សង្គម​ស៊ីវិល​រិះគន់​ការ​គំរាម​របស់​រដ្ឋាភិបាល​លើ​វិទ្យុ​អាស៊ីសេរី

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មក​ពី​ស្ថាប័ន​បី​ផ្សេង​គ្នា ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ដើម្បី​ច្រាន​ចោល​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ មីនា ដែល​ផ្សាយ​ពី "ពលរដ្ឋ​តាម​ព្រំដែន​ចោទ​ទាហាន​ថៃ​ថា​រំលោភ​យក​ទឹកដី​ខ្មែរ"។
ដោយ វណ្ណ វិចារ
2013-03-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Vann Vicha

រូបភាព វីដេអូ និង​ព័ត៌មាន​ផ្សេងៗ​ទៀត ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ

នៅ​ក្នុង​សន្និសីទ​កាសែត ក្រុម​មន្ត្រី​ទាំង​នោះ​គំរាម​ថា នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ បើ​សិន​ជា​អ្នក​សារព័ត៌មាន​ណា​ហ៊ាន​ផ្សាយ​ព័ត៌មាន​ដែល​ថា ថៃ រំលោភ​យក​ដី​ខ្មែរ​នៅ​តំបន់​ព្រំដែន​នោះ ដោយ​ចាត់​ទុក​ថា​ការ​ផ្សាយ​នោះ​ជា​ការ​បំពុល​បរិយាកាស​នៅ​តំបន់​តាម​ព្រំដែន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​គំរាម​នេះ ជា​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ ប្រកាស​រួម​គ្នា​ថា រឿងរ៉ាវ​ព្រំដែន​ជា​រឿង​រសើប ហើយ​បញ្ហា​ព្រំដែន​មិន​អាច​អ្នក​គ្រប់​គ្នា​ចេះ​តែ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​យោបល់ ឬ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ទេ ដោយ​បញ្ហា​នេះ​ពាក់ព័ន្ធ​នឹង​រឿង​សន្តិសុខ​ជាតិ។ ប៉ុន្តែ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​ព្រមាន​នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​យក​ព័ត៌មាន និង​គាប​សង្កត់​សារព័ត៌មាន​ឯករាជ្យ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ហាមប្រាម​របស់​រដ្ឋាភិបាល​នេះ ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​បំពេញ​ការងារ​របស់​សារព័ត៌មាន​ឯករាជ្យ។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​នៅ​តែ​មាន​ភាព​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​បញ្ចេញ​មតិ ហើយ​ព្យាយាម​បំបិទ​មាត់​អ្នក​ដែល​ហ៊ាន​និយាយ​ពី​ចំណុច​អសកម្ម​ទាំង​ឡាយ​របស់​រដ្ឋាភិបាល។

លោក​បញ្ជាក់​ថា ការ​រាយការណ៍​ព័ត៌មាន​ដែល​ប៉ះពាល់​ផល​ប្រយោជន៍​គណបក្ស​កាន់​អំណាច នឹង​ត្រូវ​គំរាម​កំហែង​តាម​គ្រប់​រូបភាព៖ «ខ្ញុំ​ស្តែកស្តោក​ណាស់ ពួក​គាត់​មិន​ព្រម​ដោះស្រាយ​បញ្ហា បែរ​ជា​បិទ​មាត់​អ្នក​និយាយ​ទៅ​វិញ។ យើង​នៅ​បន្ត​សោកស្ដាយ​នៅ​ឡើយ។ រឿង​សេរីភាព​សារព័ត៌មាន​នោះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​គ្មាន​សិទ្ធិ​និយាយ​ថា កន្លែង​ណា​ដែល​និយាយ​បាន​កន្លែង​ណា​ដែល​និយាយ​មិន​បាន​ទេ​តែ​មាន​ច្បាប់»

ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី២៨ មីនា មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ទទូច​ស្នើ​ឲ្យ​វិទ្យុ​អាស៊ីសេរី បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ដែល​លើក​ឡើង​ពី​ទស្សនៈ​នានា​ជុំវិញ​ស្ថានការណ៍​ព្រំដែន ដោយ​លោក​ចាត់​ទុក​ថា ការ​ផ្សាយ​ទាំង​នេះ ជា​អំពើ​បង្ក​អសន្តិសុខ និង​ស្ថិរភាព​សង្គម។ លោក​បន្ត​ថា ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី បាន​ធ្វើ​ការ​ផ្សាយ​ព័ត៌មាន​បំផុស​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា និង​ប្រទេស​ជិត​ខាង នាំ​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ ពិសេស​កងទ័ព​បាក់​ទឹក​ចិត្ត។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បញ្ចេញ​ប្រតិកម្ម​ច្រាន​ចោល​ចំពោះ​មតិ​ប្រជាពលរដ្ឋ​នៅ​សំឡូត ដែល​លើក​ឡើង​ថា ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ស្រុក​សំឡូត ដែល​កងទ័ព​ខ្មែរ​ក្រហម​គ្រប់គ្រង​ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៦ ត្រូវ​ថៃ រំលោភ​យក​មិន​តិច​ជាង ១០​គីឡូម៉ែត្រ។ លោក​បន្ត​ថា ដី​ខ្មែរ​មិន​មាន​បាត់បង់​ឡើយ សូម្បី​តែ​១​មិល្លីម៉ែត្រ ដោយសារ​ការ​ការពារ​ដ៏​រឹងមាំ​របស់​កងទ័ព​កម្ពុជា៖ «ហ៊ាន​ពលី​ជីវិត ដាច់​ខាត​មិន​ឲ្យ​បរទេស​ណា​ចូល​ឈ្លាន​ពាន​បាន​ទេ សូម្បី​តែ​១​មិល្លីម៉ែត្រ ហើយ​សូម​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ​នេះ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន ក្រសួង​មហាផ្ទៃ លោក ហ៊ូ សុគុណ មាន​ប្រសាសន៍​ថា កម្ពុជា មិន​បាត់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង​ទេ ព្រោះ​កម្លាំង​នគរបាល​ខិតខំ​ការពារ​ព្រំដែន​បាន​ល្អ​ណាស់ ហើយ​លោក​មិន​អាច​ទទួល​យក​បាន​នូវ​ការ​លើក​ឡើង​ពី​ការ​បាត់​បង់​ទឹក​ដី​បាន​ឡើយ។

រីឯ​អនុប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី ក៏​បាន​ច្រាន​ចោល​ទស្សនៈ​របស់​អ្នក​វិភាគ​បញ្ហា​សង្គម ជុំវិញ​ការ​អនុវត្ត​ការងារ​របស់​ក្រុម​មន្ត្រី​រាជ​រដ្ឋាភិបាល​ដែរ។ អ្នកស្រី​បន្ត​ថា បង្គោល​ព្រំដែន​កម្ពុជា មិន​ត្រូវ​បោះ​សារ​ជា​ថ្មី​ទេ តែ​ត្រូវ​រួម​គ្នា​រុករក​បង្គោល​ចាស់​ដែល​សល់​ពី​សម័យ​អាណានិគម ដូច​នេះ​កម្ពុជា នឹង​មិន​បាត់​បង់​ដី​ទៅ​ភាគី​ថៃ នោះ​ទ៖ «តើ​លោក​និយាយ​ស្រាវជ្រាវ​ឯករាជ្យ​ហ្នឹង និយាយ​ឲ្យ​តែ​បាន​ឮ ថា​ខ្លួន​ចេះ​ដឹង​ពី​រឿង​ព្រំដែន ចំពោះ​អ្នក​ដែល​ធ្វើ​ព្រំដែន​មិន​ឲ្យ​តម្លៃ​ទេ អ្នក​និយាយ​នោះ​គឺ​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល​ដោយ​គ្មាន​ភស្តុតាង»

កុយ ពិសី ៦១០
អនុប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។ Photo: RFA

បើ​ទោះ​បី​ក្រុម​មន្ត្រី​លើក​ឡើង​ពី​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ថា ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ក៏ដោយ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​ព្រម​ពន្យល់​ឲ្យ​ច្បាស់​ថា អ្វី​ខ្លះ​ទៅ​ជា​ចំណុច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​អ្វី​ដែល​ពលរដ្ឋ ឬ​អ្នក​សារព័ត៌មាន​មិន​គួរ​ដឹង មិន​គួរ​និយាយ​ពី​បញ្ហា​ព្រំដែន ឬ​អធិបតេយ្យ​ជាតិ​របស់​ប្រទេស​ខ្លួន​នោះ​ឡើយ។

លោក ផៃ ស៊ីផាន បាន​ព្យាយាម​ឆ្លើយ​បង្វែង​ចេញ​ពី​សំណួរ​របស់​អ្នក​កាសែត ដោយ​ភ្ជាប់​ទៅ​បញ្ហា​ផ្សេង៖ «ជម្រាប​សួរ​ឯកឧត្តម តើ​ពលរដ្ឋ​មាន​សិទ្ធិ​ដឹង​ព័ត៌មាន​អ្វី​ខ្លះ​ពី​បញ្ហា​ព្រំដែន? ហើយ​អ្វី​ខ្លះ​ជា​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ? ចម្លើយ​លោក ផៃ ស៊ីផាន៖ តាម​ធម្មតា បើ​សិន​អាជីព គេ​មិន​ឲ្យ​ទៅ​ប៉ះ​កន្លែង​ហ្នឹង​ទេ ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត សន្តិសុខ​ជាតិ បើ​សិន​ជា​ពលរដ្ឋ​ម្នាក់​ប្រាប់​ក្មួយ​ឯង​ថា​ម្តាយ​ក្មួយ​នៅ​ក្រមុំ តើ​ក្មួយ​ឯង​អាច​និយាយ​ប្រាប់​សាធារណជន​បាន​ទេ?»

ទោះ​ជា​យ៉ាង​ណា​ក្តី សមាជិក​គណៈកម្មាធិការ​នាយក​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​សីលធម៌​អ្នក​សារព័ត៌មាន​កម្ពុជា លោក ពុយ គា បាន​មាន​ប្រសាសន៍​ថា អ្នក​កាសែត​មាន​ច្បាប់​មួយ ដូច្នេះ​លោក​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​អ្នក​សារព័ត៌មាន​វិញ ជា​ជាង​ការ​ប្ដឹង​ទៅ​តុលាការ។ លោក​បន្ត​ថា អត្ថបទ​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ មិន​ទាស់​ខុស​អ្វី​ទេ តែ​អត្ថបទ​នេះ​ទំនង​ជា​អ្នក​សារព័ត៌មាន​ពិបាក​ទាក់ទង​មន្ត្រី​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ការ​បកស្រាយ​ពន្យល់​ឲ្យ​បាន​ច្បាស់។ លោក​បញ្ជាក់​ថា ការ​សម្រេច​ប្ដឹង​អ្នក​សារព័ត៌មាន វា​មិន​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ ឬ​សង្គម​ប្រជាធិបតេយ្យ​ទេ៖ «បើ​សិន​ជា​មាន​វិធានការ​ផ្លូវ​ច្បាប់​ប្ដឹង​ទៅ​តុលាការ វា​ក្តៅ អីចឹង​យើង​គួរ​ពិនិត្យ​មើល​ឡើង​វិញ​ពី​ការ​រក្សា​កេរ្តិ៍​ឈ្មោះ​ប្រទេស​យើង ការ​ប្ដឹង​អ្នក​សារព័ត៌មាន​ប៉ះពាល់​ដល់​កិត្តិយស​នៃ​ប្រទេស»

ទាក់ទង​នឹង​ការ​ផ្សាយ​ព័ត៌មាន​នេះ រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០១២ បាន​សម្រេច​បិទ​មិន​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​រួច​ទៅ​ហើយ ក្នុង​ហេតុផល​ថា ការពារ​មិន​ឲ្យ​ចលាចល​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ ការ​បិទ​កម្មវិធី​ទាំង​នោះ នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល និង​អង្គភាព​សារព័ត៌មាន។ កាល​ពី​ទើប​នឹង​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក៏​បាន​កោះ​ហៅ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ​វីអូអេ (VOA) ដើម្បី​ព្រមាន​ពី​ការ​ផ្សាយ​ព័ត៌មាន​ដែរ។ តែ​វិទ្យុ​ទាំង​ពីរ​ក៏​មិន​បាន​ប្ដូរ​ជំហរ ឬ​បន្ទន់​ឥរិយាបថ​ចំពោះ​បញ្ហា​នេះ​ទេ។ នៅ​ដើម​ឆ្នាំ​២០១៣ នេះ វិទ្យុ​អាស៊ីសេរី ក៏​បាន​ផ្សាយ​ព័ត៌មាន​មួយ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​របស់​កង​ការពារ​ព្រំដែន តែ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ថា នេះ​ជា​ព័ត៌មាន​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស​ជាតិ ដែល​គួរ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣ របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បង្ហាញ​ថា កម្ពុជា ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី១៤៣ ក្នុង​ចំណោម ១៧៩​ប្រទេស ផ្នែក​ខាង​សេរីភាព​សារព័ត៌មាន។ កម្ពុជា បាន​កើន​លេខ​រៀង​២៦ ដោយ​កាល​ពី​ឆ្នាំ​២០១២ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​វាយ​តម្លៃ​ថា កម្ពុជា ស្ថិត​នៅ​លេខ​១១៧។ ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ដាក់​ពិន្ទុ​ចាប់​ពី​លេខ​សូន្យ ដល់ ១០០ បើ​ប្រទេស​ណា​ទទួល​បាន​លេខ​តិច គឺ​ជា​ប្រទេស​ដែល​មាន​សេរីភាព​សារព័ត៌មាន​ល្អ​ប្រសើរ។

អ្នក​តាម​ដាន​បញ្ហា​សង្គម មើល​ឃើញ​ថា ក្រុម​មន្ត្រី​មិន​បាន​បើក​ចំហ​ព័ត៌មាន​នោះ​ឡើយ ដោយ​ព័ត៌មាន​ភាគ​ច្រើន​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​សម្ងាត់ ហើយ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ក៏​ត្រូវ​ជាប់​គាំង​ទៀត។ ចំពោះ​ព័ត៌មាន​សន្តិសុខ​ជាតិ​វិញ មិន​មាន​ច្បាប់​ណា​មួយ​ចែង​ថា អ្វី​ខ្លះ​ជា​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ឡើយ។ អ្នក​ច្បាប់​បង្ហាញ​ថា ព័ត៌មាន​សន្តិសុខ​ជាតិ អាច​ជា​ព័ត៌មាន​ពី​ចំនួន​ទ័ព សព្វាវុធ សម្ភារៈ​សឹក ទីតាំង​ឈរ​ជើង​របស់​ទ័ព ផែនទី​កងទ័ព ឬ​យុទ្ធសាស្ត្រ​ទ័ព ការ​ចល័ត​ទ័ព​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(ប៉យប៉ែត

ពី ប៉យប៉ែត

សុំអ្នកស្រីកុយ ពីសី ខំរៀនបន្តិចទៀតយ៉ាងហោចណាស់ឱ្យចេះមើលផែន្ទីខ្លះផងមិននឹងហារមាត់
និយាយស្ដីកុំចេះតែថាតាមចៅហ្វាយនាយដាក់ទិសឱ្យដើរនោះជៀសវាងត្រីមួយត្រកស្អុយមួយ ស្អុយ
ទាំងអស់នោះ។នេះជាពាក្យប្រៀនប្រដៅរបស់គតិបណ្ឌិត មិនមែនចេញមកពីពួកអគតិទេ!


[មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​អ្នក​និពន្ធ​របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើង​ខ្ញុំ។]

Mar 30, 2013 12:01 AM

សុន

ពី Hanoi

ពួកវាគ្មានបានទៅមើលដល់ព្រំប្រទល់ទេ។
គេចែកក្រដាស់ឲ្យពួកវាទន្ទេញចាំដូចសត្វសេក។

Mar 29, 2013 08:53 PM

ក្មេងវត្ត

ពី ភព

អន្តរជាតិគេអាចយល់ពីកម្រិតចេះដឹងរបស់អ្នកដឹកនាំខ្មែរបានតាមរយះ
អ្នកដំណាងទាំងបីនាក់នេះថាមានកម្រិតទាបជាកំពូលជាងរដ្ឋនានា
ក្នុងលោក។(ជនល្ងង់ខ្លៅតែងតែរត់រកជនល្ងង់ខ្លៅដូចគ្នា)។

Mar 29, 2013 03:57 PM

ហុងណាំហោ

ពី ភ្នំពេញ

សូមបងប្អូនកុំខឹងនិងដំណាងទាំងបីនាក់របស់រដ្ឋាភិបាលហ៊ុន សែន
អីព្រោះអ្នកទាំងបីនាក់នេះសុទ្ធតែជាសារិកាកែវដែលហ៊ុន សែន
ចិញ្ចឹមទុកគ្រាន់ឱ្យសូត្រពាក្យឥតន័យឥតខ្លឹមសាររបស់រដ្ឋាភិបាល
ហ៊ុន សែនប៉ុណ្ណោះ។

Mar 29, 2013 03:49 PM

Sen

ពី Kampong Cham

Why does government say, not anyone need to know the borders affair? Cambodia is belong to 14 millions people, not belong to people in the government alone.

Mar 29, 2013 09:33 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល