អង្គការ​សិទ្ធិមនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី

ដោយ សាន សែល
2016.05.20
ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ភ្នំពេញ ៨៥៥ ២០១៦ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ដែល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheng Mengchou
RFA/Cheng Mengchou

គណបក្ស​ប្រឆាំង​អង្គការ​សិទ្ធិមនុស្ស និង​មេធាវី នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា គូស​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ធានា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ពិសេស​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ ការ​លើក​ឡើង​នេះ កើត​មាន​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ប្រាប់​ឲ្យ​អ្នក​ដែល​ចង់​ធ្វើ​បាតុកម្ម​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ចាប់​ខ្លួន​ហើយ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សកម្មភាព​នៃ​ការ​ប្រមូលផ្ដុំ​របស់​គណបក្ស​លោក គឺ​រៀបចំ​ដោយ​សន្តិវិធី ត្រឹមត្រូវ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កាន់​ប្រជាធិបតេយ្យ ដែល​ធានា​ការពារ​សិទ្ធិ​សម្ដែង​មតិ ពិសេស​មតិ​រិះគន់​ដើម្បី​ស្ថាបនា។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ច្រានចោល​ការ​អះអាង​របស់​មន្ត្រី​កំពូល​នៃ​ក្រសួង​ការពារ​ជាតិ ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់៖ «ក្នុង​របប​ប្រជាធិបតេយ្យ ការ​សម្ដែង​មតិ​ក្នុង​ន័យ​ស្ថាបនា កោត​សរសើរ​ចំណុច​ខ្លាំង​ដែល​បាន​ធ្វើ រិះគន់​អ្វី​ដែល​មិន​ទាន់​បាន​ធ្វើ ហើយ​ធ្វើ​ដែរ តែ​មិន​ស្រប​តាម​ឆន្ទៈ​រាស្ត្រ ដើម្បី​យក​មក​ជជែក​ពិភាក្សា​វែកញែក​រក​ដំណោះស្រាយ។ នេះ​ជា​អ្វី​ដែល​សង្គម​ប្រជាធិបតេយ្យ​គេ​ធ្វើ»

លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​យោធា​ប្រមាណ ១​ពាន់​នាក់ ថា​ប្រសិនបើ​បាតុកម្ម​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ បាតុករ​នឹង​ត្រូវ​ចាប់​ខ្លួន។ លោក ទៀ បាញ់ ក៏​បាន​លើក​ឡើង​ពី​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។ លោក​ថា ប្រជាពលរដ្ឋ​ដែល​ចង់​ធ្វើ​បាតុកម្ម គឺ​អាច​ធ្វើ​បាន ប៉ុន្តែ​ត្រូវ​សុំ​ការ​អនុញ្ញាត។

ទោះ​បី​យ៉ាង​ណា មេធាវី សុក សំអឿន ពន្យល់​ថា ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មិន​ដល់​ថ្នាក់​ត្រូវ​សុំ​ច្បាប់​នោះ​ទេ។ លោក​កត់សម្គាល់​ថា ការ​អនុវត្ត​នៅ​ពេល​បច្ចុប្បន្ន ប្លែក​ពី​ខ្លឹមសារ​ច្បាប់​ដើម។

លោក​អះអាង​ថា ការ​បង្ក្រាប​បាតុកម្ម​ជា​ច្រើន​ជា​ចេតនា​នយោបាយ ដើម្បី​បំបិទមាត់​អ្នក​រិះគន់​រដ្ឋាភិបាល៖ «មើល​មែន​ទែន​ទៅ មិនមែន​រឿង​ច្បាប់​ទេ ជា​រឿង​នយោបាយ។ គ្រាន់តែ​ពេល​ធ្វើ​ទៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល អ៊ីចឹង​ទៅ​គេ​រក​មធ្យោបាយ​បង្ក្រាប។ តែ​បើ​ពិនិត្យ​មើល​តាម​ផ្លូវ​ច្បាប់​ដូចជា​មិន​ទេ»

មាត្រា​៥ នៃ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ចែង​ថា ក្រុម​បុគ្គល​ណា​ដែល​មាន​បំណង​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ទីកន្លែង​សាធារណៈ​ណា​មួយ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ ហើយ​មាត្រា ៩ ចែង​ថា អាជ្ញាធរ​ត្រូវ​ឆ្លើយ​តប​ជា​វិជ្ជមាន ចំពោះ​លិខិត​ជូន​ដំណឹង​លើកលែង​តែ​ការ​ធ្វើ​បាតុកម្ម​អហិង្សា ធ្វើ​ឡើង​ចំ​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់ៗ និង​លើកលែង​តែ​មាន​ព័ត៌មាន​ច្បាស់​ថា ការ​ធ្វើ​បាតុកម្ម​អាច​បង្ក​គ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ បាន​ធានា​នូវ​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​សិទ្ធិ​នេះ ក៏​ជា​សេរី​ភាព​ជា​មូលដ្ឋាន​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដូចជា​មាត្រា​២០ នៃ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស មាត្រា​២១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​សិទ្ធី​សង្គម​និង​នយោបាយ។

ទោះ​បី​យ៉ាង​ណា អាជ្ញាធរ​បាន​ចាប់​ខ្លួន​អ្នក​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដែល​ជា​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ៤​រូប និង​មន្ត្រី​របស់ គ.ជ.ប ម្នាក់ ទាក់ទង​រឿង កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ អាជ្ញាធរ​ចោទ​ប្រកាន់​ថា ការ​តវ៉ា​នេះ​ជា​ចលនា​បដិវត្តន៍​ពណ៌។ តែ​អាជ្ញាធរ​បាន​ដោះលែង​អ្នក​ធ្វើ​យុទ្ធនាការ​នោះ​វិញ។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បាន​ប្រកាស​ថា នឹង​ចូលរួម​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​មនុស្ស និង​មន្ត្រី គ.ជ.ប នេះ​ដែរ។ លោក​មើល​ឃើញ​ថា រដ្ឋាភិបាល​ប្រើ​ការ​គំរាមកំហែង​ដល់​អ្នក​រិះគន់ ហើយ​ថា រដ្ឋាភិបាល​តែង​រក​លេស​ចោទ​ប្រកាន់​អ្នក​ធ្វើ​បាតុកម្ម៖ «ខាង​រដ្ឋាភិបាល អ្នក​ដែល​មាន​អំណាច គេ​រក​ស៊ី​តែ​រឿង​ព្រមាន​ហ្នឹង​តើ! យើង​ដឹង​ហើយ»

ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ថ្លែង​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ មិនមែន​ជា​ការ​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​ដូច​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។