ប៉ូលិស​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​គំរាម​សម្លាប់​សកម្មជន​សិទ្ធិ​មនុស្ស

មន្ត្រី​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី កោះ​អញ្ជើញ​សកម្មជន​សិទ្ធិ​មនុស្ស​បី​នាក់​ចូល​បំភ្លឺ​រឿង​ក្តី​ចោទ​ប្រកាន់​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ថា គំរាម​ប៉ុនប៉ង​បើក​រថយន្ត​បុក​សម្លាប់ ខណៈ​ក្រុម​សិទ្ធិ​មនុស្ស​និង​សមាជិក​សហគមន៍​នាំ​គ្នា​ចុះ​អង្កេត​បទល្មើស​ព្រៃ​ឈើ​ទាក់ទិន​មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ជា​ម្ចាស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​នោះ។

0:00 / 0:00

មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី បើក​ការ​ស៊ើប​អង្កេត​លើក​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​មករា ទាក់ទិន​បណ្ដឹង​ចោទ​ប្រកាន់​ទៅ​លើ​ករណី​គំរាម​បើក​រថយន្ត​បុក​សម្លាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី។

ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វ៉ាន់នី មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មជន​ទាំង​បី​នាក់​បាន​ចូល​មក​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​រួច​ហើយ។ លោក​បន្ត​ថា មន្ត្រី​ជំនាញ​នឹង​សាកសួរ​ដើម​ចោទ​ជុំវិញ​រឿង​ចោទ​ប្រកាន់។ បន្ទាប់​មក​សមត្ថកិច្ច​នឹង​កោះ​អញ្ជើញ​ភាគី​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ ព្រម​ទាំង​ធ្វើ​ការ​សម្របសម្រួល​ភាគី​ទាំង​ពីរ​បើ​អាច​ធ្វើ​ទៅ​បាន។

លោក ញ៉ែម វ៉ាន់នី៖ «បាន​ទទួល​ពាក្យ​បណ្ដឹង អ៊ីចឹង​យើង​សួរ​ឲ្យ​អស់​លម្អិត​សិន​ពី​រឿង​ហេតុ​ហើយ​និង​គោលបំណង​យើង​ចង់​ធ្វើ​ម៉េច​អ្នក​ដើម​បណ្ដឹង​ហ្នឹង បន្ទាប់​មក​បាន​យើង​ហៅ​ខាង​ណោះ​មក​ធ្វើ​ការ។ ប្រសិន​រឿង​ហ្នឹង​យើង​អាច​ផ្សះផ្សា​បាន​ទេ យើង​បញ្ចប់​ត្រឹម​ហ្នឹង​ទៅ»

សកម្មជន​អង្គការ​អាដហុក ៣​រូប រួម​មាន៖ មន្ត្រី​សម្របសម្រួល​ខេត្ត លោក សុក រដ្ឋា សហការី​ជំនួយ​ការ​លោក ប៊ុន ចន្ថា និង​សហការី​ឈ្មោះ ឡេ កៅ។ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​មករា​ ឆ្នាំ​២០១៤ អ្នក​ទាំង​បី​បាន​ប្ដឹង​មេការ​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន វីឡា ស៊ូភើមែន (Village Supper Man) ឈ្មោះ ខុម និង​បក្ស​ពួក​ថា​បាន​បើក​រថយន្ត​ពីរ​គ្រឿង​គំរាម​បុក​សម្លាប់​សកម្មជន​ទាំង​បី រួម​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍ ៩​នាក់ រស់​នៅ​ភូមិ​ឡៅការ ឃុំ​សុខដុម ក្រុង​សែនមនោរម្យ។ ទាំង​អស់​គ្នា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រៃ​សហគមន៍​ដើម្បី​ស៊ើប​អង្កេត​ពី​បទល្មើស​ព្រៃឈើ​ដែល​សហគមន៍​ចោទ​ប្រកាន់​ម្ចាស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ គឺ​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក យឹម លុច ថា​រំលោភ​បំពាន​ឈូស​ឆាយ​យក​ដី និង​កាប់​យក​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ក្នុង​ព្រៃ​សហគមន៍​អស់​រាប់​រយ​ដើម។ ចំណែក​អ្នក​ជំនួញ​ឈើ ឧកញ៉ា លឹម ប៊ុនណា គឺ​ជា​អ្នក​ប្រមូល​ទិញ​ឈើ​នោះ​នាំ​ចេញ​ទៅ​ទីផ្សារ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា មាន​សាក្សី​ច្រើន​នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​គំរាម​សម្លាប់​នេះ។ លោក​អះអាង​ថា នឹង​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​លុះ​ត្រា​ទទួល​បាន​យុត្តិធម៌​ក្នុង​រឿង​ក្តី​នេះ៖ «គោល​ជំហរ​ខ្ញុំ​នៅ​តែ​អត្តនោម័ត​ថា គាត់​ពិត​ជា​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​លើ​យើង ហើយ​បង្កើត​ឲ្យ​មាន​រូបភាព​គំរាមកំហែង​បំបាក់​ស្មារតី​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មេការ​ក្រុមហ៊ុន​ឈ្មោះ ខុម និង​អភិបាល​រង​ខេត្ត លោក យឹម លុច សុំ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា។ ប៉ុន្តែ​កាសែត​ក្នុង​ស្រុក​មួយ កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ បាន​ស្រង់​សម្ដី​មេការ​ក្រុមហ៊ុន​ឈ្មោះ ខុម ក្នុង​ការ​ផ្សាយ​របស់​ខ្លួន​ថា ក្រុម​មន្ដ្រី​អង្គការ​អាដហុក និង​​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ចម្ការ​កៅស៊ូ​ឯកជន នៅ​គ្រា​ដែល​កូន​កៅស៊ូ​នៅ​តូច ដូច្នេះ​ម្ចាស់​ចម្ការ​ភ័យ​ខ្លាច​កូន​កៅស៊ូ​របស់​ខ្លួន​បាក់ ពេល​ពួក​គេ​គ្នា​ច្រើន​ជិះ​ម៉ូតូ​មិន​ស្គាល់​ផ្លូវ​ ដោយ​មិន​សុំ​ច្បាប់​ម្ចាស់​ចម្ការ​កៅស៊ូ​ជា​មុន។ នៅ​ពេល​ដែល​សន្តិសុខ​ព្យាយាម​ស្រែក​ហៅ​ឱ្យ​ពួក​គេ​ត្រឡប់​មក​វិញ​ និង​ស៊ីផ្លេ​រថយន្ត​ឱ្យ​ពួក​គេ​ឈប់ ដើម្បី​សន្តិសុខ​ជូន​ដំណើរ​ទៅ​នោះ​ ក្រុម​មន្ដ្រី​អង្គការ​ អាដហុក អះអាង​ថា គំរាម​កំហែង​ទៅ​វិញ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ សមាជិក​សហគមន៍​ដែល​ឋិត​ក្នុង​ហេតុការណ៍ អ្នកស្រី ខ្វើន តុម អះអាង​ថា ការ​បកស្រាយ​នេះ​គឺ​ជា​ការ​បំផ្លើស។ អ្នកស្រី​បន្ត​ថា នឹង​ចូល​ខ្លួន​ជា​សាក្សី​បំភ្លឺ​ក្នុង​រឿង​ក្តី​នេះ៖ «ប្រជាពលរដ្ឋ​ធ្លាប់​ចេញ​ចូល​តាំង​ពី​ដូនតា​រហូត​ដល់​ឥឡូវ​ហ្នឹង គេ​ធ្វើ​ផ្លូវ គេ​ធ្វើ​ស្រែ​ខាង​មុខ គេ​ទៅ​ដង​ជ័រ​តាម​ហ្នឹង​រហូត​ហ្នឹង។ ប៉ះពាល់​ដើម​កៅស៊ូ​គាត់​ឯ​ណា​គាត់​រក​ដេញ​បុក​ពួក​ខ្ញុំ ដេញ​បំបុក​អង្គការ​អាដហុក»

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​សកម្មភាព​ប៉ុនប៉ង​ធ្វើ​ឃាត​នេះ និង​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ និង​ផ្ដន្ទាទោស​ជន​ដៃដល់​ក្នុង​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។