ជនភៀសខ្លួនម៉ុងតាញ៉ា មួយក្រុមថ្មីទៀត មានគ្នា ២៤នាក់ ដែលរត់ចេញពីប្រទេសវៀតណាម មកសុំសិទ្ធិជ្រកកោននៅកម្ពុជា បានស្ម័គ្រចិត្តត្រឡប់ទៅភូមិកំណើតវិញ បន្ទាប់ពីនាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បដិសេធមិនចុះឈ្មោះពួកគេក្នុងបញ្ជីសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។
នាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) អមដំណើរជនភៀសខ្លួនម៉ុងតាញ៉ា វៀតណាម ២៤នាក់ ពីក្រុងភ្នំពេញ ឆ្ពោះមកខេត្តរតនគិរី នៅថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមនោះបានស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសកំណើតវិញ។
នេះគឺជាក្រុមម៉ុងតាញ៉ាទីពីរដែលស្ម័គ្រចិត្តចាកចេញពីភ្នំពេញ បន្ទាប់ពីក្រុមម៉ុងតាញ៉ា មួយក្រុមមានគ្នា ១២នាក់ បានស្ម័គ្រចិត្តចាកចេញពីភ្នំពេញ កាលពីខែកក្កដា។
ស្នងការរងប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកជនអន្តោប្រវេសន៍ លោក ជា ប៊ុនធឿន ឲ្យដឹងថា អាជ្ញាធរខេត្តមិនទាន់ដឹងពីអត្តសញ្ញាណជនម៉ុងតាញ៉ា ទាំង ២៤នាក់ ថាយ៉ាងណានោះទេ ដោយសារក្រុមម៉ុងតាញ៉ាទាំងនោះ កំពុងធ្វើដំណើរពីក្រុងភ្នំពេញ មកកាន់ខេត្តរតនគិរី។
លោកបន្តថា ក្រុមនេះនឹងមកដល់ក្រុងបានលុង នៅពេលយប់ ហើយស្នាក់នៅក្រុងបានលុង មួយយប់ទើបបន្តដំណើរទៅកាន់ច្រកទ្វារអន្តរជាតិស្រុកអូរយ៉ាដាវ ដើម្បីបំពេញបែបបទឆ្លងដែនចូលទៅប្រទេសវៀតណាម៖ «អត់ទាន់បានដឹងស្រីប៉ុន្មានប្រុសប៉ុន្មានទេ ខាង យូ.អិន និងនាយកដ្ឋានជនភៀសខ្លួនណា!នៅមិនទាន់ទៅដល់ទេ ពួកអ្នកស្ម័គ្រចិត្ត។ តាមព័ត៌មានថា សម្រាកនៅបានលុង មួយយប់ ព្រឹកឡើងឡើងថ្ងៃទី៨ បានរៀបចំជូនចេញទៅតាមច្រកទ្វារអន្តរជាតិហ្នឹង»។
កាលពីខែកក្កដា ក្រុមម៉ុងតាញ៉ា បីក្រុមបានស្ម័គ្រចិត្តចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយវិលត្រឡប់ទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន គឺលោកស្រី វី វៀនតាន់ ដើម្បីសុំការបញ្ជាក់ពីក្រុមម៉ុងតាញ៉ា ទាំង ២៤នាក់ បាននៅឡើយ។
យ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកការស្ម័គ្រចិត្តវិលត្រឡប់របស់ក្រុមម៉ុងតាញ៉ា ជាបន្តបន្ទាប់នៅពេលថ្មីៗនេះ បង្ហាញឲ្យឃើញថា ជោគវាសនាជនម៉ុងតាញ៉ា ផ្សេងទៀត ដែលកំពុងស្នាក់នៅកម្ពុជា ប្រាកដជានឹងត្រូវបង្ខំចិត្តវិលត្រឡប់ទៅស្រុកកំណើតដូចក្រុមមុនៗនេះដែរ។ លោកកត់សំគាល់ថា អាជ្ញាធរកម្ពុជា ចាត់ទុកម៉ុងតាញ៉ា ដែលភៀសខ្លួនអំឡុងឆ្នាំ២០១៥ ថាជាអន្តោប្រវេសន៍ខុសច្បាប់ ហើយតម្រូវឲ្យបញ្ជូនពួកគេទៅអាជ្ញាធរវៀតណាម វិញ៖ «ក្រុមគាត់អាចវិលត្រឡប់ជាបន្តបន្ទាប់ ព្រោះគាត់ឆ្លងចូលជិតមួយឆ្នាំមិនបានទទួលលទ្ធផលគាប់ប្រសើរទៅតាម គោលបំណងរបស់គាត់សុំសិទ្ធិជ្រកកោនដើម្បីផ្ដល់ឋានៈជាជនភៀសខ្លួន ហើយគាត់អាចទៅប្រទេសទីបីបាន ប៉ុន្តែភាពបរាជ័យនេះហើយ ធ្វើឲ្យគាត់វិលមកប្រទេសកំណើតគាត់វិញ»។
កាលពីថ្ងៃ២៨ ខែកញ្ញា មានក្រុមម៉ុងតាញ៉ា វៀតណាម ថ្មី ៩នាក់ បានភៀសខ្លួនមកដល់ក្រុងភ្នំពេញ ក្រោមហេតុផលអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ក៏ប៉ុន្តែពួកគេត្រូវបាននាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ បដិសេធមិនឲ្យចុះឈ្មោះក្នុងបញ្ជីសុំសិទ្ធិជ្រកកោនដូចក្រុមម៉ុងតាញ៉ា មុនដែលមកដល់ក្រុងភ្នំពេញ។ លើសពីនេះទៀត ជនភៀសខ្លួនទាំងនោះកំពុងរស់នៅកន្លែងលាក់ខ្លួនជាលក្ខណៈផ្ទាល់ខ្លួនគ្មានសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។