សេចក្ដីប្រកាសព័ត៌មានរួម នៅថ្ងៃទី២១ វិច្ឆិកា របស់អង្គការ៤គឺមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលីកាដូ (Licadho) ប្រកាសថា និទ្ទណ្ឌភាពនៅកម្ពុជា នៅតែជាបញ្ហាធំក្នុងការពង្រឹងនីតិរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានយុត្តិធម៌។
សេចក្ដីប្រកាសព័ត៌មាននេះ ឲ្យដឹងថា របាយការណ៍ថ្មីបង្ហាញថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងអំពើហិង្សាកើនឡើង ដើម្បីបំបិទមាត់សកម្មជន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ។ សេចក្ដីប្រកាសព័ត៌មាន បានអំពាវនាវឲ្យជនរងគ្រោះ ឬគ្រួសារជនរងគ្រោះ ដែលមិនទាន់ទទួលយុត្តិធម៌ចូលរួមពិធីនេះ។
ទោះយ៉ាងណា ពិធីនេះត្រូវបានសាលារាជធានីបដិសេធមិនឲ្យធ្វើ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់នៅថ្ងៃទី២១ វិច្ឆិកា ថា មូលហេតុដែលសាលារាជធានីមិនអនុញ្ញាតព្រោះថា ពិធីនេះនាំឲ្យកកស្ទះចរាចរណ៍ ព្រោះទីតាំងនៅពហុកីឡាដ្ឋានជាតិជាចំណុចកណ្ដាលរាជធានីភ្នំពេញ និងជាតំបន់ពាណិជ្ជកម្មច្រើន មានចរាចរណ៍ទៅមកច្រើន ជាពិសេសពេលរសៀល និងពេលយប់ចំម៉ោងដែលអង្គការរៀបចំពិធីនេះតែម្ដង។ លោក ឡុង ឌីម៉ង់ បន្ថែមថា សាលារាជធានីបានសុំឲ្យអង្គការធ្វើពិធីនេះបាននៅតាមការិយាល័យរបស់ខ្លួនជំនួសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
