ក៏ប៉ុន្តែ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកសកម្មភាពរបស់កុមារកាលពីថ្ងៃទី១ មិថុនា ថាពុំមែនជារូបភាពដែលអាក្រក់ទេ។ ព្រោះថា កុមារទាំងនោះក៏ជាអ្នករងគ្រោះដោយការបណ្ដេញចេញពីលំនៅឋានដែរ ពួកគេថែមទាំងព្រាត់ប្រាសពីឪពុកម្ដាយរបស់ពួកគេ ដែលត្រូវគេចាប់ដាក់គុកទៀតផង។
ប្រធានក្រុមអ្នករត់ម៉ូតូឌុបនៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និយាយថា ខ្លួននឹងរារាំងការសម្រេចចិត្តណាមួយរបស់សាលាឧទ្ធរណ៍ នៅក្នុងសំណុំរឿងរបស់លោកស្រី យ៉ោម បុប្ផា ប្រសិនបើតុលាការកំពូលមួយនេះសម្រេចដោះលែងសកម្មជនដីធ្លីរូបនេះឲ្យនៅក្រៅឃុំ ហើយក៏ជំរុញទៅអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជា ត្រូវពិនិត្យមើលឡើងវិញការប្រើប្រាស់កុមារជាថ្នូរទាមទារឲ្យដោះលែងលោកស្រី យ៉ោម បុប្ផា។
ការថ្លែងយ៉ាងនេះរបស់លោក ឯ សំភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ធ្វើឡើងនៅទីស្នាក់ការសមាគម ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ នៅថ្ងៃទី៤ មិថុនា។
លោក ឯ សំភាស់ ចាត់ទុកថា ការប្រើប្រាស់កុមាររបស់អ្នកភូមិបឹងកក់ កាលពីថ្ងៃទី១ មិថុនា គឺជារូបភាពមួយដែលមិនអាចទទួលយកបានឡើយ។ ហើយលោកទទូចសុំឲ្យអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធសិទ្ធិកុមារ មិនគួរនៅស្ងៀមចំពោះបញ្ហានេះឡើយ។ លោកបន្តថា ការយកកុមារដើរឃោសនានេះ គឺដើម្បីទាក់ទាញការចាប់អារម្មណ៍ ក្នុងន័យកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី៤ មិថុនា លោក ឯ សំភាស់ បញ្ជាក់ថា លោកនឹងដឹកនាំកម្លាំងក្រុមម៉ូតូឌុបជាង ៣០០នាក់ ប្រឆាំងនឹងការសម្រេចណាមួយរបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី៥ មិថុនា ប្រសិនបើតុលាការកំពូលមួយនេះដោះលែងសកម្មជនការពារដីធ្លីឲ្យមានសេរីភាពមែននោះ៖ «អ៊ីចឹងហើយ ខ្ញុំសូមផ្ដាំ និងសូមប្ដឹងទៅខាងអង្គការយូនីសេហ្វ (UNICEF) ជាអង្គការមួយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារនៅកម្ពុជា។ សូមគាត់ទៅស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់។ សូមកុំឲ្យពួកហ្នឹងយកកុមារធ្វើជាឈ្នាន់ ធ្វើជាខែលដើម្បីកេងចំណេញនយោបាយ ដើម្បីចំណេញប្រាក់ជំនួយនៅពីក្រោយខ្នងរបស់ខ្លួន»។
ចំណែកលោកស្រី ខែក ចាន់រស្មី សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ អះអាងថា អ្វីដែលសមាគមអ្នករត់ម៉ូតូឌុបនេះលើកឡើង គឺជាចេតនាដើម្បីរារាំងក្នុងការសម្រេចរបស់តុលាការប៉ុណ្ណោះ។
គិតមកដល់ពេលនេះ លោកស្រី យ៉ោម បុប្ផា ត្រូវជាប់ពន្ធនាគារអស់រយៈពេល ២៧៤ថ្ងៃ។ កាលពីចុងឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យលោកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល។ ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកថា ការដាក់ទោសសកម្មជនការពារដីធ្លីនេះ ធ្វើឡើងក្រោមហេតុផលនយោបាយ និងដើម្បីបំបាក់សំឡេងអ្នកតវ៉ាក្នុងរឿងដីធ្លីនៅតំបន់បឹងកក់។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតអង្គការលីកាដូ (Licadho) មានប្រសាសន៍ថា អ្វីដែលកុមារបឹងកក់ ធ្វើសកម្មភាពក្នុងពេលកន្លងទៅនេះ មិនរាប់ថាជាអំពើហួសហេតុនោះឡើយ។ លោកគិតថា ព្រោះពួកគេក៏ត្រូវការសិទ្ធិដើម្បីរស់ក្នុងសេចក្ដីថ្លៃថ្នូរ និងមានភាពកក់ក្ដៅដែរ៖ «កូនអ្នកស្រី យ៉ោម បុប្ផា ក៏គាត់ទាមទារយុត្តិធម៌សម្រាប់ម្ដាយគាត់ដែរ ជាប់នៅក្នុងពន្ធនាគារ។ ហើយធ្វើគាត់បានកំព្រានៅម្ដាយជាច្រើនកន្លងមកហើយនេះ។ អាហ្នឹងក៏វាជាសិទ្ធិមួយរបស់កុមារដែរ»។
បើទោះជាការតវ៉ាដើម្បីស្នើសុំឲ្យដោះលែងលោកស្រី យ៉ោម បុប្ផា ដោយអហិង្សាមិនបានសម្រេចក្តី ប៉ុន្តែគេសង្កេតឃើញថា សកម្មភាពបង្ក្រាបដោយសមត្ថកិច្ចរបស់រដ្ឋាភិបាល ហាក់បានឆ្លើយតបជំនួសវិញមកលើសកម្មជនការពារដីធ្លីទាំងនេះជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
