សហគមន៍ដីធ្លី សហជីព និងអង្គការសង្គមស៊ីវិល លើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅតែមានកម្រិតទាប និងបែងចែកគម្លាតរវាងអ្នកមាន និងអ្នកក្រនៅឡើយ។ ទន្ទឹមគ្នានេះ បណ្ដាអ្នកពាក់ព័ន្ធនឹងលើកយកប្រធានបទ "យុត្តិធម៌សង្គម" ដើម្បីរៀបចំទិវាសិទ្ធិមនុស្ស ១០ ធ្នូ នៅកម្ពុជា ឆ្នាំនេះ។
ប្រជាសហគមន៍ សហជីព និងអង្គការក្រៅរដ្ឋាភិបាល ដែលនឹងចូលរួមហែក្បូនប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំនេះ ចង់ឲ្យរដ្ឋាភិបាលបញ្ចប់ភាពអយុត្តិធម៌ក្នុងសង្គម។
ការលើកឡើងនេះ ខណៈទិវាសិទ្ធិមនុស្សអន្តរជាតិនៅឆ្នាំនេះ នឹងផ្ដោតលើប្រធានបទ "យុត្តិធម៌សង្គម" ដោយគ្រោងមានអ្នកចូលរួមប្រមាណជាង ៣.០០០នាក់ ព្រមទាំងមានការដង្ហែក្បួនដាក់ញត្តិ និងផ្សព្វផ្សាយពីសិទ្ធិមនុស្សទៅកាន់រដ្ឋសភា និងក្រសួងយុត្តិធម៌។
អ្នករៀបចំកម្មវិធីសិទ្ធិមនុស្ស ១០ ធ្នូ និងជាប្រធានសហព័ន្ធចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែធ្នូ ថា ពលរដ្ឋកម្ពុជា នៅតែមិនទាន់ទទួលបានយុត្តិធម៌សង្គមស្មើគ្នានៅឡើយ។ លោកថា បញ្ហានេះបានធ្វើឲ្យពលរដ្ឋកម្ពុជា នៅតែមិនទាន់ទទួលបានសិទ្ធិសេរីភាពពេញលេញ ហេតុនេះទើបលើកយកប្រធានបទ "យុត្តិធម៌សង្គម" ជាប្រធានបទស្នូល ដើម្បីធានានូវប្រសិទ្ធភាព និងរកយុត្តិធម៌ជូនជនរងគ្រោះ ដើម្បីបញ្ចៀសនូវវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា៖ «ចង់ឲ្យប្រទេសកម្ពុជា ជាប្រទេសនីតិរដ្ឋពិតប្រាកដ យកច្បាប់ជាមូលដ្ឋាន មិនមែនច្បាប់ឋិតតែនៅលើបបូរមាត់អ្នកមានអំណាច ឬអ្នកនយោបាយនោះទេ ហើយអ្វីដែលយើងផ្តោតសំខាន់លើបញ្ហាយុត្តិធម៌»។
តំណាងសហគមន៍បឹងកក់ លោកស្រី ទេព វន្នី បានលើកឡើងដែរថា សហគមន៍ដីធ្លីនៅកម្ពុជា នៅតែទទួលរងភាពអយុត្តិធម៌សង្គម ទាំងការបណ្ដេញចេញដោយបង្ខំ ការប្រើហិង្សា ការចាប់ដាក់ពន្ធនាគារជាដើម។ ហេតុនេះ ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំនេះ សហគមន៍ដីធ្លីនៅកម្ពុជា ទាំងអស់ទាមទារឲ្យរដ្ឋាភិបាលធ្វើការអភិវឌ្ឍប្រកបដោយតម្លាភាព ការគោរពសិទ្ធិមនុស្សដើម្បីបញ្ចៀសភាពអយុត្តិធម៌សង្គមដែលរារាំងសិទ្ធិសេរីភាពនៅកម្ពុជា៖ «យើងជំរុញឲ្យក្រសួងយុត្តិធម៌ អនុវត្តការគោរពច្បាប់ឲ្យបានច្បាស់លាស់ក្នុងការផ្លាស់ប្ដូរប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសផ្ដល់យុត្តិធម៌ពិតប្រាកដដល់ពលរដ្ឋ»។
អ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ ទទួលបានលិខិត និងសេចក្ដីជូនដំណឹងពីការប្រារព្ធទិវានេះ ប៉ុន្តែសាលារាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យមានការហែក្បូនតាមដងវិថីណាមួយនោះទេ។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ការមិនអនុញ្ញាតឲ្យដង្ហែក្បូន គឺដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងរឹតបន្តឹងសន្តិសុខកិច្ចប្រជុំមហាសន្និបាតតំបន់អាស៊ី។ ប៉ុន្តែលោកថា សាលារាជធានីភ្នំពេញ នឹងជួបពិភាក្សាជាមួយអ្នករៀបចំកម្មវិធីនៅក្នុងសប្ដាហ៍នេះ៖ «យើងនឹងមិនប្រាកដឲ្យមានការដង្ហែក្បួននោះទេ ព្រោះចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១២ គឺកម្ពុជា យើងនឹងមានកិច្ចប្រជុំមហាសន្និបាតតំបន់អាស៊ីដែលទាមទារឲ្យមានការ រឹត បន្តឹងសន្តិសុខ និងសណ្ដាប់ធ្នាប់កាន់តែខ្លះ»។
ទោះជាសាលារាជធានីភ្នំពេញ មិនទាន់អនុញ្ញាតប្រារព្ធពិធីនេះក្ដី ប៉ុន្តែអ្នករៀបចំកម្មវិធីអះអាងថា ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នឹងប្រារព្ធទិវានេះដដែល។ អ្នកចូលរួមក្នុងទិវានេះ មានអង្គការសង្គមស៊ីវិល យុវជន ប្រជាសហគមន៍ និងព្រះសង្ឃប្រមាណជាង ៣ពាន់នាក់ មកពី ១៦ខេត្ត/ក្រុង គ្រោងជួបជុំគ្នានៅកន្លែង ៣ផ្សេងគ្នា នៅថ្ងៃទី១០ ខែធ្នូ នោះ រួមមាននៅមុខរោងកុនចេនឡា សួនច្បារមុខវិទ្យាល័យវត្តភ្នំ និងមុខព្រឹទ្ធសភា ហើយធ្វើការហែក្បួនផ្សព្វផ្សាយពីសិទ្ធិមនុស្សឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ និងរដ្ឋសភាដើម្បីផ្ញើសារទៅរាជរដ្ឋាភិបាល ពិសេសជំរុញឲ្យគោរពសិទ្ធិមនុស្ស និងលុបបំបាត់អយុត្តិធម៌នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
