សមាគម​អ្នក​រត់​ម៉ូតូ​ឌុប​ទាមទារ​ឲ្យ​ចាត់​ការ​អ្នក​បឹងកក់​ប្រើ​ក្មេង​ឃោសនា

សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ត្រូវ​គេ​ដឹង​ថា​មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់​អំណាច បាន​ទាមទារ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ​កុមារ​មួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​ចាត់​វិធាន​ការ​បន្ទាន់​ប្រឆាំង​អ្នក​តវ៉ា​បឹងកក់ ដែល​ប្រើប្រាស់​ក្មេងៗ​ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​លោកស្រី យ៉ោម បុប្ផា ពី​ពន្ធនាគារ។

0:00 / 0:00

ក៏ប៉ុន្តែ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​សកម្មភាព​របស់​កុមារ​កាល​ពី​ថ្ងៃ​ទី១ មិថុនា ថា​ពុំ​មែន​ជា​រូបភាព​ដែល​អាក្រក់​ទេ។ ព្រោះ​ថា កុមារ​ទាំង​នោះ​ក៏​ជា​អ្នក​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដែរ ពួក​គេ​ថែម​ទាំង​ព្រាត់ប្រាស​ពី​ឪពុកម្ដាយ​របស់​ពួក​គេ ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក​ទៀត​ផង។

ប្រធាន​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​នៃ​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា និយាយ​ថា ខ្លួន​នឹង​រារាំង​ការ​សម្រេច​ចិត្ត​ណា​មួយ​របស់​សាលា​ឧទ្ធរណ៍ នៅ​ក្នុង​សំណុំ​រឿង​របស់​លោកស្រី យ៉ោម បុប្ផា ប្រសិន​បើ​តុលាការ​កំពូល​មួយ​នេះ​សម្រេច​ដោះលែង​សកម្មជន​ដីធ្លី​រូប​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ក៏​ជំរុញ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ការ​ប្រើប្រាស់​កុមារ​ជា​ថ្នូរ​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

ការ​ថ្លែង​យ៉ាង​នេះ​របស់​លោក ឯ សំភាស់ ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សមាគម ក្នុង​សង្កាត់​ទួលសង្កែ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ មិថុនា។

លោក ឯ សំភាស់ ចាត់​ទុក​ថា ការ​ប្រើប្រាស់​កុមារ​របស់​អ្នក​ភូមិ​បឹងកក់ កាល​ពី​ថ្ងៃ​ទី១ មិថុនា គឺ​ជា​រូបភាព​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ ហើយ​លោក​ទទូច​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ​កុមារ មិន​គួរ​នៅ​ស្ងៀម​ចំពោះ​បញ្ហា​នេះ​ឡើយ។ លោក​បន្ត​ថា ការ​យក​កុមារ​ដើរ​ឃោសនា​នេះ គឺ​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ ក្នុង​ន័យ​កេង​ចំណេញ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

ក្នុង​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​ទី៤ មិថុនា លោក ឯ សំភាស់ បញ្ជាក់​ថា លោក​នឹង​ដឹកនាំ​កម្លាំង​ក្រុម​ម៉ូតូ​ឌុប​ជាង ៣០០​នាក់ ប្រឆាំង​នឹង​ការ​សម្រេច​ណា​មួយ​របស់​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី៥ មិថុនា ប្រសិន​បើ​តុលាការ​កំពូល​មួយ​នេះ​ដោះលែង​សកម្មជន​ការពារ​ដីធ្លី​ឲ្យ​មាន​សេរីភាព​មែន​នោះ៖ «អ៊ីចឹង​ហើយ ខ្ញុំ​សូម​ផ្ដាំ និង​សូម​ប្ដឹង​ទៅ​ខាង​អង្គការ​យូនីសេហ្វ (UNICEF) ជា​អង្គការ​មួយ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​កុមារ​នៅ​កម្ពុជា។ សូម​គាត់​ទៅ​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​បាន​ច្បាស់។ សូម​កុំ​ឲ្យ​ពួក​ហ្នឹង​យក​កុមារ​ធ្វើ​ជា​ឈ្នាន់ ធ្វើ​ជា​ខែល​ដើម្បី​កេង​ចំណេញ​នយោបាយ ដើម្បី​ចំណេញ​ប្រាក់​ជំនួយ​នៅ​ពី​ក្រោយ​ខ្នង​របស់​ខ្លួន»

ចំណែក​លោកស្រី ខែក ចាន់រស្មី សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ អះអាង​ថា អ្វី​ដែល​សមាគម​អ្នក​រត់​ម៉ូតូ​ឌុប​នេះ​លើក​ឡើង គឺ​ជា​ចេតនា​ដើម្បី​រារាំង​ក្នុង​ការ​សម្រេច​របស់​តុលាការ​ប៉ុណ្ណោះ។

គិត​មក​ដល់​ពេល​នេះ លោកស្រី យ៉ោម បុប្ផា ត្រូវ​ជាប់​ពន្ធនាគារ​អស់​រយៈពេល ២៧៤​ថ្ងៃ។ កាល​ពី​ចុង​ឆ្នាំ​២០១២ សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឲ្យ​លោកស្រី យ៉ោម បុប្ផា ជាប់​ពន្ធនាគារ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦០​លាន​រៀល។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា ការ​ដាក់​ទោស​សកម្មជន​ការពារ​ដីធ្លី​នេះ ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ និង​ដើម្បី​បំបាក់​សំឡេង​អ្នក​តវ៉ា​ក្នុង​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់។

លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) មាន​ប្រសាសន៍​ថា អ្វី​ដែល​កុមារ​បឹងកក់ ធ្វើ​សកម្មភាព​ក្នុង​ពេល​កន្លង​ទៅ​នេះ មិន​រាប់​ថា​ជា​អំពើ​ហួសហេតុ​នោះ​ឡើយ។ លោក​គិត​ថា ព្រោះ​ពួក​គេ​ក៏​ត្រូវ​ការ​សិទ្ធិ​ដើម្បី​រស់​ក្នុង​សេចក្ដី​ថ្លៃថ្នូរ និង​មាន​ភាព​កក់ក្ដៅ​ដែរ៖ «កូន​អ្នកស្រី យ៉ោម បុប្ផា ក៏​គាត់​ទាមទារ​យុត្តិធម៌​សម្រាប់​ម្ដាយ​គាត់​ដែរ ជាប់​នៅ​ក្នុង​ពន្ធនាគារ។ ហើយ​ធ្វើ​គាត់​បាន​កំព្រា​នៅ​ម្ដាយ​ជាច្រើន​កន្លង​មក​ហើយ​នេះ។ អា​ហ្នឹង​ក៏​វា​ជា​សិទ្ធិ​មួយ​របស់​កុមារ​ដែរ»

បើ​ទោះ​ជា​ការ​តវ៉ា​ដើម្បី​ស្នើសុំ​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា ដោយ​អហិង្សា​មិន​បាន​សម្រេច​ក្តី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា សកម្មភាព​បង្ក្រាប​ដោយ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ហាក់​បាន​ឆ្លើយ​តប​ជំនួស​វិញ​មក​លើ​សកម្មជន​ការពារ​ដីធ្លី​ទាំង​នេះ​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។