ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ​១​ពាន់​នាក់​គ្រោង​ហែ​ក្បួន​នៅ​មណ្ឌលគិរី

ដោយ រដ្ឋា វិសាល
2014.08.07
សិទ្ធិ​មនុស្ស​៣០៥ ១០-ធ្នូ-០៩: ក្រុម​ជនជាតិ​ភាគ​តិច​សម្ដែង​របាំ​ប្រពៃណី​ដើម្បី​អបអរ​សាទរ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦១ នៅ​មុខ​វត្ត​បទុមវត្តី ក្នុង​រាជធានី​ភ្នំពេញ។
RFA/Leng Maly

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ១​ពាន់​នាក់​មក​ពី​ស្រុក​ក្រុង​ចំនួន​៥ ក្នុង​ខេត្ត​មណ្ឌលគិរី គ្រោង​ហែ​ក្បួន​អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ពិភពលោក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ខាង​មុខ​នេះ បើ​ទោះ​បី​អាជ្ញាធរ​ខេត្ត​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បូន​យ៉ាង​ណា​ក្តី។

តំណាង​សហគមន៍​លោក ផ្លឹក ម៉ាល់ បញ្ជាក់​ថា តំណាង​សហគមន៍ ១១​នាក់ បាន​ប្រជុំ​ឯកភាព​​គ្នា​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ថា នឹង​រៀបចំ​ហែ​ក្បួន​ដូច​កម្មវិធី​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​លោក​អភិបាល​ខេត្ត។ លោក​ថា អាជ្ញាធរ​ខេត្ត​មិន​យល់ព្រម​ឲ្យ​ហែ​ក្បួន​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​បម្រាម​នេះ។ ប្រការ​នេះ អ្នក​ភូមិ​យល់​ថា នេះ​ជា​ការ​បំបិទ​សេរីភាព និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ជនជាតិ​ដើម​ភាគ​តិច។

លោក ផ្លឹក ម៉ាល់៖ «សុំ​ហើយ​តើ! គេ​មិន​ឲ្យ​ក៏​យើង​នៅ​តែ​ហែ ព្រោះ​ស្អី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ដូចជា​គ្មាន​សិទ្ធិ​សោះ។ អ៊ីចឹង​ដូចជា​បំពាន​លើ​ប្រជាពលរដ្ឋ​ទាំង​ស្រុង អត់​មាន​ដោះ​ស្រាយ​ឲ្យ​​ប្រជាពលរដ្ឋ។ បើ​គេ​បង្ក្រាប បង្ក្រាប​ទៅ យើង​មិន​ខ្លាច​ទេៗ យើង​ធ្វើ​ស្អី​ខុស​ដល់​គេ យើង​គ្រាន់តែ​ថា ដើម្បី​ឲ្យ​គេ​ឃើញ​ថា ប្រជាពលរដ្ឋ​ចេះ​សាមគ្គី​គ្នា»

អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហ៊ាង បាន​ចុះ​ហត្ថលេខា​ឯកភាព​លើ​លិខិត​ស្នើ​សុំ​របស់​​សហគមន៍​ជនជាតិ​ដើម​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ស្ដីពី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​​ដើម​ពិភពលោក ប៉ុន្តែ​ហាម​មិន​ឲ្យ​ហែ​ក្បួន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី ជុំវិញ​ការ​សម្រេច​ចិត្ត​ប្រឆាំង​បម្រាម​ហែ​ក្បួន​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា។

តាម​ការ​គ្រោង​ទុក ពិធី​ហែ​ក្បួន​ចេញ​ដំណើរ​ពី​តំបន់​ភ្នំ​ដោះ​ក្រមុំ​ក្នុង​សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ កាត់​តាម​រង្វង់​មូល​ក្ដាន់​ពីរ ឆ្ពោះ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ សាលា​ខេត្ត និង​ស្ថាប័ន​តុលាការ​​ខេត្ត ដើម្បី​សំដែង​ឆន្ទៈ និង​គោលបំណង​ជូន​មន្ត្រី​ស្ថាប័ន​ទាំង​នោះ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​​ដីធ្លី ធនធាន​ធម្មជាតិ ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​រង​ការ​រំលោភ​បំពាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។