សង្គម​ស៊ីវិលហែ​ក្បួន​​​ដាក់​ញត្តិ​តាម​ស្ថានទូត​នៅ​ភ្នំពេញ

ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​ដែល​តំណាង​ឲ្យ​អង្គការ​ជាតិ​និង​អន្តរជាតិ​ជិត ២០០ នៅ​កម្ពុជា ព្រម​ទាំង​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មករា យក​ញត្តិ​ទៅ​ដាក់​តាម​បណ្ដា​ស្ថានទូត​បរទេស​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា។

0:00 / 0:00

ការ​ដើរ​ដាក់​ញត្តិ​នេះ គឺ​ក្នុង​បំណង​អំពាវនាវ​ឲ្យ​ស្ថានទូត​បរទេស​ទាំង​នោះ ជួយ​ចាត់​វិធានការ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ ២៣​នាក់ ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា។

«សំឡេង»៖ ដូច​ការ​គ្រោង​ទុក មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ និង​បុរីកីឡា ព្រម​ទាំង​ព្រះសង្ឃ​ប្រមាណ ៨០​អង្គ​និង​នាក់ បាន​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​មួយ​ចំនួន ដូចជា​ស្ថានទូត​ប្រទេស​អាល្លឺម៉ង់ (Germany) ស៊ុយអែត (Sweden) កូរ៉េ​ខាងត្បូង (South Korea) អូស្រ្តាលី (Australia) រុស៊្សី (Russia) ប្រទេស​ថៃ (Thailand) និង​ម៉ាឡេស៊ី (Malaysia)។ ស្ថានទូត​ទាំង​អស់​នេះ​សុទ្ធតែ​បាន​ទទួល​យក​ញត្តិ​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ។

ប្រធាន​គណៈ​គ្រប់គ្រង​នៃ​គណៈកម្មាធិការ​ដើម្បី​លើក​ស្ទួយ​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ និង​ជា​នាយិកា​អង្គការ​សីលការ អ្នកស្រី ធីដា ឃិះ បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ដាក់​ញត្តិ​ថា មន្ត្រី​ស្ថានទូត​សុទ្ធតែ​បាន​ចែក​រំលែក​ការ​ព្រួយ​បារម្ភ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ពួកគេ​សន្យា​ថា នឹង​ពាំនាំ​យក​សំណើ​របស់​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​ដាក់​ជូន​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​របស់​ពួកគេ។

អ្នកស្រី ធីដា ឃិះ មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ៖ «បើ​យើង​មិន​បាន​មក​សុំ​គេ គេ​មិន​ដឹង​ថា​យើង​ហ្នឹង​មាន​ទឹក​ចិត្ត​យ៉ាង​ម៉េច ប្រជាពលរដ្ឋ​មាន​ទឹក​ចិត្ត​យ៉ាង​ម៉េច​ទេ ដល់​ឥឡូវ​នេះ​គេ​ឃើញ ១៨៤​អង្គការ ហើយ​កំពុង​បន្ត​មក​ទៀត កាន់​តែ​ច្រើន​មក​ទៀត ហើយ​ខ្ញុំ​មាន​សង្ឃឹម​ថា រាជរដ្ឋាភិបាល​នឹង​យល់​នូវ​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវការ ហើយ​ការ​គំរាម​កំហែង ការ​រំលោភ​សិទ្ធិ​មនុស្ស មិន​មែន​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ទេ ដូច្នេះ​មនុស្ស​យើង​ធម្មតា​ចង់​បាន​ល្អ ហើយ​ខ្ញុំ​សង្ឃឹម​ថា រាជរដ្ឋាភិបាល​ធ្វើ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ នូវ​អ្វី​ដែល​ល្អ»

ក្នុង​ការ​ដង្ហែ​ក្បួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ មករា ពុំ​ឃើញ​មាន​ការ​រារាំង ឬ​ចាប់​ខ្លួន​អ្នក​ចូល​រួម​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ឡើយ។ ក្នុង​ការ​ដង្ហែ​ញត្តិ​បែប​នេះ កាល​ពី​ថ្ងៃ​ទី​២១ មករា អាជ្ញាធរ​ចាប់​ខ្លួន​មនុស្ស​ចំនួន ១១​នាក់ ក្នុង​នោះ​ក៏​មាន​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ផង​ដែរ។ ប៉ុន្តែ​អ្នក​ទាំង ១១​នាក់​នោះ ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល។

អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ណៃ វ៉ង់ដា ដែល​បាន​ចូលរួម​ក្នុង​ការ​ហែ​ក្បួន​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​កោត​សរសើរ​ចំពោះ​ទង្វើ​ល្អ​របស់​កងកម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​មិន​បាន​ធ្វើ​ការ​រារាំង បង្ក្រាប វាយ​ដំ ឬ​ចាប់​ខ្លួន​អ្នក​ចូល​រួម​ក្នុង​ការ​ដង្ហែ​ក្បួន​នៅ​លើក​នេះ។

លោក​ថា រដ្ឋាភិបាល​ហាក់​ភ្ញាក់​រឭក​ឡើង​វិញ ហើយ​លោក​ក៏​បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ទាំង ២៣​នាក់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «យើង​ឃើញ​ថា មាន​ការ​ចាប់​ផ្ដើម​នឹង​ឃើញ​គោរព​ច្បាប់ គោរព​រដ្ឋ​ធម្មនុញ្ញ​ឡើង​វិញ នេះ​ជា​ការ​មួយ​គួរ​ឲ្យ​កោត​សរសើរ ហើយ​សុំ​ឲ្យ​បន្ត​សកម្មភាព​គោរព​ច្បាប់ និង​រដ្ឋធម្មនុញ្ញ គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នេះ​ជា​បន្ត​ទៀត ហើយ​លិខិត​សម្រេច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​ហាម​ឃាត់​ការ​ជួបជុំ​លើស​ពី ១០​នាក់​បំបែក​នេះ សូម​ឲ្យ​លុប​បំបាត់​ជា​បន្ទាន់ ព្រោះ​វា​អធម្មនុញ្ញភាព​ហើយ​មិន​ស្រប​ទៅ​នឹង​ច្បាប់​ដែល​យើង​ទាំង​អស់​គ្នា ឯកភាព​រៀបចំ​ឡើង​នេះ​ទេ»

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​២២ ខែ​មករា ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ដ៏​លើសលប់ និង​យ៉ាង​សាហាវ ការ​ចាប់​ខ្លួន​ដោយ​បំពាន ការ​សម្លាប់ និង​ការ​ប្រព្រឹត្ត​យ៉ាង​អមនុស្សធម៌​ដោយ​អាជ្ញាធរ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​នេះ ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ជា​បន្ទាន់​នូវ​ជន​ជាប់​ឃុំ​ទាំង ២៣​នាក់ បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដើម្បី​វែក​មុខ​ជន​ដែល​ទទួល​ខុស​ត្រូវ​លើ​អំពើ​ហិង្សា និង​ធានា​ឲ្យ​បាន​ថា ជន​ប្រព្រឹត្ត​នឹង​ត្រូវ​យក​មក​កាត់​ទោស​ដោយ​គ្មាន​បង្អង់ និង​ផ្ដល់​សំណង​ជូន​អ្នក​រង​របួស និង​គ្រួសារ​នៃ​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ព្រម​ទាំង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ផង។

មក​ទល់​ពេល​នេះ ស្ថានទូត​បរទេស​និង​ស្ថាប័ន​អន្តរជាតិ ដែល​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​បាន​យក​ញត្តិ​ទៅ​ដាក់​រួច​ហើយ​នោះ រួម​មាន​ស្ថានទូត​អាមេរិក ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ ស៊ុយអែត កូរ៉េ​ខាងត្បូង អូស្រ្តាលី ថៃ ម៉ាឡេស៊ី អង្គការ​យូនីសេហ្វ (UNICEF) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International)។ បើ​តាម​សេចក្ដី​ជូន​ដំណឹង​តំណាង​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​បណ្ដា​ស្ថានទូត​បរទេស​ផ្សេង​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​២៤ ២៧ និង ២៨ ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។