ក្រុម​អង្គការ​សង្គម​ស៊ីវិល​រំលឹក​វិញ្ញាណក្ខន្ធ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​បាន​ស្លាប់​ដោយ​លង់​ទឹក

ដោយ​ សុ ជីវី
2017.03.03
ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ៨៥៥ ២០១៧ អ្នក​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ ជួប​ប្រជុំ​គ្នា​នៅ​សួន​ច្បារ​ក្បែរ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ និង​ទាមទារ​រក​យុត្តិធម៌​ដល់​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ នាង ប៉ែន សុគន្ធា នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មីនា នេះ គឺ​មាន​រយៈពេល ៦៦​ថ្ងៃ​ហើយ បន្ទាប់​ពី​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​បាន​ស្លាប់​ដោយ​លង់​ទឹក​នៅ​ពេល​ត្រូវ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ដេញ​ចាប់ ក្រោម​ហេតុផល​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់។ ករណី​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​កំពុង​ទន្ទឹង​យុត្តិធម៌​សម្រាប់​រូប​នាង នាំ​គ្នា​ធ្វើ​ពិធី​រំលឹក​ពី​ការ​ស្លាប់​របស់​នាង។

បណ្ដាញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ប្រមាណ ៥០​នាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​សួន​ច្បារ​ក្បែរ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ និង​ទាមទារ​រក​យុត្តិធម៌​ដល់​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​នាង ប៉ែន សុគន្ធា។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រីម៉ៅ បាន​លង់​ទឹក​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បន្ទាប់​ពី​នាង​បាន​រត់​គេច​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​ដេញ​ចាប់​ក្រុម​ស្រី​រក​ស៊ី​ផ្លូវ​ភេទ​ក្នុង​បំណង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ម្ដុំ​សួន​ច្បារ​ខាង​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ នៅ​ពេល​នោះ នាង ប៉ែន សុគន្ធា បាន​រត់​​ទៅ​ដួល​បោក​នឹង​ទូក​ទេសចរណ៍​ហើយ​ធ្លាក់​ក្នុង​ទឹក​ទន្លេ​សាប។

អ្នក​នៅ​កន្លែង​កើត​ហេតុ​លើក​ឡើង​ថា សន្តិសុខ​បាន​ហាម​ប្រាម​មិន​អោយ​មាន​អ្នក​ជួយ​​នាង ប៉ែន សុគន្ធា ឡើយ។ សព​របស់​នាង​ត្រូវ​គេ​រក​ឃើញ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ សុគន្ធា បាន​បន្សល់​ទុក​កូន​ប្រុស​ពិការ​មាន​អាយុ ៦​ឆ្នាំ​ម្នាក់។អ្នក​សម្របសម្រួល​តស៊ូ​មតិ​នៃ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា និង​អ្នក​រៀបចំ​កម្មវិធី​ អ្នកស្រី ចាន់ សោភ័ណ្ឌ លើក​ឡើង​ថា ការ​ជួប​ប្រជុំ​គ្នា​របស់​ក្រុម​ស្ត្រី​នៅ​ពេល​នេះ ​មាន​គោល​បំណង​រំលឹក​ពី​ការ​ស្លាប់​របស់​នាង ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ និង​ការ​រួបរួម​គ្នា​លើកទឹកចិត្ត​ដល់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដើម្បី​ចិញ្ចឹម​ជីវិត ថា​ពួក​គេ​មិន​ឋិត​នៅ​ឯក​កា​ឡើយ៖ «ជាពិសេស​ទៀត​គឺ​យើង​ចង់​ពង្រឹង​ស្មារតី​របស់​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ដែល​គាត់​មើល​ឃើញ​ថា ​ករណី​​​បង​គន្ធា បាន​ស្លាប់​​ទៅ​ធ្វើ​អោយ​មាន​ការ​ភ័យ​ខ្លាច​ និង​រអា​​ក្នុង​ការ​ប្រកប​ការងារ​របស់​គាត់។ នេះ​គឺ​ជា​កត្តា​មួយ​ជួយ​ជំរុញ​គាត់​អោយ​មាន​ស្មារតី​រឹងមាំ ជា​ពិសេស​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដែល​គាត់​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើ​ទៅ​មុខ​ទៀត»

អ្នក​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ ជួប​ប្រជុំ​គ្នា​នៅ​សួន​ច្បារ​ក្បែរ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ និង​ទាមទារ​រក​យុត្តិធម៌​ដល់​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ នាង ប៉ែន សុគន្ធា នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
អ្នក​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ ជួប​ប្រជុំ​គ្នា​នៅ​សួន​ច្បារ​ក្បែរ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ និង​ទាមទារ​រក​យុត្តិធម៌​ដល់​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ នាង ប៉ែន សុគន្ធា នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

ក្នុង​ការ​ជួបជុំ​គ្នា​នោះ​ពួកគេ​បាន​ស្មិងស្មាធិ៍​រំលឹក​វិញ្ញាណក្ខន្ធ អុជ​ទៀន​ធូប សរសេរ​សារ​ដែល​មាន​ន័យ​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​អ្នក​រក​ស៊ី​ផ្លូវ និង​ច្រៀង​ចម្រៀង​ពី​ជីវិត​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ៖ «សំឡេង​ចម្រៀង»។

ស្រប​គ្នា​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​រំពឹង​ដែរ​ថា អាជ្ញាធរ​នឹង​អាច​ស្វែង​រក​យុត្តិធម៌​សម្រាប់​រូប​នាង ប៉ែន សុគន្ធា។

ស្ត្រី​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​លើក​ឡើង​ថា ពួកគាត់​ប្រកប​របរ​នេះ​ក៏​ព្រោះ​តែ​គ្មាន​ជម្រើស និង​ដើម្បី​តែ​គ្រួសារ។ ស្ត្រី​រូប​នេះ​បន្ត​ថា​នាង ប៉ែន សុគន្ធា គួរ​តែ​ទទួល​បាន​យុត្តិធម៌៖ «ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​អាច​ជួយ​រក​ដំណោះ​ស្រាយ​អោយ​ដល់​ពួក​ខ្ញុំ​ផង សុំ​អោយ​តែ​គាត់​រក​យុត្តិធម៌​អោយ ហើយ​ពួក​ខ្ញុំ​ចង់​បាន​សិទ្ធិ ព្រោះ​ពួក​ខ្ញុំ​​​ជា​មនុស្ស ខ្ញុំ​ក៏​ចង់​បាន​សិទ្ធិ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ»

កាល​ពី​ខែ​មករា អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ស្នើ​ទៅ​ក្រសួង​ចំនួន​៣ គឺ​ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ និង​ក្រសួង​កិច្ចការ​នារី អោយ​ជួយ​រក​យុត្តិ​ធម៌​ដល់​នាង​ ប៉ែន សុគន្ធា។ ក្រសួង​យុត្តិធម៌​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ប្រាប់​អាស៊ីសេរី តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) កាល​ពី​ខែ​កុម្ភៈ ថា ស្ថាប័ន​លោក​កំពុង​ពិនិត្យ និង​ចាត់​ការ​លើ​សំណុំ​ឯកសារ​ទាំង​នេះ។

ចំពោះ​អ្នក​រៀបចំ​កម្មវិធី អ្នកស្រី ចាន់ សោភ័ណ្ឌ ​វិញ​អះអាង​ថា នឹង​តាមដាន​ចំណាត់​ការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ករណី​នេះ៖ «ការ​ទាមទារ​យុត្តិធម៌​សម្រាប់​បង ប៉ែន សុគន្ធា គឺ​យើង​នៅ​តែ​ធ្វើ ព្រោះ​ ករណី​អត់​ទាន់​បាន​បំភ្លឺ​នៅ​ឡើយ​ទេ ហើយ​យើង​បាន​តាម​ដាន​ជាមួយ​បណ្ដា​ក្រសួង​ពាក់ព័ន្ធ និង​ក្រសួង​កិច្ចការ​នារី​ពី​ករណី​មួយ​នេះ»

ក្រុម​ស្ត្រី​ដែល​ចូល​រួម​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ នាង ប៉ែន សុគន្ធា នាំ​គ្នា​ជិះ​ទូក​ហែ​នាំ​យក​ផ្កា ទៀន ធូប និង​ប្រទីប​ទៅ​បណ្ដែត​នៅ​កណ្ដាល​ទន្លេសាប ដោយ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​នាង។

ក្រៅ​ពី​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ និង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​នាង ប៉ែន សុគន្ធា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ និង​សាធារណជន​អោយ​បញ្ឈប់​ការ​រើសអើង និង​រំលោភ​សិទ្ធិ​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។