អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) អង្គការបង្កើនសមត្ថភាពសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCD) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅថ្ងៃទី១៩ ខែកុម្ភៈ បានប្រតិកម្មទៅនឹងសេចក្ដីណែនាំរបស់សាលាខេត្តកំពង់ឆ្នាំង ទាក់ទងនឹងការជួបជុំមហាជនជាសាធារណៈ។
សេចក្ដីប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ក្រុមសង្គមស៊ីវិលមួយចំនួនជួបជជែកគ្នាក្រោយពីទទួលបានសេចក្ដីណែនាំនេះភ្លាម។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលទាំងបី បានមានប្រសាសន៍ថា បេសកកម្មស្ថាប័នរបស់ខ្លួនភាគច្រើន គឺផ្ដោតលើវិស័យសិទ្ធិមនុស្ស និងតស៊ូមតិ។ មន្ត្រីទាំងនោះបញ្ជាក់ថា សេចក្ដីណែនាំនេះ ធ្វើឡើងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដែលនិយាយអំពីសេរីភាពជួបជុំ និងបញ្ចេញមតិ និងអាចធ្វើឲ្យប៉ះពាល់ដល់ការងាររបស់សង្គមស៊ីវិលនៅតាមមូលដ្ឋានផងដែរ។
សេចក្ដីណែនាំរបស់សាលាខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី៦ កុម្ភៈ ដែលមានហត្ថលេខារបស់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន មានខ្លឹមសារថា ក្រោយពេលដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានមេខ្លោងកម្លាំងអនាធិបតេយ្យក្នុងពេលថ្មីៗ បានធ្វើឲ្យស្ថានការណ៍សន្តិសុខនៅកម្ពុជា និងខេត្តកំពង់ឆ្នាំង មានភាពល្អប្រសើរឡើងវិញ។
ដើម្បីរក្សាបាននូវសន្តិសុខល្អនេះ គណៈបញ្ជាការនិងអាជ្ញាធរ សូមធ្វើការណែនាំដល់គណបក្សនយោបាយ អង្គការសហជីព អង្គការ និងសមាគមនានាចំនួន ៣ចំណុច៖
ទី១ រាល់ការជួបជុំក្នុងរូបភាពបែបណាក៏ដោយ ត្រូវសុំច្បាប់ពីរដ្ឋបាលសាលាខេត្តឲ្យបាន ៧ថ្ងៃមុន។ ទី២ ក្រោយពីទទួលបានច្បាប់អនុញ្ញាតពីរដ្ឋបាលសាលាខេត្តហើយ សមត្ថកិច្ចនឹងកោះហៅសាមីអង្គភាពទៅពិភាក្សារកនីតិវិធី ដើម្បីឲ្យការជួបប្រជុំនោះប្រព្រឹត្តទៅដោយរលូន និងម៉ត់ចត់ និងទី៣ រាល់ការជួបជុំដោយមិនបានសុំច្បាប់ពីរដ្ឋបាលសាលាខេត្តនោះ សមត្ថកិច្ចនឹងចាត់វិធានការជាក់ស្ដែង ហើយសាមីអង្គភាពជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន និងអ្នកនាំពាក្យរបស់សាលាខេត្ត អ្នកស្រី ដោក សុធា ដើម្បីឆ្លើយតបទៅនឹងប្រតិកម្មរបស់សង្គមស៊ីវិលនេះបានទេ នៅថ្ងៃទី១៩ ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
