គណៈកម្មការ​ទីពីរ​នៃ​រដ្ឋសភា​នឹង​ពិនិត្យ​ច្បាប់​ថវិកា​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ

0:00 / 0:00

អនុប្រធាន​ទី​មួយ​​នៃ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​គ្រោង​នឹង​​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៥​ នៅ​​ថ្ងៃ​ ទី ១០ វិច្ឆិកា នៅ​វិមាន​រដ្ឋសភា ដើម្បី​ត្រួត​ពិនិត្យ​ រាល់​កំហុស​ឆ្គង និង​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន។

ប៉ុន្តែ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង បាន​អះអាង​ថា​​ ច្បាប់​ថវិកា​ជាតិ​ ដែល​គ្រោង​នឹង​អនុម័ត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ចំណុច​នៅ​ឡើយ។

បន្ទាប់ពី​មាន​ភាព​ចម្រូង​ចំរាស់​រវាង​​សមាជិក​នៅ​ក្នុង​គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋសភា​មក​ពី គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​​លើ​ការ​រៀប​ចំ​ច្បាប់​ថវិកា​ជាតិ សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៥​កន្លង​មក ក្រុម​សមាជិក​គណៈកម្មការ​ជំនាញ​នេះ​ ​បាន​ប្រកាស​ថា នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ ទី ១០ វិច្ឆិកា ដើម្បី​ពិភាក្សា​រក​ចំណុច​ខ្វះ​ខាត និង​ស្វែង​រក​វិធី​​ ធ្វើ​ឲ្យ​ច្បាប់​ថវិកា​ជាតិ​​នោះ អនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​​និង​មាន​ប្រសិទ្ធភាព​​បំផុត។

អនុប្រធាន​ទី​មួយ​នៃ​គណៈកម្មការ​ទី​ពីរ​នៃ​រដ្ឋសភា លោក សុន ឆ័យ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ជួប​ពិភាក្សា​ជា​លើក​ដំបូង​រវាង​គណៈកម្មការ​ជំនាញ មុន​នឹង​បើក​ឲ្យ​រដ្ឋាភិបាល​ចោទ​ជា​សំណួរ។ បើ​គ្មាន​អ្វី​ត្រូវ​កែប្រែ​នោះ​ទេ លោក​ចង់​ឲ្យ​មាន​​ការ​ចោទ​សួរ​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ទៀត មុន​នឹង​ដាក់​ឲ្យ​សភា​អនុម័ត​នៅ​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤​នេះ។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​បន្ទាប់​ពី​ក្រុម​​សមាជិក​នៃ​គណៈកម្មការ​ជំនាញ​​មក​ពី​គណបក្ស​​ប្រឆាំង​ ​បាន​ព្យាយាម​សុំ​ឯក​សារ​លម្អិត​​នានា​​​ស្ដី​ពី​របាយការណ៍​ចំណូល​ចំណាយ នៅ​ស្ថាប័ន​​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ពី​ក្រសួង​សេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ ​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​រូប​លោក​ផ្ទាល់​ជា​អនុប្រធាន​ទី​មួយ​នៃ​គណៈកម្មការ​ជំនាញ​នេះ ត្រូវ​បាន​​​បដិសេធ។

បញ្ហា​នេះ​លោក សុន ឆ័យ បាន​អះអាង​ថា ស្ថាប័ន​​ក្រសួង​ជំនាញ​​ និង​សមាជិក​​សភា​ដែល​មាន​ដំណែង​នៅ​ក្នុង​គណៈកម្មការ​​ទី​ពី​នៅ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មាន​មាន​ឆន្ទៈ​តិច​តួច​ ក្នុង​រៀប​ចំ​និង​តាក់​​តែ​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ ​ប្រកប​ដោយ​តម្លា​ភាព«ដោយ​សារ​ខ្ញុំ​ដាក់​តួនាទី ជា​អនុប្រធាន​​នៃ​គណៈកម្មការ​ទី​ពីរ ដូច្នេះ​ត្រូវ​មាន​ការ​អនុញ្ញាត​​ពី​ឯកឧត្ដម​ជាម យៀប ។ ហើយ​ខ្ញុំ​យល់​ថា​ ជា​រឿង​ចម្លែក​ណាស់ ព្រោះ​គ្រាន់​តែ​សុំ​ឯកសារ ត្រូវ​​តែ​អនុញ្ញាត​ពី​ប្រធាន​គណៈកម្មការ​បែប​នេះ ដូច​ជា​មិន​ត្រឹម​ត្រូវ​ទេ ។ តែ​ខ្ញុំ​​មិន​ចង់​ឈ្លោះ​ជា​មួយ​គេ​ទេ ហើយ​ខ្ញុំ​​ក៏​បាន​រៀប​ចំ​លិខិត​មួយ​ផ្សេង​ទៀត​ ដោយ​​មិន​ដាក់​​តួនាទី​ខ្ញុំ​ទេ គឺ​គ្រាន់តែ​ដាក់​ជា​តំណាងរាស្ត្រ​ ហើយ​ខ្ញុំ​​នឹង​ផ្ញើ​ទៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ឯកសារ​លំអិត​ ពាក់ព័ន្ធ​នឹង​ថវិកា​ហ្នឹង ផ្ញើ​ឲ្យ​ទាន់​មុន​នឹង​សភា​អនុម័ត​ច្បាប់​នេះ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​គណៈកម្មការ​​ទី​ពីរ​​នៃ​រដ្ឋសភា​ លោក ជាម យៀប និង មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​​ហិរញ្ញវត្ថុ​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ​ទី​៩​វិច្ឆិកា។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា​ច្បាប់​ថវិកា​ជាតិ ត្រូវ​តែ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​រូប​បាន​ដឹង​គ្រប់​គ្នា ​អំពី​ចំណូល​ចំណាយ​របស់​​​ថវិកាជាតិ​ទាំង​អស់។

សេចក្ដី​ព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៥ មាន​៦​ជំពូក ​​ដែល​​​បាន​កំណត់​ការ​ចំណាយ​ថវិកា​ជាតិ​​សរុប​ ស្មើ​នឹង​​២០%​នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ ឬ​សមាមាត្រ​នឹង​​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក។ ច្បាប់​ថវិកា​ជាតិ​នេះ នឹង​​មាន​កំណើន​​លើស​ឆ្នាំ​មុន​ ប្រមាណ​ ១០​ភាគរយ ​នៃ​ច្បាប់​ស្ដីពី​​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។