អង្គការជនពិការកម្ពុជា លើកឡើងថា ជនពិការកម្ពុជា នៅតែមិនទាន់មានសិទ្ធិចូលរួមការបោះឆ្នោតដោយពេញលេញបាននៅឡើយ។ ទន្ទឹមគ្នានេះ អង្គការជនពិការកម្ពុជា រកឃើញថា ជនពិការនៅតែប្រឈមនឹងបញ្ហាចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត ដោយសារមិនទានមានតារាងប្រភេទសម្រាប់ជនពិការនៅឡើយ ដែលទាមទារឲ្យ គ.ជ.ប ត្រូវយកចិត្តទុកដាក់បន្ថែមលើបញ្ហានេះ។
អង្គការជនពិការកម្ពុជាស្នើ ជាថ្មីទៀតឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បែងចែកប្រភេទតារាងឈ្មោះជនពិការក្នុងបញ្ជីបោះឆ្នោតថ្មី ដើម្បីបង្កភាពងាយស្រួយសម្រាប់មន្ត្រីការិយាល័យបោះឆ្នោត និងជនពិការនៅពេលទៅបោះឆ្នោត។
ការលើករបស់អង្គការជនពិការនៅពេលនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធានាថា នឹងជួយសម្រួលអោយជនពិការឲ្យទទួលបានការចូលរួមការបោះឆ្នោតដោយពេញលេញ កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ។
នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា តាមការសង្កេតរបស់អង្គការជនពិការរកឃើញថា សកម្មភាពចុះឈ្មោះសាកល្បងរបស់ គ.ជ.ប នៅខេត្តបាត់ដំបង និងស្វាយរៀងថ្មីនេះ នៅមានភាពខ្វះចន្លោះ។ លោកថា នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីមិនទាន់បានបែងចែកប្រភេទពិការភាព ដែលជាហេតុធ្វើឲ្យពិបាករកឃើញចំនួនជនពិការពិតជាក់ស្ដែងដែលមានសិទ្ធិបោះឆ្នោត និងធ្វើឲ្យជនពិការកម្ពុជា នៅតែបាត់សិទ្ធិបោះឆ្នោត៖ «យើងអត់ទាន់ឃើញមានតារាងឈ្មោះជនពិការនៅក្នុងតារាងឈ្មោះបោះថ្មីនៅឡើយ ចឹងដូច្នេះមានន័យថា បញ្ហាទិន្នន័យរបស់បងប្អូនជនពិការ មិនបានបញ្ជាក់ច្បាស់ និងមិនទាន់បានសម្រួលដល់បងប្អូនជនពិការនោះទេ»។
អ្នកធ្វើការពាក់ព័ន្ធនឹងជនពិការរូបនេះយល់ថា ការយឺតយ៉ាវបន្ថែមតារាងប្រភេទឈ្មោះជនពិការដោយមានបញ្ជាក់ប្រភេទពិការភាពទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិប៉ុណ្ណោះទេ វានឹងបង្កការលំបាកដល់ជនពិការនៅកម្ពុជា។ លោកជំរុញឲ្យ គ.ជ.ប ថ្មី ត្រូវតែកែប្រែប្រវត្តិសាស្ត្រធ្វើយ៉ាងណាបន្ថែមតារាងប្រភេទឈ្មោះជនពិការ ដោយមានបញ្ជាក់ប្រភេទពិការភាពទៅក្នុងបញ្ជីបោះឆ្នោតថ្មី៖ «សូមឲ្យ គ.ជ.ប ត្រូវតែសិក្សា និងគិតគូរពីជនពិការ ពីការបែងចែកប្រភេទតារាងនេះ ដើម្បីឲ្យថាបងប្អូនជនពិការដែលមានចំនួនជាង ១លាននាក់នោះ មានប្រភេទពិការអ្វីខ្លះ? មានប៉ុន្មាននាក់ដែលអាចចូលរួមចុះឈ្មោះ និងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៨ ខាងមុខនេះ»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ភាពយឺតយ៉ាវរបស់ គ.ជ.ប កន្លងមក ក្នុងការបែងចែកប្រភេទជនពិការទៅក្នុងបញ្ជីឈ្មោះបោះឆ្នោត គឺជនពិការខ្លះនៅតែលាក់លៀមពីអត្តសញ្ញាណរបស់ខ្លួន និងតារាងបញ្ជីបោះឆ្នោតកន្លងមក មានបញ្ចូលរូបថតដែលជាហេតុធ្វើឲ្យពិបាករកកន្លែងបែងចែកប្រភេទជនពិការ។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ នៅសប្ដាហ៍ក្រោយ គ.ជ.ប គ្រោងជួបពិភាក្សាបញ្ហានេះជាមួយអង្គការជនពិការកម្ពុជា៖ «គ.ជ.ប នឹងប្រឹងប្រែងសម្រួលបញ្ហានេះបន្តទៀត ដើម្បីដោះស្រាយនៅរាល់បញ្ហាទាំងឡាយ ប៉ុន្តែមកដល់ពេលនេះ គ.ជ.ប មិនទាន់បានបែងចែកប្រភេទតារាងអ្នកពិការភាពបាននៅឡើយ ដោយសារយើងមានបញ្ហាក្រដាសស្នាម»។
អង្គការជនពិការកម្ពុជា អះអាងថា កន្លងមកពេលបោះឆ្នោតម្តងៗ ជនពិការជួបបញ្ហាប្រឈមជាច្រើន មានដូចជាការិយាល័យបោះឆ្នោតនៅឆ្ងាយ មិនមានជម្រាល មិនមាននិមិត្តសញ្ញាសំគាល់ ពិបាកលើការចុះឈ្មោះបោះឆ្នោត មិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរ កង្វះព័ត៌មាន អក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនពិការ គថ្លង់ និងងងឹតភ្នែកជាដើម។
អង្គការជនពិការកម្ពុជា យល់ថា ការបន្ថែមតារាងប្រភេទឈ្មោះជនពិការដោយមានបញ្ជាក់ប្រភេទពិការភាពទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី គឺជាការលើកកម្ពស់សិទ្ធិជនពិការដើម្បីមានឱកាសចូលរួមបោះឆ្នោត ព្រោះថា ជនពិការមានប្រមាណជាង ១៥% ដែលស្មើនឹង ១,៥លាននាក់នៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
