អង្គការសង្គ្រោះកុមារ (Save the Children) ចាប់ផ្ដើមគម្រោងលើកស្ទួយសិទ្ធិកុមារក្នុងអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ ការបើកសម្ពោធគម្រោងនេះ នៅបន្ទាប់ពីរកឃើញថា កុមារនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមជាច្រើន។
គម្រោងថ្មីរបស់អង្គការសង្គ្រោះកុមារ ដែលមានឈ្មោះថា លើកស្ទួយសិទ្ធិកុមារក្នុងអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជានេះ នឹងដាក់ឲ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៦ នេះតទៅ។
នាយកផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការសង្គ្រោះកុមារ លោក ម៉ូត សាណា ពន្យល់ថា គម្រោងដែលទទួលបានថវិកាពីសហភាពអឺរ៉ុបនេះ នឹងជួយដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ដូចជាការប្រើប្រាស់កម្លាំងពលកម្មរបស់កុមារ និងការធ្វើចំណាកស្រុករបស់កុមារនៅតាមសហគមន៍ ដើម្បីកាត់បន្ថយការរំលោភបំពានសិទ្ធិកុមារ និងធ្វើឲ្យស្ថានភាពរស់នៅរបស់កុមារនៅក្នុងប្រទេសកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរឡើងបន្ថែមទៀត៖ «យើងធ្វើការជិតស្និទ្ធជាមួយកុមារ និងយុវជន ហើយក៏ដូចជាធ្វើការជាមួយក្រុមប្រឹក្សាឃុំដើម្បីឲ្យក្រុមប្រឹក្សាឃុំយល់ឲ្យច្បាស់ពីតម្រូវការរបស់កុមារ ហើយអនុញ្ញាតឲ្យកុមារ និងយុវជនចូលរួមក្នុងសកម្មភាពផែនការក្រុមប្រឹក្សាឃុំ ហើយនិងចូលរួមចាត់អាទិភាព ក៏ជាបែងចែកថវិកា ធ្វើយ៉ាងណាឲ្យឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ដែលជាតម្រូវការរបស់សង្គម»។
មន្ត្រីអង្គការសង្គ្រោះកុមាររូបនេះបន្តថា ការបង្កើតគម្រោងនេះឡើង បន្ទាប់ពីសង្កេតឃើញថា កុមារនៅមិនទាន់ទទួលបានសិទ្ធិពេញលេញរបស់ខ្លួនតាមការសន្យា ឬការប្ដេជ្ញារបស់រដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិនៅឡើយ។ កុមារជាច្រើនបោះបង់សាលា ការអប់រំនៅមានកម្រិត កុមារបែកបាក់ពីក្រុមគ្រួសារដោយសារបញ្ហាចំណាកស្រុក កុមារមិនទាន់ទទួលសេវាសុខភាពគ្រប់គ្រាន់ និងបញ្ហាពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរជាដើម។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា គម្រោងរបស់អង្គការសង្គ្រោះកុមារនេះ គឺមានសារសំខាន់ដើម្បីឆ្លើយតបនឹងការចង់បាន ឬគោលដៅរបស់រដ្ឋាភិបាល។ អ្នកស្រីបន្តថា ការស្គាល់ និងស្ដាប់បញ្ហារបស់កុមារ គឺជាយន្តការចម្បងដែលអាចដោះស្រាយបញ្ហារបស់កុមារបាន ព្រោះកន្លងមកគេហាក់មិនសូវយកចិត្តទុកដាក់ស្ដាប់បញ្ហារបស់កុមារឡើយ៖ «គម្រោងនេះ ធ្វើអោយមនុស្សចាស់ក៏ដូចជាអ្នកដឹកនាំនៅមូលដ្ឋាន បានស្តាប់ បានយល់ពីក្មេង ហើយនិងចេះលើកបញ្ហានេះមកដាក់ក្នុងផែនការរបស់ខ្លួនថា តើយើងគួរតែចាប់ផ្ដើមពីអី ធ្វើអីដើម្បីឲ្យក្មេងនោះ នៅពេលធំឡើងអាចកសាងសង្គមនេះឲ្យល្អប្រសើរថែមទៀត»។
គម្រោងលើកស្ទួយសិទ្ធិកុមារក្នុងអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជានេះ នឹងធ្វើនៅក្នុងខេត្តចំនួន៣ គឺពោធិ៍សាត់ ព្រៃវែង និងត្បូងឃ្មុំ។
ប្រទេសកម្ពុជា បានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារកាលពីឆ្នាំ១៩៩២ ព្រមទាំងពិធីសារនិងអនុសញ្ញាជាច្រើនទៀតសំដៅការពារកុមារ ប្រឆាំងនឹងការធ្វើអាជីវកម្មសេដ្ឋកិច្ច ការឲ្យធ្វើការងារដែលមានគ្រោះថ្នាក់ ឬការងារដែលធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់កុមារ ឬធ្វើឲ្យខូចសុខភាពកុមារ ឬការអភិវឌ្ឍខាងរូបរាងកាយប្រាជ្ញាស្មារតីសីលធម៌ ឬសង្គមជាដើម។
បើទោះជាយ៉ាងណាក៏ដោយ កុមារកម្ពុជា នៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសកូនអ្នកក្រីក្រនៅតាមទីជនបទ។ ធ្ងន់ធ្ងរជាងនេះ គឺកុមារកម្ពុជា ជាច្រើនកំពុងញាំញីដោយគ្រឿងញៀន និងកំពុងធ្វើការក្នុងទម្រង់ធ្ងន់ធ្ងរ ជាពិសេសការងារជាអ្នកបម្រើតាមផ្ទះ។ កុមារមួយចំនួនទៀត កំពុងជាប់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
