សង្គម​ស៊ីវិល​ពិភាក្សា​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​នារី​ភេទ

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី បាន​បើក​សន្និសីទ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ដើម្បី​ពិភាក្សា​ពី​វិធាន​ការ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​អនុសញ្ញា ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​នារី​ភេទ។

0:00 / 0:00

សន្និសីទ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ទទួល​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ការ​ប្រជុំ​មួយ​នៅ​ក្រុង​ហ្សឺណែវ កាល​ពី​ខែ​តុលា កន្លង​ទៅ បាន​រក​ឃើញ​ថា កម្ពុជា នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ច្រើន​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី។

តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ អ្នក​សហគមន៍​មាន​ជម្លោះ​ដីធ្លី ក្រុម​កម្មករ និង​និស្សិត​សរុប​ប្រមាណ ១៣០​នាក់ បាន​ចូល​រួម​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ក្នុង​សន្និសីទ ស្ដីពី​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្ដោត​លើ​ការ​អនុវត្តន៍​អនុសញ្ញា ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​នារី​ភេទ។

ពួក​គេ​ជំរុញ​អោយ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​អនុវត្ត​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ អោយ​បាន​ច្រើន​បំផុត ទើប​អាច​ធានា​បាន​ថា ស្ត្រី​ខ្មែរ​បាន​ចូល​រួម និង​ទទួល​បាន​អត្ថប្រយោជន៍​ពេញ​លេញ​ពី​ការ​អភិវឌ្ឍន៍។

ប្រធាន​គណៈកម្មាធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ហៅ​កាត់​ថា ស៊ីដ (NGO-CEDAW) និង​ជា​ប្រធាន​អង្គការ​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ បាន​លើក​ឡើង​នូវ​អនុសាសន៍​ចំនួន ៥២​ចំណុច ទៅ​អោយ​រដ្ឋាភិបាល​ដែល​ជា​គំរូ​សកម្មភាព​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ដ៏​ពិត​ប្រាកដ។ អ្នកស្រី​យល់​ថា សកម្មភាព​បន្ទាន់​ដែល​រដ្ឋាភិបាល​គួរ​អនុវត្ត គឺ​ការ​ផ្សព្វផ្សាយ​អោយ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ តុលាការ បាន​ដឹង​ពី​អត្ថន័យ និង​ការ​អនុវត្តន៍​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​នារី​ភេទ។

«សំឡេង»

កាល​ពី​ខែ​តុលា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ ពិភាក្សា​ពី​លទ្ធផល​នៃ​ការងារ​លើក​ស្ទួយ​សមភាព​យេនឌ័រ​នៅ​កម្ពុជា។ ក្នុង​ពេល​នោះ អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ចំណុច​ខ្វះខាត និង​លម្អិត​ពី​គ្រប់​ផ្នែក​ដែល​ចាំបាច់​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ ដោយ​គិត​ចាប់​តាំង​ពី​ស្ថាប័ន​រដ្ឋសភា រហូត​ដល់​ពលរដ្ឋ​ក្នុង​សង្គម។ ជា​ពិសេស បាន​បារម្ភ​ពី​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដែល​បន្ត​រារាំង​ដល់​ការ​ដាក់​ទោស​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី កង្វះ​សេវា​ថែទាំ​សុខភាព​សម្រាប់​ស្ត្រី​ក្រីក្រ ពិការ ចាស់​ជរា ស្ត្រី​បន្ត​រងគ្រោះ​ដោយ​ការ​បណ្ដេញ និង​ការ​រំលោភ​សិទ្ធិ​ការងារ។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។

យ៉ាង​ណា កម្ពុជា ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​នារី​ភេទ ត្រូវ​ដាក់​របាយការណ៍​របស់​ខ្លួន​ទៅ​អង្គការ​សហប្រជាជាតិ នៅ​រៀង​រាល់ ៤​ឆ្នាំ​ម្ដង។

តំណាង​អង្គការ​សហប្រជាជាតិ​ស្ត្រី (UNWOMAN) លោក វន វិត មាន​ប្រសាសន៍​ថា ដើម្បី​សម្រេច​បាន​តាម​គោលដៅ​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ចាំបាច់​ណាស់​ដែល​ត្រូវ​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ធ្វើ​ការងារ​រួម​គ្នា។

«សំឡេង»

គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​ផ្ដល់​អនុសាសន៍​ម្ដង​ដល់​កម្ពុជា កាល​ពី​ឆ្នាំ​២០០៦ ហើយ​រហូត​មក​ដល់​ពេល​នេះ សកម្មភាព​ដែល​សម្រេច​បាន គឺ​មាន​តិចតួច​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។