សកម្មជនសហជីពផ្នែកសេវាកម្ម និងចំណីអាហារប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នាំគ្នាចុះចែកខិត្តប័ណ្ណ និងបំពាក់បូណ៌ពណ៌សនៅតាមភោជនីយដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ។ សកម្មភាពនេះជាផ្នែកមួយនៃយុទ្ធនាការរយៈពេល ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ។
ក្រុមសកម្មជនរំពឹងថា សកម្មភាពនេះនឹងជួយអោយសាធារណជន អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត និងអតិថិជនបានយល់ដឹងពីសារសំខាន់នៃការបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារី។
ក្រុមសកម្មជនសហជីពជ្រើសរើសយកប្រធានបទមួយក្នុងយុទ្ធនាការនេះ គឺបញ្ឈប់អំពើហិង្សាលើស្ត្រីផ្នែកសេវាកម្សាន្ត និងជំរុញគោលការណ៍ភូមិឃុំមានសុវត្ថិភាព ដើម្បីសុវត្ថិភាពទីក្រុងសម្រាប់ស្ត្រី។ ពួកគេបានទៅដល់ភោជនីយដ្ឋានចំនួន២ ក្នុងសង្កាត់ព្រែកលៀប ដើម្បីចុះចែកខិត្តប័ណ្ណ និងបំពាក់បូណ៌ពណ៌សទៅអោយអ្នកបម្រើការងារ និងភ្ញៀវទាំងឡាយ។ ខិត្តប័ណ្ណទាំងនោះមានសារថា "អំពើហិង្សាលើស្ត្រីជាករណីដែលច្បាប់មិនអាចលើកលែងអោយបាន"។
អនុប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ក្រុមស្ត្រីនៅក្នុងផ្នែកសេវាកម្សាន្តដែលរួមមានអ្នករត់តុ អ្នកបម្រើភ្ញៀវនៅតាមភោជនីយដ្ឋាន ក្លឹបកម្សាន្ត ខារ៉ាអូខេ និងទីតាំងផ្សេងៗមួយចំនួនទៀតប្រឈមនឹងការរំលោភបំពាន ឬអំពើហិង្សាពីអតិថិជនមួយចំនួនដែលពេលខ្លះអាចជាអ្នកមានប្រាក់មានអំណាច។ លើសពីនេះនៅពេលពួកគេចេញពីកន្លែងធ្វើការទៅផ្ទះ ក៏ប្រឈមនឹងបញ្ហាហិង្សាតាមដងផ្លូវទៀត៖ «ស្ត្រីមួយចំនួនគាត់ធ្វើការនៅទីហ្នឹងគាត់ត្រូវតែបង្ខំចិត្តក្នុងការទទួលយកឥរិយាបថពីភ្ញៀវ ដើម្បីគាត់អាចធ្វើការងារហ្នឹងបានតទៅទៀត។ អ៊ីចឹងដោយសារតែស្ថានភាពការងារសង្គមវប្បធម៌បែបហ្នឹងហើយ បានគាត់ គឺស្ត្រីមួយចំនួនបានព្យាយាមតតាំងដែរ តែដល់យើងក្រឡេកមើលមួយទៀតក៏គាត់ពិបាកក្នុងការនិយាយ ដោយសារតែឥទ្ធិពលភ្ញៀវដែលគាត់ចូលផឹកស៊ីហ្នឹង គឺមានឥទ្ធិពលខ្លាំង»។
យុទ្ធការបញ្ឈប់អំពើហិង្សាលើស្ត្រីមានរយៈពេល ១៦ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា បញ្ចប់ទៅវិញនៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ។ នៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិស្ដីពីស្ត្រី អោយដឹងថា យុទ្ធនាការ ១៦ថ្ងៃ មានគោលដៅលើកកម្ពស់ចំណេះដឹងពលរដ្ឋ និងកៀរគរពលរដ្ឋគ្រប់ទីកន្លែង ដើម្បីអោយមានការផ្លាស់ប្ដូរ។ នៅកម្ពុជា ប្រធានបទជាក់លាក់របស់យុទ្ធនាការនេះ គឺការផ្លាស់ប្ដូរការស្ដីបន្ទោស។
ទាក់ទិននឹងការផ្សព្វផ្សាយបញ្ឈប់អំពើហិង្សា នៅក្នុងផ្នែកសេវាកម្សាន្តនេះវិញ ករណីនេះជាការព្រួយបារម្ភរបស់ក្រុមសហជីព ដ្បិតវិស័យនេះកំពុងរីកដុះដាល ប៉ុន្តែជនរងគ្រោះភាគច្រើនរក្សាភាពស្ងៀមស្ងាត់នៅពេលរងករណីអំពើហិង្សា។
នៅថ្ងៃទី២៥ ខែវិច្ឆិកា មានភោជនីយដ្ឋានចំនួន២ ដែលយល់ព្រមចូលរួមយុទ្ធនាការនេះមានភោជនីយដ្ឋានតាឪ និងភោជនីយដ្ឋានចំការលាភ។
មេការនៅភោជនីយដ្ឋានចំការលាភ លោក យូ លន មានប្រសាសន៍ថា លោកសង្ឃឹមថា ទាំងអ្នកបម្រើការងារ និងអតិថិជននឹងបានយល់ដឹងពីការចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី៖ «ភ្ញៀវខ្លះក៏មានប៉ះពាល់លូកលាន់ បុគ្គលិកមានសិទ្ធិនឹងអាចប្ដឹងផ្ដល់រឿងនេះបាន។ (យុទ្ធនាការនេះ) សំខាន់ច្រើនជួយអោយបុគ្គលិក និងភ្ញៀវខ្លះគាត់អត់យល់ថា អំពើហិង្សាហ្នឹងមានអ្វីខ្លះ»។
ជាអតិថិជននៅភោជនីយដ្ឋាន លោក ជួន តុំ គាំទ្រ និងចូលរួមយុទ្ធនាការនេះ៖ «គ្មានអំពើហិង្សាគឺល្អដល់សង្គម គ្រួសារទាំងមូល និងប្រទេសជាតិ ដោយសារវាមិនធ្វើអោយខាតបង់ថវិកាក្នុងគ្រួសារ ដោយសារអំពើហិង្សាវាធ្វើអោយមានរបួសស្នាម ខាតពេលវេលារកស៊ីផង។ អំពើហិង្សាលើស្ត្រី និងកុមារជាអំពើដែលមិនអាចទទួលយកបាន ដោយសារវាជាអំពើល្មើសច្បាប់»។
របាយការណ៍ដែលផ្សព្វផ្សាយដោយអង្គការសហប្រជាជាតិអោយដឹងថា មានស្ត្រីម្នាក់ក្នុងចំណោមបីនាក់បញ្ជាក់ថា គេធ្លាប់រងអំពើហិង្សាក្នុងជីវិតរបស់ពួកគេ មិនថាអំពើហិង្សាផ្នែករាងកាយ ផ្លូវភេទ និងសេដ្ឋកិច្ច។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ រួមទាំងក្រសួងកិច្ចការនារី ក៏បានចូលរួមយុទ្ធនាការនេះដែរ ដោយចាប់ផ្ដើមតាំងពីសប្ដាហ៍កន្លងទៅ។ តាមគម្រោងក្រុមនេះនឹងមានកម្មវិធីរត់ប្រណាំងចំនួន២ គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងខេត្តព្រះសីហនុ និងនៅថ្ងៃទី៤ ខែធ្នូ នៅតំបន់អង្គរក្នុងខេត្តសៀមរាប។ ចំណែកនៅថ្ងៃទី៦ ខែធ្នូ នឹងមានការរាំរួមគ្នានៅសួនច្បារវត្តបទុមវតី ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
