មន្ត្រី​អប់រំ​ស្រុក​១​រូប​រង​ការ​ចោទ​ថា​ចាប់​រំលោភ​សិស្ស​ស្រី​អាយុ​១៥​ឆ្នាំ

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា អំពើ​រំលោភ​សេពសន្ថវៈ​នៅ​ខេត្ត​ដាច់​ស្រយាល​មួយ​នេះ កើត​មាន​គួរ​ឲ្យ​កត់​សម្គាល់។ នា​ពេល​ថ្មីៗ​នេះ មាន​សេចក្តី​រាយការណ៍​ថា មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​មួយ​រូប​បាន​លួងលោម​រំលោភ​ផ្លូវ​ភេទ​លើ​សិស្ស​ស្រី​អាយុ ១៥​ឆ្នាំ រហូត​មាន​ផ្ទៃពោះ។

0:00 / 0:00

មន្ត្រី​នគរបាល​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ពុធ ទី៨ ខែ​ឧសភា ឆ្នាំ​២០១៣ អះអាង​ថា នឹង​សម្រេច​បញ្ជូន​ខ្លួន​បុរស​វ័យ ៤៧​ឆ្នាំ ទៅ​ស្ថាប័ន​អយ្យកា​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​តុលាការ​ក្នុង​បទ​លួងលោម​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ ១៥​ឆ្នាំ ជា​អនីតិជន​មិន​ទាន់​គ្រប់​វ័យ​រៀបការ​តាម​ផ្លូវ​ច្បាប់។

បុរស​នោះ​មាន​ឈ្មោះ សំ កុសល ជា​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​មួយ​នៃ​ខេត្ត​មណ្ឌលគិរី។ ជន​សង្ស័យ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ទី៥ ខែ​ឧសភា នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ បន្ទាប់​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​បាន​ប្ដឹង​មក​សមត្ថកិច្ច ឲ្យ​ជួយ​ឃាត់​ខ្លួន​មន្ត្រី​រូប​នេះ ដោយសារ​តែ​ក្មេង​ស្រី​នោះ​មាន​ផ្ទៃពោះ។

អធិការ​ប៉ូលិស​ស្រុក​នោះ​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្មេង​ស្រី​នេះ​ត្រូវ​បាន​បុរស​ជា​មន្ត្រី​ផ្នែក​អប់រំ លួងលោម​រំលោភ​សេពសន្ថវៈ​តាំង​ពី​ឆ្នាំ​២០១២ រហូត​មក។ ប៉ុន្តែ ក្រុម​គ្រួសារ​នាង​មិន​បាន​ដឹង​ពី​ករណី​នេះ​ឡើយ។ លោក​បន្ត​ថា នៅ​ពេល​ក្មេង​ស្រី​មាន​ផ្ទៃពោះ ទើប​រឿង​នេះ​ដឹង​ដល់​ក្រុម​គ្រួសារ ហើយ​បាន​ប្ដឹង​មក​សមត្ថកិច្ច​សុំ​ឃាត់​ខ្លួន​បុរស​ជាប់​ចោទ​រូប​នេះ៖ «គាត់​ទទួល​ស្គាល់​គ្រាន់​តែ​ហៅ​ចូល​ទៅ គាត់​សារភាព​អ៊ីចឹង​តែ​ម្តង។ គាត់​បាន​ប្រព្រឹត្ត​អ៊ីចឹង​មែន គ្រាន់​តែ​ការ​ប្រព្រឹត្ត​ហ្នឹង​វា​យូរ​ខែ​ហើយ»

ឪពុក​ក្មេង​ស្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​អប់រំ និង​សីលធម៌​សង្គម ពីព្រោះ​ជន​ជាប់​ចោទ​ជា​មន្ត្រី​អប់រំ ចំណែក​កូន​ស្រី​គាត់​ជា​សិស្ស​កំពុង​រៀន​នៅ​ថ្នាក់​ទី៥។ លោក​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​មន្ត្រី​រូប​នេះ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជា​គំរូ​សម្រាប់​ការ​អប់រំ៖ «ការ​ប៉ះពាល់​វា​ខ្លាំង​ណាស់ វា​ខូច​ក្នុង​សង្គម​ទៀត។ អ្នក​ដែល​ប្រព្រឹត្ត​ល្មើស គឺ​ជា​ថ្នាល​បណ្ដុះ​ពូជ ហើយ​មក​ធ្វើ​បែប​ហ្នឹង អ៊ីចឹង​ដូច​ជា​អាក្រក់​មើល»

មន្ត្រី​សម្រប​សម្រួល​ សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ជន​ជាប់​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​ស្រុក​កសាង​សំណុំ​រឿង​បញ្ជូន​មក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត កាល​ពី​ថ្ងៃ​ច័ន្ទ ទី៦ ខែ​ឧសភា ហើយ​ប៉ូលិស​ខេត្ត​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​ស្ថាប័ន​អយ្យកា។ លោក​កត់​សម្គាល់​ថា នេះ​គឺ​ជា​អំពើ​រំលោភ​សេពសន្ថវៈ​លើក​ទី៥ ក្នុង​ខេត្ត រយៈពេល ៥​ខែ​ដើម​ឆ្នាំ​២០១៣៖ «ត្រូវ​តែ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​ហ្នឹង​ឲ្យ​ទៅ​តាម​នីតិវិធី​ច្បាប់ មិន​អាច​មាន​ការ​លើកលែង​បាន​ទេ»

ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​នឹង​បញ្ជូន​ជន​សង្ស័យ​ទៅ​ស្ថាប័ន​អយ្យកា ក៏ប៉ុន្តែ​មន្ត្រី​អយ្យកា​សម្រេច​យ៉ាង​ណា​មិន​ទាន់​ដឹង​នៅ​ឡើយ៖ «យើង​អត់​ដឹង​ផង ព្រោះ​នៅ​ខ្ញុំ​នៅ​ឡើយ។ យើង​នឹង​បញ្ជូន​ចេញ​ម៉ោង​ប្រហែល​ប្រាំ រំលោភ​លួងលោម​ក្មេង​អាយុ ១៥​ឆ្នាំ​ណា!»

របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ចាប់​ពី​ដើម​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន មាន​ករណី​រំលោភ​សេពសន្ថវៈ​ចំនួន ៥​ករណី ក្នុង​នោះ ៣​ករណី​ប៉ូលិស​ចាប់​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ និង ២​ករណី ដោះស្រាយ​សំណង​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។