឆាំង​អ្នក​តវ៉ា ហើយ​យុទ្ធសាស្ត្រ​នៃ​ការ​បង្ក្រាប​នេះ បាន​ងាក​ទិសដៅ​មក​លើ​អ្នក​សារព័ត៌មាន នៅ​ពេល​ដែល​កម្លាំង​បង្ក្រាប​ទាំង​នោះ មិន​ចង់​ឲ្យ​ធ្លាយ​រូបភាព ឬ​ព័ត៌មាន​ពី​ការ​ប្រើ​អំពើ​ហិង្សា​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​ទំព័រ​សារព័ត៌មាន​នានា។

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ បារម្ភ​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន​នៅ​ពេល​នេះ គឺ​មិន​មាន​ប្រសិទ្ធភាព​និង​ឥទ្ធិពល​អ្វី​ជា​ដុំកំភួន ដើម្បី​រារាំង​ចំពោះ​ក្រុម​កម្លាំង​បង្ក្រាប​របស់​រដ្ឋាភិបាល​ដែល​វាយ​ប្រហារ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ឡើយ។

លោក មឿន ឈានណារិទ្ធ៖ «សូម្បី​តែ​រាជរដ្ឋាភិបាល​ក៏​តែងតែ​អះអាង​ថា ប្រទេស​កម្ពុជា​យើង​គោរព​នូវ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ជា​អកុសល ការ​អនុវត្ត​ជាក់ស្ដែង​តែងតែ​រំលោភ​លើ​សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញ​មតិ។ អ៊ីចឹង​យើង​មិន​ដឹង​ថា តើ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន មាន​ឥទ្ធិពល ឬ​មាន​អំណាច​កម្រិត​ណា​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​អនុវត្ត​ច្បាប់។ អ្វី​ដែល​យើង​សោក​ស្ដាយ​នោះ គឺ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ត្រូវ​គេ​វាយ​ប្រហារ គឺ​ក្រុម​អ្នក​វាយ​ប្រហារ គឺ​ក្រុម​អ្នក​អត់​យល់​ច្បាប់​សោះ»

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អោយ​គោរព​សេរីភាព និង​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ជំរុញ​អោយ​រដ្ឋាភិបាល​ចេញ​បញ្ជា​ភ្លាមៗ អោយ​កងកម្លាំង​អាជ្ញាធរ​បញ្ចៀស​ការ​ដៅ​មុខសញ្ញា​លើ​អ្នក​សារព័ត៌មាន និង​ស៊ើបអង្កេត​រាល់​ការ​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន។

​សម្រាប់​ឆ្នាំ​២០១៤ នេះ អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន ឈ្មោះ ហ្វ្រីឌឹម ហោស (Freedom House) បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ជាប់​លេខ​រៀង​ទី​១៤៧ ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​១៩៧។ គិត​មក​ត្រឹម​ឆ្នាំ​២០១៤ នៅ​កម្ពុជា មាន​អ្នកសារព័ត៌មាន​ចំនួន ១២​នាក់​ត្រូវ​បាន​សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។