អង្គការ​សិទ្ធិ​មនុស្ស​ថ្កោលទោស​ការ​ប្រើ​ហិង្សា​មក​លើ​អ្នក​តវ៉ា

0:00 / 0:00

អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន ៤ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់​ដោយ​កម្លាំង​នគរបាល និង​កង​កម្លាំង​សន្តិសុខ​ដទៃ​ទៀត ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់។ សេចក្ដី​ថ្លែងការណ៍​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ទំនាស់​ដីធ្លី​ទាំង​នោះ។

សេចក្ដី​ថ្លែងការណ៍​ដែល​ធ្វើ​ឡើង​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស អង្គការ​សិទ្ធិ​មនុស្ស​ទាំង ៤ នោះ រួម​មាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក= Adhoc) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស (លីកាដូ=Licadho) និង​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស។

ប្រជាជន​បាត់បង់​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ បាន​ធ្វើ​ការ​តវ៉ា​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ដើម​សប្ដាហ៍​នេះ ដើម្បី​ទាមទារ​ឲ្យ​លោក​អភិបាល​ក្រុង​ថ្មី ប៉ា សុជាតិវង្ស ដែល​ធ្លាប់​បាន​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជា​សហគមន៍​បឹងកក់ កាល​ពី​ពេល​លោក​ទើប​បាន​ឡើង​កាន់​តំណែង​ថ្មីៗ។ តែ​ការ​តវ៉ា​នេះ ជា​ញឹកញយ​ត្រូវ​បាន​បំបែក​ដោយ​កម្លាំង​នគរបាល និង​កង​កម្លាំង​សន្តិសុខ​ផ្សេង​ទៀត។

សេចក្ដី​ថ្លែងការណ៍​បាន​បរិយាយ​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​នេះ គឺ​ជា​ការ​ទាមទារ​នូវ​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ដែល​ប៉ះពាល់​ដល់​សហគមន៍​របស់​ពួក​គាត់​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ​នេះ។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ការ​ប្រើ​កម្លាំង​ប្រឆាំង​នឹង​អ្នក​តវ៉ា​ទាំង​នោះ គឺ​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ​ឡើយ ហើយ​ការ​ប្រើ​កម្លាំង​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​អហិង្សា គឺ​ជា​ការ​ខុស​ច្បាប់។

ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា សាលា​រាជធានី​ភ្នំពេញ កំពុង​តែ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ទៅ​តាម​នីតិវិធី ហើយ​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​ដើម្បី​ចុះ​ស្រង់​ស្ថិតិ​និង​ព័ត៌មាន ដើម្បី​ធ្វើ​សលាកបត្រ​ជូន​ប្រជាពលរដ្ឋ​តវ៉ា ហើយ​ការងារ​នេះ​ក៏​មាន​ការ​ចូលរួម​ផ្ទៀងផ្ទាត់​ទាំង​អស់​គ្នា​ដោយ​អង្គការ​សង្គម​ស៊ីវិល។

លោក​មាន​ប្រសាសន៍​បន្ត​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​យក​បញ្ហា​ដីធ្លី​ធ្វើ​ជា​អាទិភាព​របស់​លោក​ដូច​ដែល​លោក​បាន​សន្យា តែ​លោក ឡុង ឌីម៉ង់ បាន​និយាយ​ថា សាលា​រាជធានី​ក៏​មិន​អាច​ធ្វើ​ឲ្យ​បាន​លឿនដូច​ដែល​ក្រុម​អ្នក​តវ៉ា​ចង់​បាន​នោះ​ទេ ព្រោះ​វា​ត្រូវ​ធ្វើ​តាម​នីតិវិធី​ឲ្យ​បាន​ត្រឹមត្រូវ៖ «ក្រុម​ការងារ​យើង​កំពុង​តែ​ធ្វើ​ការ​ដែរ ក៏​ប៉ុន្តែ​សួរ​ថា តើ​ដែល​គាត់​ចង់​ឲ្យ​មាន​ពេល​វេលា​ឆាប់​ហ្នឹង គឺ​វា​មិន​អាច​ទៅ​តាម​ដែល​អ្វី​គាត់​ចង់​បាន​ទេ»

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក ឡុង ឌីម៉ុង ខាង​លើ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា លោក​ទទួល​ស្គាល់​ថា សាលា​រាជធានី​ភ្នំពេញ កំពុង​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ តែ​លោក​មាន​ប្រសាសន៍​ថា ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ការ​តវ៉ា​នៅ​ពេល​ខាង​មុខ និង​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ដែល​កើត​ឡើង​ដោយសារ​ការ​តវ៉ា​នេះ សាលា​រាជធានី គួរ​តែ​ពន្លឿន​សកម្មភាព​របស់​ខ្លួន​ឲ្យ​បាន​លឿន​ជាង​នេះ​ទៀត ដើម្បី​បង្កើន​ទំនុក​ចិត្ត​របស់​ក្រុម​អ្នក​តវ៉ា។

លោក​ថា ការ​កសាង​ទំនុក​ចិត្ត​រវាង​សាលា​រាជធានី និង​ពលរដ្ឋ​តវ៉ា គឺ​ជា​រឿង​សំខាន់​បំផុត៖ «ជា​ពិសេស គឺ​ប្រជាពលរដ្ឋ​គាត់​ធ្លាប់​មាន​បញ្ហា​ជាមួយ​នឹង​អភិបាល​ក្រុង​ចាស់​យូរ​អង្វែង ជា​ករណី​យូរ​អង្វែង ដោយសារ​អ៊ីចេះ​ទេ ដោយសារ​គាត់​ពុំ​សូវ​មាន​ជំនឿ​ហ្នឹង​ជា​កន្លែង​មួយ​ដែល​ខ្ញុំ​អំពាវនាវ​សុំ​ឲ្យ​សាលាក្រុង​ឈាន​មួយ​ជំហាន​ធំ​ដើម្បី​ធ្វើ​ម៉េច​បង្ក​ឲ្យ​មាន​ការ​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ»

បន្ថែម​ពី​លើ​នេះ សេចក្ដី​ថ្លែងការណ៍​ក៏​បាន​កត់​សម្គាល់​ដែរ​ពី​ការ​បែក​បាក់​គ្នា​រវាង​អ្នក​សហគមន៍​បឹងកក់ ហើយ​បាន​លើក​ឡើង​ថា សន្និសីទ​សារព័ត៌មាន​ដែល​បាន​ចាក់​ផ្សាយ​នៅ​តាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជា​ច្រើន កាល​ពី​ថ្ងៃ​ទី​២ កក្កដា កន្លង​ទៅ​នេះ បាន​ប៉ុនប៉ង​មិន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្នក​តវ៉ា​ប្រឆាំង​ទៅ​នឹង​ភាគី​ម្ខាង​ទៀត​នោះ​ទេ ហើយ​បែរ​ជា​បញ្ចាំង​ពី​ការ​ប្រឆាំង​ទៅ​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដែល​ធ្វើ​ការ​ដើម្បី​ការពារ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​នោះ​ទៅ​វិញ។

សេចក្ដី​ថ្លែងការណ៍​បាន​ចោទ​ប្រកាន់​ថា ការ​ចាក់​ផ្សាយ​សន្និសីទ​នេះ គឺ​មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រាសចាក​បញ្ហា​ពិត​នៅ​ពី​ក្រោយ​ការ​តវ៉ា ដូចជា​ការ​រំលោភ​យក​ដីធ្លី និង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ជាដើម ហើយ​ថា សន្និសីទ​នេះ​ធ្វើ​ឡើង​គឺ​មាន​គោលបំណង​បង្វែង​ការ​កត់សម្គាល់​របស់​មហាជន​ទូទៅ​ពី​កង្វះ​សមត្ថភាព​ក្នុង​ការ​រក​ដំណោះស្រាយ​ជាក់លាក់​ពី​សំណាក់​អាជ្ញាធរ។

នៅ​ទី​បញ្ចប់ អង្គការ​សិទ្ធិ​មនុស្ស​ទាំង ៤ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បង្កើត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ចំពោះ​ការ​បន្ត​ប្រើ​កម្លាំង​ពុំ​សមាមាត្រ ហើយ​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ឲ្យ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ។ អង្គការ​ទាំង​នេះ ក៏​អំពាវនាវ​ដល់​អាជ្ញាធរ សូម​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​នូវ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ទីក្រុង ដើម្បី​ជា​ការ​ទប់ស្កាត់​នូវ​ការ​ប្រឆាំង​តវ៉ា​នៅ​ពេល​អនាគត និង​ដើម្បី​រក្សា​នូវ​សន្តិភាព​នៅ​លើ​ដង​វិថី​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ជាង​ការ​បន្ត​ប្រើ​នូវ​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​តទៅ​ទៀត។

ទាក់ទង​ការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បង្កើត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ឲ្យ​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ឲ្យ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​លើ​ករណី​ខាង​លើ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ដែរ តែ​លោក​មិន​បាន​លើក​ទូរស័ព្ទ​ទេ។

ជា​ការ​កត់​សម្គាល់ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិនា ឆ្នាំ​២០១៣ កងកម្លាំង​សន្តិសុខ​ចម្រុះ​មួយ​ក្រុម​បាន​ប្រើ​កម្លាំង​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់ ដែល​ព្រឹត្តិការណ៍​នោះ បាន​បណ្ដាល​ឲ្យ​អ្នក​តវ៉ា ៦​រូប បាន​រង​របួស​ធ្ងន់ ហើយ​ខ្លះ​ទៀត​បាន​បាក់​ដៃ​និង​សន្លប់។ ក្រោយ​មក​ទៀត នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៣ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ថ្មគោល ត្រូវ​បាន​បំបែក​តាម​រយៈ​ការ​ប្រើ​កាណុង​បាញ់​ទឹក​ដាក់​លើ​ពួកគាត់ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ។ ព្រឹត្តិការណ៍​បាញ់​ទឹក​បំបែក​នោះ បាន​បណ្ដាល​ឲ្យ​អ្នក​តវ៉ា ៣​នាក់​សន្លប់ ហើយ​អ្នក​តវ៉ា​ប្រហែល ២០​នាក់​ផ្សេង​ទៀត​រង​របួស៕